Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ចុះ​កិច្ច​ព្រម​ព្រៀង​រហូត​ដល់​១១៣​​ ​ពង្រឹងឥទ្ធិពល​តំបន់​​ខ្លាំង​មិនធ្លាប់​មាន​ ខណៈ​អាមេរិក​បង្កអរិភាព​

បានផុស

នៅ

​​​​​ប្រធានាធិបតី​ចិន ស៊ី ជីនពីង បញ្ជប់​ទស្សនកិច្ច​​នៅអាស៊ី​អាគ្នេយ៍​​​រយៈពេល​៥ថ្ងៃ ដែល​ជាទស្សនកិច្ច​ជោគជ័យ​បំផុត​ក្នុង​ទំនាក់​ទំនង​​ការទូត​​​ដែល​មហា​យក្ស​ចិន​បាន​ធ្វើ​ជាមួយ​បណ្តា​ប្រទេស៣​ក្នុង​​​តំបន់​អាស៊ាន​​​ ខណៈ​ពេលដែល​សហរដ្ឋ​អាមេរិក​​បាន​ធ្វើ​សកម្ម​​ភាព​អរិភាព​​​​​​​​ជាមួយ​មហា​យក្ស​ចិន និង​បង្ក​ភាព​មិនច្បាស់​លាស់​ជាមួយ​បណ្តា​ប្រទេសផ្សេង​ៗ​ទៀត​​ជុំវិញសាកលលោក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភាពជោគជ័យ​​​​​​ក្នុងដំណើរ​ទស្សនកិច្ច​​របស់​ប្រធានាធិបតីចិនឆ្លុះ​បញ្ជាំង​​ឲ្យ​ឃើញ តាម​រយៈ​​ការ​ចុះ​ហត្ថលេខា​​លើ​កិច្ច​ព្រមព្រៀង​រហូតដល់​១១៣​កិច្ចព្រមព្រៀង ក្នុង​នោះ​កិច្ចព្រម​ព្រៀង​៤៥​​ជាមួយ​ប្រទេសវៀតណាម ៣១​ជាមួយ​ប្រទេស​​ម៉ាឡេស៊ី និង​៣៧​ជាមួយ​ប្រទេសកម្ពុជា។

​​​ខុស​ពី​ដំណើរ​ទស្សនកិច្ច​មុនៗ​ដែលញាំញីដោយ​ការ​បរិយាយ​រិះគន់​ ការ​ប្រឈមរវាង​ប្រទេស​ចិន​និង​បណ្តាញ​ប្រទេស​ក្នុងតំបន់​អាស៊ាន ជាពិសេស​​ជាមួយ​ប្រទេសចិន​ដែល​​មាន​ជម្លោះរ៉ាំ​រ៉ៃក្នុង​​​វិវាទ​ដែន​កោះ​ក្នុង​សមុទ្រចិន​ខាងត្បូង។ ជាមួយ​ប្រទេសម៉ាឡេស៊ីវិញ ចិន​​ប្រឈម​ការរិះគន់​ចំពោះ​ការ​អនុវត្ត​គម្រោងផ្លូវដែក​ដែល​ខ្ចី​ទុន​​ហិរញ្ញវត្ថុ​ពី​ធនាគារនីហរ័ណ-អាហរ័ណ​​ចិន (Exim Bank)។ ​គម្រោង​ផ្លូវ​ដែក​នោះ​សាងសង់​ដោយ​ក្រុម​ហ៊ុនចិន​ប្រវែង​​៦៦៥​គីឡូម៉ែត្រ​ ហើយ​គ្រោង​បញ្ចប់ការសាង​​​សង់​នៅ៣ឆ្នាំខាង​មុខ ពោល​គឺ​​ឆ្នាំ​​២០២៨​។

មហាក្សត្រម៉ាឡេស៊ី Sultan Ibrahim Sultan Iskandar និង​​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី ​អាន់វ៉ា អ៊ីប្រាហ៊ីម ស្វាមគន៍​​ប្រធានាធិបតី​ចិន ស៊ីជីនពីង ក្នុងទស្សនកិច្ច​​ដែលធ្វើ​ឡើង​ក្រោយ​ជាង១ទសវត្សរ៍​។ Reuters

​ជាមួយ​ប្រទេស​កម្ពុជា​វិញ ​ប្រធានាធិបតី​​ចិន លោក ស៊ី​ ជីន​​ពីង បាន​ប្រកាស​​​ជាចំហ​​និង​គាំទ្រ​​កម្ពុជា​ក្នុង​​ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស​គឺ​ផ្តល់​កា​រគាំទ្រ​ដល់​​​គម្រោង​ព្រែក​ជីក​ ហ្វូណន់តេជោ ដែល​នឹង​ចាយ​លុយ​ជាង​១ពាន់​លាន​ដុល្លារ។ ​ការ​ជ្រុមជ្រែង​របស់​ចិន​លើ​គម្រោង​នានា​​របស់​ចិន​នៅកម្ពុជានាពេល​នេះ បាន​បញ្ចប់​ក្តី​ម​ន្ទិល​សង្ស័យ​ដែល​​​​ត្រូវបាន​​​អ្នក​និយម​បស្ចឹមប្រទេស​ធ្វើ​ជាហូរហែ​ក្នុងពេលកន្លងមក។​

ប្រធានាធិបតី​ចិន ស៊ី ជីនពីង ចាប់​ដៃ​ជាមួយ​​នាយករដ្ឋមន្ត្រី​កម្ពុជា ហ៊ុន ម៉ាណែត​ នៅ​វិមាន​សន្តិភាព​នៅថ្ងៃទី​១៧ខែ​មេសា​​២០២៥។ AKP/Reuters

​ក្នុងដំណើរ​ទស្សន​កិច្ច​​របស់​ប្រធានាធិបតី​ចិនលើក​នេះ ហាក់​​បាន​ទាញ​បង្វិល​​វិស័យ​​ទំនាក់ទំនង​​ទ្វេភាគី​​​ជាមួយ​វៀតណាម​​ឲ្យ​វិលស្ទើរ​១៨០​​ដីក្រេ ដូច្នោះ​ដែរ។ ​​ប្រទេសវៀតណាម ដែល​មាន​ភាព​ល្អូកល្អើន​ខ្លាំង​ជាមួយ​​សហរដ្ឋ​​អាមេរិក​ក្នុងជំនាន់​ប្រធានាធិបតី ចូ បៃដិន ក៏ដូច​ជា ជំនាន់​​អាណត្តិទី​១​របស់​លោក ដូណាល់ ត្រាំ ប៉ុន្តែ​​វៀតណាមក៏​ត្រូវ​​​ប្រឈម​​ការដាក់​ពន្ធ​​​បដិការ​ឡើង​ដល់​​​៤៦%​នៅ​​ខែ​​កក្កដា​ខាងមុខ​នេះ ក្រោម​អាណត្តិ​របស់​លោក ដូណាល់ ត្រាំ ដែលឡើង​កាន់​អំណាច​​ជិត​​​៩០​​ថ្ងៃ​នេះ​។

​​ជាការ​កត់សម្គាល់ ប្រឈម​​​​សង្គ្រាម​ពន្ធ​នាំចូល និង​សង្គ្រាម​ពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដូចគ្នា វៀតណាមនិង​ចិន​ បាន​​ងាក​មក​សហការ​គ្នា​យ៉ាង​ស្អិត​​ល្មួត​ ដោយខំ​បំភ្លេច​ជម្លោះ​ដ៏ស្រួច​ស្រាល​​​រវាងប្រទេស​ទាំង​​ដែលធ្លាប់​កើត​មាន​​ជាហូរហែ​​ក្នុង​ពេល​កន្លង​មក​រហូត​ដល់​​យ៉ាងហោ​ច​ណាស់​២០២៣ ជាពេល​ដែលចិន​បាន​បញ្ចេញផែន​​ឯកតោភាគី​ច្បាម​គ្របគ្រង​​​សមុទ្រចិន​ភាគខាងត្បូង​ស្ទើរទាំងអស់។

​ក្នុងសេចក្តីថ្លែង​ការណ៍​រួម​ដែលចេញ​ក្រោយ​ដំណើរទស្សនកិច្ច​​របស់​ប្រធានាធិបតីចិនទៅកាន់វៀតណាម​កាល​ថ្ងៃទី​១៥ខែមេសានេះ​​​ ចិន​​និង​វៀត​​​រំឭក​ឡើង​វិញ​ទៅរកទំនាក់​ទំនង​ដើម​​នៃ​ការ​បង្កើត​បក្ស​​កុម្មុយនិស្ត និង​រដ្ឋ​​​នៃ​ប្រទេសទាំងពីរ​កាល​ពី​ជិត​១០០​ឆ្នាំ​មុន ដោយ​លែង​ខ្វល់​​ពី​ជម្លោះ​​​កើត​ឡើង​ថ្មីៗ។

Vietnam’s Communist Party General Secretary To Lam and China’s President Xi Jinping wave during a meeting at the office of the Party Central Committee in Hanoi on April 14, 2025. NHAC NGUYEN/Pool via REUTERS

​ក្នុងសេចក្តី​ថ្លែងការណ៍​នោះ មាន​ចំណុច​១ បាន​ចែង​ថា៖​«មិនថាស្ថានភាពពិភពលោកប្រែប្រួលយ៉ាងណានោះទេ ភាគីទាំងពីរតែងតែ​​ប្រយុទ្ធ​ គាំទ្រគ្នាទៅវិញទៅមក ក្នុងការតស៊ូដើម្បីឯករាជ្យជាតិ និងរំដោះជាតិ រៀនសូត្រពីគ្នាទៅវិញទៅមក ហើយរួមគ្នាឆ្ពោះទៅរកផ្លូវសង្គមនិយមសមស្របនឹងស្ថានភាពនៃប្រទេសនីមួយៗ និងទំនើបភាវូបនីយកម្មដែលមានលក្ខណៈនៃប្រទេសនីមួយៗ»​។

សេចក្តី​ថ្លែងការណ៍ ក៏បាន​លើក​ឡើង​ដែរថា បក្ស រដ្ឋ និងប្រជាជនវៀតណាម តែងតែវាយតំលៃខ្ពស់ និង ស្រឡាញ់ ការគាំទ្រយ៉ាងខ្លាំងក្លារបស់បក្ស រដ្ឋ និងប្រជាជនចិន។ ភាគីទាំងពីរបានចែករំលែកទស្សនៈថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី «ទំនាក់ទំនងវៀតណាម-ចិនដ៏ជ្រាលជ្រៅ ទាំងសមមិត្ត និងបងប្អូន» ត្រូវបានកសាង និងចិញ្ចឹមបីបាច់ដោយប្រធាន ហូ ជីមិញ ប្រធានម៉ៅ សេទុង និងថ្នាក់ដឹកនាំជំនាន់មុនកាន់តែរឹងមាំ។ វាគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃដែលប្រជាជននៃប្រទេសទាំងពីរចែករំលែក ហើយចាំបាច់ត្រូវទទួលមរតក ការពារ និងផ្សព្វផ្សាយឱ្យបានល្អ។

មកដល់ពេលនេះ ទំនាក់ទំនងវៀតណាម-ចិនបានឈានចូលដំណាក់កាលថ្មីជាមួយ នោះ​គឺ​​ការជឿទុកចិត្តខាងនយោបាយកាន់តែខ្ពស់ កិច្ចសហប្រតិបត្តិការការពារ-សន្តិសុខកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងសំខាន់ មូលដ្ឋានគ្រឹះសង្គមរឹងមាំជាងមុន ការសម្របសម្រួលពហុភាគីកាន់តែជិតស្និទ្ធ ការគ្រប់គ្រង និងដោះស្រាយភាពខុសគ្នា។ កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសម្រេចបានលទ្ធផលដ៏អស្ចារ្យជាច្រើន នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ។

​ក្នុងដំណើរ​ទស្សនកិច្ច​នោះ ចិន​និង​វៀតណាម​បានឯកភាពពិចារណាលើការអភិវឌ្ឍន៍កម្លាំងផលិតភាពគុណភាពថ្មីរបស់ចិន និងការអភិវឌ្ឍន៍កម្លាំងផលិតកម្មថ្មីរបស់វៀតណាម ជាឱកាសដើម្បីកសាងរចនាសម្ព័ន្ធកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងទូលំទូលាយ។

ចិន​និង​វៀតណាម​នឹងពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការកិច្ចសហប្រតិបត្តិការតភ្ជាប់ក្របខ័ណ្ឌ «ច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ» ជាមួយនឹងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ»។ ផ្តល់អាទិភាពដល់ការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងផ្លូវដែក ផ្លូវល្បឿនលឿន និងហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន។

​ចិន​និង​វៀតណាម នឹងជំរុញតួនាទីរបស់គណៈកម្មាធិការចម្រុះវៀតណាម-ចិនលើកិច្ចសហប្រតិបត្តិការផ្លូវដែក អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាម និងរដ្ឋាភិបាលចិនស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងផ្លូវដែករង្វាស់ស្តង់ដារតភ្ជាប់វៀតណាម និងចិន ព្រមទាំងជំរុញការតភ្ជាប់ផ្លូវដែកតាមស្តង់ដារឆ្លងកាត់ព្រំដែន។ ចិនមានឆន្ទៈធ្វើការជាមួយវៀតណាម ដើម្បីសិក្សា និងពង្រាយកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស។

ភាគីទាំងពីរបានកោតសរសើរចំពោះការយល់ព្រមរបស់ចិនលើជំនួយបច្ចេកទេស (TA) ដើម្បីចាប់ផ្តើមការសិក្សាលទ្ធភាព (F/S) សម្រាប់ផ្លូវដែកស្ដង់ដារ ​ពី ​​Lao Cai ​របស់​ចិន​​ទៅ​កាន់​ទីក្រុង​ហាណូយ​​ទៅ​កាន់ ហៃផូង​(Hai Phong) ហើយបានយល់ព្រមអនុវត្តឆាប់ៗចំពី​ការសិក្សា​​​​លទ្ធភាព (F/S) ខិតខំចាប់ផ្តើមសាងសង់ក្នុងពេលឆាប់ៗនេះ។

​លើក​​ឆាក​អន្តរជាតិ​អន្តរជាតិវិញ វៀតណាមគាំទ្រចិនធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល APEC នៅឆ្នាំ២០២៦ ខណៈចិនគាំទ្រវៀតណាមធ្វើជាម្ចាស់ផ្ទះនៃ APEC នៅឆ្នាំ២០២៧។ ភាគីទាំងពីរបានសន្យាពង្រឹងការពិភាក្សា និងសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីធានាជោគជ័យនៃព្រឹត្តិការណ៍ទាំងនេះ។

សរុបមក​វិញ ខណៈ​ពេលដែល​​​សហរដ្ឋអាមេរិក​ដឹកនាំ​ដោយ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ បង្ក​អរិភាព​​ពន្ធ​និង​ពាណិជ្ជកម្ម​​នៅទូទាំង​ពិភពលោក ​ចិន​វិញ​បាន​បង្កើន​ឥទ្ធិពល​​របស់ខ្លួន​យ៉ាងខ្លាំង​ជាមួយ​បណ្តាប្រទេសណា​ក៏ដោយ សូម្បី​តែ​​​ប្រទេសជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ខ្លួន​ឯង។ ការណ៍​នេះ​បង្ហាញថា អាមេរិក​កាន់​តែ​ឯកោ​ខ្លាំង​ក្នុង​វិស័យ​ពាណិជ្ជកម្មដែលខ្លួន​ប្រកាស​ថា​ «​អ្នកគាំពារនិយម​» គិត​តែ​ប្រយោជន៍​ខ្លួន​ឯង​ជាសំខាន់​នោះ​៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម