ព័ត៌មានអន្ដរជាតិ
ថៃនឹងអនុវត្តគម្រោង«ព្រែកជីកក្រា» តម្លៃជិត៣០ពាន់លានដុល្លារនៅចុងឆ្នាំនេះ
ប្រទេសថៃបានបង្ហាញផែនការអនុវត្តគម្រោង «ព្រែកជីកក្រា» ដ៏ចម្រូងចម្រាសស្ថិតនៅភាគខាងត្បូងប្រទេសតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិក និងមហាសមុទ្រឥណ្ឌា ក្រោមគម្រោងដែលមានឈ្មោះថា «Landbridge» ដែលនឹងចំណាយប្រាក់ជិត៣០ពាន់លានដុល្លារ។ គំនិតផ្តួចផ្តើមនេះដើម្បីកាត់បន្ថយការកកស្ទះនៅក្នុងច្រកសមុទ្រ Malacca ដែលជាច្រកឆ្លងកាត់សមុទ្រដ៏មមាញឹកបំផុតមួយរបស់ពិភពលោក។ គម្រោងជីព្រែកនេះគ្រោងនឹងចាប់ផ្តើមសាងសង់ដំណាក់កាលទី១នៅចុងឆ្នាំ ២០២៥នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ ASEAN urbanist កាលពីថ្ងៃទី១២ខែឧសភា។

គម្រោង Landbridge មានការសាងសង់កំពង់ផែទឹកជ្រៅចំនួនពីរគឺ មួយនៅសមុទ្រ Andaman នៅខេត្ត Ranong និងមួយទៀតនៅឈូងសមុទ្រថៃនៅ Chumphon។ កំពង់ផែទាំងនេះនឹងត្រូវបានតភ្ជាប់ដោយច្រករបៀងប្រវែង១០០គីឡូម៉ែត្រ ដែលរួមមានផ្លូវហាយវេ និងបណ្តាញផ្លូវដែក ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញប្រកបដោយប្រសិទ្ធភាពឆ្លងកាត់ Isthmus of Kra (ចន្លោះឈូងសមុទ្រថៃទៅខាងកើត និងសមុទ្រ Andaman នៅខាងលិច)។ ការចំណាយប៉ាន់ស្មានរបស់គម្រោងគឺប្រហែល ២៨ ពាន់លានដុល្លារ ជាមួយនឹងកាលបរិច្ឆេទនៃការបញ្ចប់នៅត្រឹមឆ្នាំ ២០៣០។
គម្រោង Land Bridge គ្រោងនឹងបើកការដេញថ្លៃនៅខែធ្នូ ឆ្នាំ ២០២៥ ដោយការសាងសង់រំពឹងថានឹងចាប់ផ្តើមនៅឆ្នាំ ២០២៦ ដែលមានតម្លៃសរុបប្រមាណ១ពាន់ពាន់លានបាត (៣០ពាន់លានដុល្លារ) ក្នុងគម្រោងនេះមានច្រករបៀងសេដ្ឋកិច្ចភាគខាងត្បូង (SEC) រួមមានខេត្តចំនួនបួនគឺ ខេត្ត Chumphon, ខេត្ត Ranong, ខេត្ត Surat Thani និង ខេត្ត Nakhon Si Thammarat។ ការសាងសង់នេះមាន៤ដំណាក់កាលរួមានមាន៖
ដំណាក់កាលទី១ (៥២២ពាន់លានបាត)៖
- សាងសង់កំពង់ផែ Ranong (មានសមត្ថភាពផ្ទុក ៦ លាន TEU)
- សាងសង់កំពង់ផែ Chumphon ( មានសមត្ថភាពផ្ទុក៤ លាន TEU)
- សាងសង់ផ្លូវរថភ្លើង ផ្លូវសេវា និងផ្លូវល្បឿនលឿន ៤គន្លង
- បង្កើតមជ្ឈមណ្ឌលប្រតិបត្តិការផ្លូវដែកឆ្លាតវៃ (SRTO)
- ការសាងសង់ចាប់ផ្តើមនៅឆ្នាំ ២០២៦ ចាប់ផ្តើមដំណើរការនៅចុងឆ្នាំ ២០៣០
ដំណាក់កាលទី ២ (១៦៤ ពាន់លានបាត)៖
- ពង្រីកកំពង់ផែ Ranong ( មានសមត្ថភាពផ្ទុក១២ លាន TEU)
- ពង្រីកកំពង់ផែ Chumphon (មានសមត្ថភាពផ្ទុក៨លាន TEU)
- កែលម្អផ្លូវល្បឿនលឿនដល់ ៦គន្លង
- ការសាងសង់ពីឆ្នាំ ២០៣១ ដល់ ២០៣២បញ្ចប់នៅឆ្នាំ ២០៣៣
ដំណាក់កាលទី ៣ (២២៨ ពាន់លានបាត)៖
- ពង្រីកកំពង់ផែ Ranong (មានសមត្ថភាពផ្ទុក២០ លាន TEU)
- ពង្រីកកំពង់ផែ Chumphon (មានសមត្ថភាពផ្ទុក១៤ លាន TEU)
- ការសាងសង់ពីឆ្នាំ២០៣៣ ដល់ ២០៣៤ បញ្ចប់នៅឆ្នាំ ២០៣៥
ដំណាក់កាលទី ៤ (៨៥.១ ពាន់លានបាត)៖
- ពង្រីកកំពង់ផែ Chumphon (មានសមត្ថភាពផ្ទុក២០ លាន TEU)
- ធ្វើឱ្យប្រសើរឡើងនូវគ្រឿងបរិក្ខារ SRTO
- ការសាងសង់ពីឆ្នាំ ២០៣៥ ដល់ ២០៣៦ បញ្ចប់នៅឆ្នាំ ២០៣៨

ការបង្កើនសមត្ថភាពនេះត្រូវបានគេរំពឹងថានឹងជំរុញកំណើនសេដ្ឋកិច្ចដ៏សំខាន់ ដែលអាចបង្កើនអត្រាកំណើន GDP ប្រចាំឆ្នាំរបស់ប្រទេសថៃដល់ ៥.៥% ។ លើសពីនេះទៅទៀត គម្រោងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារប្រមាណ ២៨០,០០០ កន្លែង និងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់។
ទោះបីជាមានគុណសម្បត្តិច្រើនក៏ដោយ ក៏ព្រែកជីកក្រា នេះភ្ជាប់មកជាមួយនូវបញ្ហាសេដ្ឋកិច្ច បរិស្ថាន និងសន្តិសុខ។ ការចំណាយលើការសាងសង់ក៏ជាឧបសគ្គធំមួយដែរ។ លើសពីនេះ ការធានាហិរញ្ញប្បទានអន្តរជាតិអាចជាបញ្ហាប្រឈម ជាពិសេសការពិចារណាពីផលប៉ះពាល់ភូមិសាស្ត្រនយោបាយរបស់ព្រែកជីក និងការប្រឆាំងដ៏មានសក្តានុពលពីមហាអំណាចក្នុងតំបន់។
ផលប៉ះពាល់បរិស្ថានជាកង្វល់ធំមួយទៀតដែរ ព្រោះការសាងសង់ព្រែកខ្នាតធំនេះនឹងតម្រូវឱ្យមានការជីកកកាយទ្រង់ទ្រាយធំ ដែលនាំទៅដល់ការបំផ្លិចបំផ្លាញជម្រកសម្រាប់សត្វព្រៃក្នុងសមុទ្រ និងដីគោក។ ការកើនឡើងចរាចរដឹកជញ្ជូន និងការរំខានដល់ជលផលក្នុងស្រុក អាចមានផលវិបាកខាងអេកូឡូស៊ីយូរអង្វែង។ លើសពីនេះទៅទៀត ការផ្លាស់ប្តូរលំហូរទឹករវាងសមុទ្រ Andaman និងឈូងសមុទ្រថៃអាចប៉ះពាល់ដល់ចរន្តទឹកសមុទ្រ កម្រិតជាតិប្រៃ និងសូម្បីអាកាសធាតុក្នុងតំបន់៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ