Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល និង​ហាម៉ាស យល់ព្រម​លើ​វិធី​ថ្មី​ក្នុង​ការ​ដោះដូរ​ចំណាប់ខ្មាំង ដើម្បី​កុំ​ឲ្យ​បទ​ឈប់បាញ់​បរាជ័យ

បានផុស

នៅ

មន្ត្រីអ៊ីស្រាអែល និងក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ​ទី​២៥​កុម្ភៈ​ថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីផ្លាស់ប្តូរសាកសពចំណាប់ខ្មាំង ជាមួយ​ការដោះលែងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់ ដោយរក្សាបទឈប់បាញ់ដ៏ផុយស្រួយរបស់ពួកគេយ៉ាងហោចណាស់​ឲ្យ​មាន​សុពលភាព​ពីរ​ទៅ​បី​ថ្ងៃទៀត មុន​ដំណាក់កាល​ទី​មួយ​ត្រូវ​បញ្ចប់​នៅ​ចុង​សប្ដាហ៍​នេះ។

(រូ​បថត៖ New York Times)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ៊ីស្រាអែល បានពន្យារពេលដោះលែងអ្នកទោសប៉ាឡេស្ទីនប្រមាណ ៦០០​នាក់ចាប់តាំងពីថ្ងៃសៅរ៍​សប្ដាហ៍​មុន ដើម្បីតវ៉ានឹងអ្វីដែលខ្លួននិយាយថា​ជា​ការធ្វើបាបចំណាប់ខ្មាំងយ៉ាងឃោរឃៅក្នុងអំឡុងពេលដោះលែងពួកគេដោយក្រុមហាម៉ាស។ ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស បាននិយាយថា ការពន្យារពេលនេះគឺជា «ការរំលោភយ៉ាងធ្ងន់ធ្ងរ» នៃបទឈប់បាញ់ ហើយថា ការចរចាលើដំណាក់កាលទីពីរគឺមិនអាចធ្វើទៅបានទេរហូតដល់​អ្នក​ទោស​ប៉ាឡេស្ទីន​ត្រូវបានដោះលែង។

ភាពជាប់គាំង​នេះ បានគំរាមកំហែងដល់ការដួលរលំ​នៃ​បទឈប់បាញ់ នៅពេលដែលកិច្ចព្រមព្រៀងដំណាក់កាលដំបូងរយៈពេលប្រាំមួយសប្តាហ៍​នឹងផុតកំណត់នៅចុងសប្តាហ៍នេះ។

ប៉ុន្តែកាលពីល្ងាចថ្ងៃអង្គារ ក្រុមហាម៉ាស បាន​ប្រាប់​ថា កិច្ចព្រមព្រៀងមួយត្រូវបានសម្រេច ដើម្បីដោះស្រាយជម្លោះ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគែរដោយគណៈប្រតិភូដែលដឹកនាំដោយ​លោក Khalil al-Hayya ដែលជាមន្ត្រីនយោបាយកំពូលនៅក្នុងក្រុមហាម៉ាស។

ការ​សម្រេច​បាន​នេះ ជួយ​សម្រួល​ដល់​ការ​ប្រគល់​​សាកសពចំណាប់ខ្មាំង​បួននាក់ និងអ្នកទោស​ប៉ាឡេស្ទីន​រាប់រយនាក់បន្ថែមទៀត ដែលគ្រោងនឹងដោះលែងនៅក្រោមបទឈប់បាញ់​បច្ចុប្បន្ន។

សេចក្តីថ្លែងការណ៍របស់ហាម៉ាស បានលើក​ឡើង​ថា អ្នកទោសពីមុន​ដែល​ត្រូវ​បានកំណត់សម្រាប់ការដោះលែង «នឹងត្រូវបានដោះលែងក្នុងពេលដំណាលគ្នាជាមួយនឹងសាកសពអ្នកទោសអ៊ីស្រាអែលដែលត្រូវបានយល់ព្រមប្រគល់​ឲ្យ» រួមជាមួយនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីនថ្មីមួយក្រុម​ទៀត។

​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អ៊ីស្រាអែល​ បាន​និយាយ​ថា​ ការ​ដោះដូរ​អាច​នឹង​ធ្វើ​ឡើង​ភ្លាមៗ​នៅ​ថ្ងៃ​ពុធ។ វិបសាយ​ព័ត៌មាន Ynet បានផ្សាយ​ថា សាកសព​ចំណាប់ខ្មាំង​របស់អ៊ីស្រាអែល នឹងត្រូវប្រគល់ទៅ​ឲ្យ​អាជ្ញាធរអេហ្ស៊ីប ដោយមិនរៀបចំ​ពិធីសាធារណៈណាមួយឡើយ។

(រូបថត៖ Reuters)

សូម​បញ្ជាក់​ថា ក្រុមហាម៉ាស បានដោះលែងចំណាប់ខ្មាំង និងសាកសពចំណាប់ខ្មាំងបួននាក់ នៅក្នុងពិធីសាធារណៈដ៏ធំ​មួយ ខណៈ​ចំណាប់ខ្មាំង​​អ៊ីស្រាអែល​ត្រូវបាន​ដាក់​ឲ្យ​ដង្ហែរក្បួន និងត្រូវ​គេ​បង្ខំ​ឲ្យ​រាដៃ​​ទៅកាន់​ហ្វូង​មនុស្សយ៉ាងច្រើន។ អ៊ីស្រាអែល រួមជាមួយនឹងមន្ត្រីកាកបាទក្រហម និងអង្គការសហប្រជាជាតិ បាននិយាយថា ពិធីនេះ ​ជា​ការ​ធ្វើ​ឲ្យ​ចំណាប់ខ្មាំង​អាម៉ាស​មុខ ហើយអ៊ីស្រាអែលកាលពីចុងសប្តាហ៍មុនក៏​បានពន្យារពេលការដោះលែងអ្នកទោស​ប៉ាឡេស្ទីន។

ដំណាក់កាលដំបូងនៃបទឈប់បាញ់​រវាង​ក្រុម​ហាម៉ាស និង​អ៊ីស្រាអែល បាន​ចែង​ពី​ការ​ប្រគល់ចំណាប់ខ្មាំង ៣៣​នាក់ ក្នុង​នោះ​មាន​ទាំង​សាកសព​៨​នាក់ ជាថ្នូរនឹង​ការ​ដោះលែង​អ្នកទោសប៉ាឡេស្ទីនជិត ២ ០០០​នាក់។

ការប្រយុទ្ធគ្នាយ៉ាងសាហាវ​រវាង​ហាម៉ាស និង​អ៊ីស្រាអែល ដែល​មាន​រយៈពេល ១៥​ខែ បានផ្ទុះឡើងបន្ទាប់ពី​ការវាយប្រហារ​របស់ពួកហាម៉ាសកាលពីថ្ងៃទី​៧​ខែតុលា​ឆ្នាំ​២០២៣ ដែលបានសម្លាប់មនុស្សប្រហែល ១ ២០០​នាក់នៅអ៊ីស្រាអែល និងបានចាប់មនុស្សប្រហែល ២៥០​នាក់ធ្វើជាចំណាប់ខ្មាំង។

ប្រតិបត្តិការ​សងសឹក​របស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤៨ ០០០​នាក់ ខណៈ​ប្រជាជន​ប៉ាឡេស្ទីន​ក្នុង​តំបន់​ហ្គាហ្សា​​​ប្រមាណ ៩០% បានផ្លាស់ទីលំនៅ។ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស មិន​បាន​បែងចែក​ចំនួន​អ្នក​ស្លាប់​ថា​​តើ​មាន​​ជនស៊ីវិល និងក្រុមសកម្មប្រយុទ្ធ​ប៉ុន្មាន​នោះទេ គ្រាន់​​​បញ្ជាក់​ថា​ជាងពាក់កណ្តាលនៃអ្នកស្លាប់គឺជាស្ត្រី និងកុមារ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៥ វិនាទី មុន

រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ

សេចក្ដីជូនដំណឹង៥ នាទីutes មុន

សេចក្ដីជូនដំណឹង ស្ដីពីការចូលរួមការដាក់ពិគ្រោះថ្លៃ, ការផ្គត់ផ្គង់សម្ភារៈការិយាល័យ, ការផ្គត់ផ្គង់សម្ភារៈសម្អាត និងការផ្គត់ផ្គង់ប្រេងឥន្ធនៈ ជូនមន្ទីរពេទ្យកុមារជាតិ សម្រាប់ឆ្នាំ២០២៥

សេដ្ឋកិច្ច៦ នាទីutes មុន

កម្ពុជាបើកការចរចាទ្វេភាគី ជុំវិញការដំឡើងពន្ធលើទំនិញនាំចូលទៅអាមេរិក

កីឡា៩ នាទីutes មុន

ទីបំផុតរកឃើញក្រុមខ្លាំង ៤ ជួបគ្នាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ UCL ជាផ្លូវការ

ព័ត៌មានជាតិ១០ នាទីutes មុន

ជាង ២០ ថ្ងៃ ពលករ ពលការិនី និស្សិត និងពលរដ្ឋខ្មែរ ជាង ១ ម៉ឺននាក់ ចូលរួមអបអរសាទរ “សង្ក្រាន្តខ្មែរនៅសាធារណរដ្ឋកូរ៉េ”

Sokha Hotels

ព័ត៌មានពេញនិយម