ព័ត៌មានអន្ដរជាតិ
បារាំង ប្រឆាំងការរំលាយកងទ័ពអ៊ុយក្រែន ក្រោយបទឈប់បាញ់
រដ្ឋមន្ត្រីការពារជាតិបារាំងលោក Sébastien Lecornu បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា បារាំងនឹងប្រឆាំងរាល់ «ការរំលាយកងទ័ពអ៊ុយក្រែន» ក្រោយបទឈប់បាញ់ ដោយសង្កត់ធ្ងន់ថា យោធាអ៊ុយក្រែនដ៏រឹងមាំគឺចាំបាច់សម្រាប់សន្តិសុខរបស់ប្រទេស។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងការជួបជុំដ៏កម្រមួយក្នុងទីក្រុងប៉ារីសកាលពីថ្ងៃទី១១ខែមីនា ដែលជាកន្លែងមេបញ្ជាការការពារជាតិជាង ៣០រូបមកពីអង្គការណាតូ រដ្ឋសមាជិកសហភាពអឺរ៉ុប ជប៉ុន និងអូស្ត្រាលី បានជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីជម្លោះដែលកំពុងកើតឡើងនៅអ៊ុយក្រែន។
កិច្ចប្រជុំនេះមិនរាប់បញ្ចូលវត្តមានសមភាគីអាមេរិកឡើយ ហើយវាបានឆ្លុះបញ្ចាំងពីការព្រួយបារម្ភអំពីជំហរដែលមិនអាចទាយទុកជាមុនបានរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងទំនាក់ទំនងនាពេលថ្មីៗនេះជាមួយទីក្រុងមូស្គូ។ ការពិភាក្សាបានផ្តោតលើយុទ្ធសាស្ត្រដើម្បីធានាសន្តិសុខរបស់អ៊ុយក្រែនក្រោយបទឈប់បាញ់ ការរក្សាកម្លាំងយោធារបស់ទីក្រុងកៀវ និងការស្វែងយល់ពីសក្តានុពលនៃការដាក់ពង្រាយកងកម្លាំងរក្សាសន្តិភាពអឺរ៉ុប។
រដ្ឋមន្ត្រីការពារជាតិបារាំង បាននិយាយថា៖ «ខ្ញុំសូមបញ្ជាក់ម្តងទៀតនៅទីនេះនៅចំពោះមុខសារព័ត៌មាន។ សន្តិសុខរបស់អ៊ុយក្រែនត្រូវតែមកមុន។ យើងបដិសេធនូវរាល់ការរំលាយកងកម្លាំងអ៊ុយក្រែន»។ លោក Lecornu បានបន្ថែមថា កងទ័ពអ៊ុយក្រែន គឺជាការធានាសន្តិសុខដ៏សំខាន់។
ចំណែកឯប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏បានគាំទ្រគំនិតនេះផងដែរ ដោយចាត់ទុកការទាមទាររបស់រុស្ស៊ីចំពោះការរំលាយវត្តមានយោធារបស់អ៊ុយក្រែនថាជារឿងដែលមិនអាចទទួលយកបាន។ លោកបានគូសបញ្ជាក់ថា លក្ខខណ្ឌបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់អ៊ុយក្រែន និងមិនអាចអត់ឱនបានសម្រាប់ទាំងអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ពួកគេ។

គួរបញ្ជាក់ថា នៅគ្រាដំបូងនៃការឈ្លានពានពេញលេញរបស់ខ្លួន រុស្ស៊ីបានទាមទារឲ្យអ៊ុយក្រែនកាត់បន្ថយកងទ័ពឲ្យនៅសល់ត្រឹម ៥០ ០០០នាក់។ ទន្ទឹមនោះ ទីក្រុងមូស្គូ ក៏បានឲ្យទីក្រុងកៀវ «មិនត្រូវអភិវឌ្ឍ ផលិត ទិញ ឬដាក់ពង្រាយអាវុធមីស៊ីលគ្រប់ប្រភេទ ដែលមានរយៈចម្ងាយឆ្ងាយជាង ២៥០គីឡូម៉ែត្រនៅលើទឹកដីរបស់ខ្លួន»។
អ៊ុយក្រែន បានបញ្ជាក់ម្តងហើយម្តងទៀតពីតម្រូវការធានាសន្តិសុខក្នុងព្រឹត្តិការណ៍បទឈប់បាញ់ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ពីមុនបានសង្កត់ធ្ងន់ពីតម្រូវការសម្រាប់កងទ័ពចំនួន ១,៥លាននាក់ ប្រសិនបើអ៊ុយក្រែនមិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងអង្គការណាតូ។ យោងតាមលោក ហ្សេលេនស្គី កងទ័ពអ៊ុយក្រែនបច្ចុប្បន្នមានចំនួន ៨៨០ ០០០នាក់ ច្រើនជាងគេបំផុតនៅអឺរ៉ុប៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?