ព័ត៌មានអន្ដរជាតិ
UN ៖៨៦ភាគរយនៃតំបន់ហ្គាហ្សាឥឡូវនេះស្ថិតនៅក្រោមការបញ្ជាជម្លៀសរបស់អ៊ីស្រាអែល
អង្គការសហប្រជាជាតិបានឲ្យដឹងថា ៨៦ភាគរយនៃតំបន់ហ្គាហ្សាឥឡូវនេះស្ថិតនៅក្រោមការបញ្ជាជម្លៀសរបស់អ៊ីស្រាអែល ខណៈការវាយប្រហារចុងក្រោយ បានសម្លាប់ប្រជាជនប៉ាឡេស្ទីន៣៣នាក់ទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី៣០ខែកក្កដានេះ។

ប្រធាន ទីភ្នាក់ងារអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) លោក Philippe Lazzarini បាននិយាយថា ៨៦ភាគរយនៃតំបន់ឡោមព័ទ្ធកំពុងស្ថិតនៅក្រោមការបញ្ជាជម្លៀសចេញដោយយោធាអ៊ីស្រាអែល។ ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់បានភៀសខ្លួនចេញពីជំរុំជនភៀសខ្លួន Bureij និង Nuseirat បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានចេញបញ្ជាឲ្យមានការជម្លៀសចេញជាថ្មីទៅកាន់តំបន់កណ្តាលហ្គាហ្សា បន្ទាប់មកទៅរ៉ាហ្វាហ៍ នៅជិតព្រំដែនប្រទេសអេហ្ស៊ីប។
ប្រជាជនភាគច្រើនផ្លាស់ទីលំនៅធ្វើដំណើរទៅកាន់ទីក្រុង Deir el-Balah ដែលសំបូរទៅដោយគ្រួសារផ្លាស់ទីលំនៅ ហើយមិនមានកន្លែង ឬធនធានគ្រប់គ្រាន់សម្រាប់ផ្តល់ជូនឱ្យអ្នកផ្តាស់ទីដ៏ច្រើននោះទេ។ លើសពីនេះ សាលារៀនដែលបានប្រែក្លាយទៅជាកន្លែងស្នាក់អាស្រ័យសម្រាប់ជនភៀសខ្លួនត្រូវបានកំណត់គោលដៅវាយប្រហារ ខណៈការវាយប្រហារលើសាលារៀនក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះបានធ្វើឱ្យបាត់ទំនុកចិត្តអំពីសុវត្ថិភាពដែលនៅសេសសល់របស់ប្រជាជនប៉ាឡេស្ទីន និងបានរុញច្រានប្រជាជនឱ្យចូលទៅក្នុងការផ្លាស់ទីលំនៅដោយបង្ខំបន្ថែមទៀត ដោយរកទីកន្លែងសុវត្ថិភាពគ្នា។

ទន្ទឹមនឹងនេះដែរ មនុស្សយ៉ាងហោចណាស់បីនាក់ត្រូវបានសម្លាប់ និងផ្សេងទៀតបានរងរបួស នៅពេលដែលកងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅតំបន់ al-Mawasi ដែលជាតំបន់មួយនៅភាគខាងត្បូងហ្គាហ្សា ដែលពីមុនបានប្រកាសជា «តំបន់សុវត្ថិភាព» ដោយភាគីអ៊ីស្រាអែល។ ជនជាតិប៉ាឡេស្ទីន៣៣នាក់ត្រូវបានសម្លាប់កាលពីថ្ងៃចន្ទនៅទូទាំងតំបន់នេះ ខណៈដែលការស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំមុន ត្រូវបានរាយការណ៍ថា មានចំនួន ៣៩,៣៦៣ នាក់ និងរងរបួសជាង ៩ម៉ឺននាក់ផ្សេងទៀត។
លើសពីនេះ ការវាយលុករបស់អ៊ីស្រាអែលមិនឈប់ឈរក៏បានធ្វើឱ្យភាពអាសន្នផ្នែកសុខភាពកាន់តែអាក្រក់នៃប្រជាជនតំបន់ហ្គាហ្សា ដោយក្រសួងសុខាភិបាលប៉ាឡេស្ទីនកាលពីថ្ងៃចន្ទ បានប្រកាសថាវាជា«តំបន់ជំងឺគ្រុនស្វិតដៃជើង»។
អង្គការសុខភាពពិភពលោក (WHO) ក៏បានបញ្ជាក់អំពីការរីករាលដាលនៃមេរោគ polio ដែលគំរាមកំហែងដល់អាយុជីវិត។ មេរោគនេះត្រូវបានពិសោធន៍ឃើញនៅក្នុងសំណាកទឹកស្អុយដែលមាននៅគ្រប់ទីកន្លែង ចំពេលការផ្គត់ផ្គង់ទឹកស្អាតនៅតំបន់ហ្គាហ្សាដែលមានប្រជាជនច្រើនកំពុងប្រឈមនឹងហានិភ័យនៃការឆ្លងមេរោគដោយសារប្រជាជនប៉ាឡេស្ទីន បានរស់នៅក្នុងតង់បណ្តោះអាសន្ន ដោយគ្មានបន្ទប់ទឹក គ្មានអនាម័យ គ្មានអនាម័យ។ WHO ក៏កំពុងបញ្ជូនវ៉ាក់សាំងការពារជំងឺស្វិតដៃជើងជាងមួយលានដូសទៅកាន់តំបន់ហ្គាហ្សាដើម្បីការពារកុមារពីការឆ្លងសម្រាប់ការគ្រងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា អ៊ីស្រាអែលនិងក្រុមហាម៉ាស់បានធ្វើការស្តីបន្ទោសគ្នាចំពោះការខ្វះវឌ្ឍនភាពក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ និងដោះលែងចំណាប់ខ្មាំងនៅតំបន់ហ្គាហ្សាទោះបីជាមានការសម្របសម្រួលពីអន្តរជាតិក៏ដោយ។
ក្រុមហាម៉ាស់បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ពីការបន្ថែមលក្ខខណ្ឌ និងការទាមទារថ្មីចំពោះសំណើបទឈប់បាញ់ដែលគាំទ្រដោយសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ លោក Netanyahu បានបដិសេធមិនធ្វើការផ្លាស់ប្តូរណាមួយឡើយ ហើយបាននិយាយថា ក្រុមហាម៉ាសគឺជាអ្នកទទូចលើការផ្លាស់ប្តូរជាច្រើនចំពោះសំណើដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


