ព័ត៌មានអន្ដរជាតិ
ប្រទេសចំនួនបី គំរាមដាក់ទណ្ឌកម្ម បើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់បរាជ័យ
ប្រទេសបារាំង រួមជាមួយប្រទេសអាល្លឺម៉ង់ និងចក្រភពអង់គ្លេស បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ថា ទណ្ឌកម្មដែលត្រូវបានដកចេញក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ អាចនឹងត្រូវបានស្តារឡើងវិញ បើអ៊ីរ៉ង់បរាជ័យក្នុងការសម្រេចបានកិច្ចព្រមព្រៀងថ្មី ហើយសកម្មភាពនុយក្លេអ៊ែររបស់ខ្លួនគំរាមកំហែងដល់សន្តិសុខអឺរ៉ុប។ នេះបើយោងតាមការលើកឡើងរបស់លោក Jean Noel Barrot រដ្ឋមន្ត្រីការបទេសបារាំង អំឡុងសុន្ទរកថានៅអង្គការសហប្រជាជាតិនាថ្ងៃទី២៩ខែមេសាឆ្នាំ២០២៥។

លោក Barrot បានលើកឡើងថា៖ «អ៊ីរ៉ង់បានឆ្លងហួសបន្ទាត់ព្រំដែនទាំងឡាយដែលខ្លួនធ្លាប់សន្យាគោរពតាម ហើយប្រទេសនេះជិតឈានដល់ការទទួលបានអាវុធនុយក្លេអ៊ែរហើយ»។
លោកបានបន្ថែមថា៖ «ប្រសិនបើផលប្រយោជន៍សន្តិសុខអឺរ៉ុបមិនត្រូវបានធានា នោះយើងនឹងមិនស្ទាក់ស្ទើរសូម្បីតែមួយវិនាទីដើម្បីអនុវត្តឡើងវិញនូវទណ្ឌកម្មទាំងអស់ដែលត្រូវបានដកចេញកាលពី១០ឆ្នាំមុន»។
រដ្ឋមន្ត្រីបារាំង បានសង្កត់ធ្ងន់ថា ការដាក់ទណ្ឌកម្មឡើងវិញ នឹងជះឥទ្ធិពលបំផ្លិចបំផ្លាញខ្លាំងដល់សេដ្ឋកិច្ចអ៊ីរ៉ង់ ដោយបញ្ជាក់ថា៖ «នេះមិនមែនជាអ្វីដែលយើងចង់បានទេ ហើយនោះជាមូលហេតុដែលខ្ញុំអំពាវនាវយ៉ាងម៉ឺងម៉ាត់ឲ្យអ៊ីរ៉ង់ធ្វើការសម្រេចចិត្តចាំបាច់នៅថ្ងៃនេះ ដើម្បីជៀសវាងផលអាក្រក់បំផុត»។
អ៊ីរ៉ង់ បានស្នើឲ្យមានកិច្ចប្រជុំជាមួយភាគីអឺរ៉ុបដែលពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ដូចជា អង់គ្លេស បារាំង និងអាល្លឺម៉ង់ នៅទីក្រុងរ៉ូមនាថ្ងៃសុក្រសប្ដាហ៍នេះ មុនពេលកិច្ចពិភាក្សាបន្ថែមទៀតជាមួយសហរដ្ឋអាមេរិក។ គំនិតផ្តួចផ្តើមនេះ ធ្វើឡើងបន្ទាប់ពីការចរចានាពេលថ្មីៗនេះជាមួយអាមេរិកនៅប្រទេសអូម៉ង់ និងការពិភាក្សាជាមួយរុស្ស៊ី និងចិន។ អ៊ីរ៉ង់ មានបំណងវាស់ស្ទង់ជំហររបស់អឺរ៉ុបលើការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើងវិញដែលអាចកើតមានក្នុងខែតុលា នៅពេលដែលកិច្ចព្រមព្រៀងឆ្នាំ២០១៥ផុតកំណត់។
យ៉ាងណាមិញ ភាគីអ៊ឺរ៉ុប មិនទាន់ឆ្លើយតបនឹងសំណើកិច្ចប្រជុំនេះទេ ទោះបីជាពួកគេកំពុងវាយតម្លៃថាតើត្រូវចូលរួមនៅពេលនេះ ឬរង់ចាំការវិវឌ្ឍបន្ថែមទៀតនៅក្នុងកិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក៏ដោយ។

ខណៈពេលដែលអ៊ីរ៉ង់អះអាងថា កម្មវិធីនុយក្លេអ៊ែររបស់ខ្លួនគឺសម្រាប់គោលបំណងស៊ីវិល ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានរាយការណ៍ពីភាពជឿនលឿនដ៏សំខាន់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដែលបង្កើនការព្រួយបារម្ភក្នុងចំណោមប្រទេសលោកខាងលិច។ យោងតាមទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ អ៊ីរ៉ង់មានអ៊ុយរ៉ាញ៉ូមដែលបន្សុទ្ធរួចដល់ទៅកម្រិត ៦០% ជិតដល់កម្រិត ៩០% ដែលត្រូវការសម្រាប់ការផលិតសព្វាវុធប្រល័យលោក។
សូមបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ JCPOA (Joint Comprehensive Plan of Action) របស់អ៊ីរ៉ង់ ត្រូវបានធ្វើឡើងជាមួយមហាអំណាចពិភពលោកចំនួន៦ មានដូចជា អាមេរិក អង់គ្លេស បារាំង ចិន រុស្ស៊ី និងអាល្លឺម៉ង់។ អ៊ីរ៉ង់បានយល់ព្រមកំណត់កម្រិតសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន និងអនុញ្ញាតឲ្យមានការត្រួតពិនិត្យអន្តរជាតិដ៏រឹងមាំជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្ម។
យ៉ាងណាមិញ អាមេរិកដកខ្លួនពីកិច្ចព្រមព្រៀងជាឯកតោភាគីនៅឆ្នាំ២០១៨ ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ដោយបានអនុវត្តទណ្ឌកម្មធ្ងន់ធ្ងរឡើងវិញលើទីក្រុងតេហេរ៉ង់ និងចាត់ទុកវាថាជា «កិច្ចព្រមព្រៀងដ៏អាក្រក់បំផុតមិនធ្លាប់មាន»៕
ដោយ៖ ឈាង
ចុចអាន៖ លោក ណេតាន់យ៉ាហ៊ូ ទាមទារឲ្យរុះរើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ទាំងស្រុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


