Connect with us

ព័ត៌មានអន្ដរជាតិ

គណបក្ស​លោក Mark Carney ឈ្នះ​ការ​បោះឆ្នោត ក្លាយ​ជា​នាយករដ្ឋមន្ត្រី​​កាណាដា​ពេញសិទ្ធិ

បានផុស

នៅ

គណបក្សសេរីនិយមរបស់​លោក​នាយករដ្ឋមន្ត្រី Mark Carney បានឈ្នះការបោះឆ្នោត​​​​ជាតិ​​នៅ​ប្រទេសកាណាដា ដែល​ជ័យ​ជម្នះ​នេះ​​ធ្វើ​​ឲ្យ​លោក​បាន​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​ពេញ​សិទ្ធិ​បន្ត​តំណែង​ពី​លោក Justin Trudeau។

លោក Mark Carney (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Carney ដែលជាអតីតទេសាភិបាលធនាគារកាណាដា និងធនាគារកណ្តាលអង់គ្លេស បានក្លាយ​ជាអ្នកដឹកនាំគណបក្សសេរីនិយម បន្ទាប់ពីលោក Justin Trudeau លាលែងពីតំណែងកាលពីខែមករា។

ដំបូងឡើយ គណបក្សសេរីនិយម​របស់​លោក​បាន​ថម​ថយ​​សំឡេង​គាំទ្រ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​បាន​កើន​ឡើង​វិញ បន្ទាប់ពីប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធលើទំនិញកាណាដា ហើយបានស្នើថា កាណាដាគួរតែក្លាយជារដ្ឋទី​៥១​របស់សហរដ្ឋអាមេរិក ដែលជាសំណើរង​ការថ្កោលទោសយ៉ាងខ្លាំង​នៅទូទាំងប្រទេសកាណាដា។

យុទ្ធនាការរបស់លោក Carney បានផ្តោតលើការការពារអធិបតេយ្យភាព និងសេដ្ឋកិច្ចរបស់​កាណាដា ដោយសន្យាថានឹងរក្សាពន្ធសងសឹកប្រឆាំងនឹងសហរដ្ឋអាមេរិក រហូ​ត​ទាល់​តែ​មាន​កិច្ច​ចរចា​រវាង​ភាគី​ទាំង​ពីរ។ លោកក៏បានសន្យាថានឹងផ្តល់ការបន្ធូរបន្ថយពន្ធសម្រាប់វណ្ណៈកណ្តាល រក្សាគោលនយោបាយអន្តោប្រវេសន៍ប្រកបដោយនិរន្តរភាព និងលើកកម្ពស់សេវាសាធារណៈ​ផង​ដែរ។

សូម​បញ្ជាក់​ថា លោក Mark Carney កើតនៅថ្ងៃទី១៦ខែមីនាឆ្នាំ១៩៦៥ ក្នុងទីក្រុង Fort Smith នៃតំបន់ Northwest Territories នៃប្រទេសកាណាដា។

ដ្បិតថាបុរសវ័យ៥៩ឆ្នាំរូបនេះ ខ្វះបទពិសោធន៍ផ្នែកនយោបាយក៏ដោយ ប៉ុន្តែលោកបានចាប់ផ្តើមកាន់តំណែងជាទេសាភិបាលនៃធនាគារកាណាដា ចំពេលមានវិបត្តិហិរញ្ញវត្ថុសកលលោកឆ្នាំ២០០៨ ហើយគេសរសើរគាត់មិនដាច់ពីមាត់ ចំពោះការចាត់វិធានការរហ័សនិងសម្រេចចិត្តទាន់ពេលត្រឹមត្រូវ ជួយស្រោចស្រង់ប្រទេសកាណាដាពីការធ្លាក់ចូលវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។

ក្នុងឆ្នាំ២០១៣ លោកបានចាកចេញទៅកាន់មុខតំណែងនៅធនាគារអង់គ្លេសវិញ ដោយធ្វើការរហូតដល់ឆ្នាំ២០២០ ដែលជាឆ្នាំចក្រភពអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបជាផ្លូវការ។

នៅទីនោះផងដែរ គេសរសើរគាត់ថាបានជួយកាត់បន្ថយផលប៉ះពាល់នៃ Brexit ទោះការវាយតម្លៃរបស់គាត់ដែលថា ការបែកចេញពី EU នឹងបង្កហានិភ័យដល់សេដ្ឋកិច្ចអង់គ្លេស បានបង្កការខឹងសម្បាពីសំណាក់អ្នកអភិរក្សនិយមក៏ដោយ៕

ដោយ៖ ឈាង

ចុចអាន៖ នាយករដ្ឋមន្ត្រីកាណាដាថ្មី បង្ហាញជំហរមុតមាំប្រឆាំងលោក Trump

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម