ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញកត្តា ២យ៉ាង ដែលខ្លួននឹងប្រកាសសង្គ្រាមជាមួយ លោកខាងលិច
តាមការចុះផ្សាយរបស់ RT អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បានបង្ហាញកត្តា២យ៉ាង ដែលរុស្ស៊ីអាចប្រកាសសង្គ្រាមជាមួយលោកខាងលិច នោះគឺបើសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តដាក់ទណ្ឌកម្ម និងកំណត់គោលដៅលើទ្រព្យសម្បត្តិរបស់រុស្ស៊ី។

ថ្លែងនៅឯវេទិកាច្បាប់អន្តរជាតិទីក្រុង St. Petersburg (SPILF) កាលពីថ្ងៃព្រហស្បតិ៍ទី២៧ខែមិថុនាឆ្នាំ២០២៤ អតីតប្រធានាធិបតីរុស្ស៊ីរូបនេះ ព្រមានថា កត្តាទាំង២យ៉ាងនេះ អាចចាត់ទុកថាជាសកម្មភាពឈ្លានពាននិងជាហេតុផលសម្រាប់ការប្រកាសសង្គ្រាម។
លោក Medvedev ប្រាប់កិច្ចប្រជុំ SPILF ថា “ការរឹបអូសទ្រព្យសម្បត្តិរដ្ឋ អាចជារឿងសមហេតុផលក្នុងកាលៈទេសៈជាក់លាក់ ដែលអាចចាត់ទុកជាទង្វើឈ្លានពាន ហើយថែមទាំងអាចចាត់ទុកថាជាមូលហេតុដើម្បីប្រកាសសង្គ្រាមបានទៀតផង។ គ្មានប្រទេសណាមួយមានសុវត្ថិភាពពីការរឹបអូសទ្រព្យសម្បត្តិរបស់ខ្លួនឡើយ។ ឧទាហរណ៍ អាហ្វហ្គានីស្ថាន វ៉េណេស៊ុយអេឡា និងអ៊ីរ៉ង់សុទ្ធតែត្រូវអាមេរិករឹបអូសយកមូលនិធិរបស់ពួកគេ មុនពេលលោកខាងលិចងាកមករុស្ស៊ី។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បានបង្កកទ្រព្យសម្បត្តិអធិបតេយ្យរុស្ស៊ីប្រមាណ៣០០ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ដោយចោទទីក្រុងមូស្គូថា ឈ្លានពានអ៊ុយក្រែន ហើយបច្ចុប្បន្ន EU ថែមទាំងយល់ព្រម ប្រគល់ប្រាក់នោះខ្លះយកទៅជួយអ៊ុយក្រែន ទៀតផង។
នេះមិនមែនជារឿងថ្មីឡើយដែលលោក Medvedev ព្រមានអំពីសង្គ្រាម, ជាក់ស្តែងកាលពីខែមុន លោកក៏គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ផងដែរ ប្រសិនបើសហរដ្ឋអាមេរិក ហ៊ានវាយប្រហារចំគោលដៅរុស្ស៊ីណាមួយនៅក្នុងប្រទេសអ៊ុយក្រែន។

លោកព្រមានបែបនេះ ដើម្បីឆ្លើយតបទៅរដ្ឋមន្ត្រីការបរទេសប៉ូឡូញ Radoslaw Sikorski ដែលអះអាងថា ទីក្រុងវ៉ាស៊ីនតោននឹងវាយប្រហារគោលដៅទាំងនោះ ប្រសិនបើរុស្ស៊ី ប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនមែន។
មិនត្រឹមប៉ុណ្ណឹង កាលពីឆ្នាំមុន អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីរូបនេះក៏គំរាមដែរថា លោកខាងលិច កំពុងរុញពិភពលោកឲ្យខិតទៅជិតជម្លោះសកល ដែលមិនធ្លាប់ឃើញសោះ ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារការផ្គត់ផ្គង់អាវុធធុនធ្ងន់ដល់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ប្រកាសបញ្ឆេះសង្គ្រាមលោក បើអាមេរិក វាយប្រហារគោលដៅរបស់ខ្លួន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


