ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ងបញ្ជាក់ថានឹងបន្តចម្រាញ់អ៊ុយរ៉ាញ៉ូម ទោះធ្វើកិច្ចព្រមព្រៀងក៏ដោយ
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កាលពីថ្ងៃអាទិត្យទី១៨ឧសភា បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ទីក្រុងតេហេរ៉ង់ ចំពោះកម្មវិធីចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយបញ្ជាក់យ៉ាងច្បាស់ថា អ៊ីរ៉ង់នឹងបន្តធ្វើបែបនេះទៀត «ទោះមានឬគ្មានកិច្ចព្រមព្រៀង» ជាមួយមហាអំណាចពិភពលោកក៏ដោយ។ សេចក្តីប្រកាសនេះ កើតឡើងចំពេលដែលការចរចាដោយប្រយោលកំពុងបន្តជាមួយសហរដ្ឋអាមេរិក ដោយមានប្រទេសអូម៉ង់ជាអ្នកសម្របសម្រួល ក្នុងគោលបំណងឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ។

លោក Araghchi បានសង្កត់ធ្ងន់ថា «ប្រសិនបើសហរដ្ឋអាមេរិកចាប់អារម្មណ៍ក្នុងការធានាថាអ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអែរ កិច្ចព្រមព្រៀងគឺអាចសម្រេចទៅបាន ហើយយើងត្រៀមខ្លួនសម្រាប់ការសន្ទនាដ៏ម៉ត់ចត់ដើម្បីសម្រេចបាននូវដំណោះស្រាយដែលនឹងធានានូវលទ្ធផលយូរអង្វែង»។ លោកបានបន្តថា៖ «ទោះជាយ៉ាងណា ការចម្រាញ់(អ៊ុយរ៉ាញ៉ូម)នៅក្នុងប្រទេសអ៊ីរ៉ង់នឹងបន្តទោះមានឬក៏គ្មានកិច្ចព្រមព្រៀងក៏ដោយ»។
ផ្ទុយទៅវិញ បេសកជនពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff ដែលដឹកនាំភាគីអាមេរិកក្នុងការចរចា បានរំលឹកឡើងវិញថា កិច្ចព្រមព្រៀងណាមួយត្រូវតែរួមបញ្ចូលការប្តេជ្ញាចិត្តរបស់អ៊ីរ៉ង់ក្នុងការបញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម។ លោកបានពណ៌នាបញ្ហានេះថាជា«បន្ទាត់ក្រហម»សម្រាប់អាមេរិក ដោយលើកឡើងពីការព្រួយបារម្ភអំពីសក្តានុពលនៃការផលិតសព្វាវុធប្រល័យលោក។ លោក Witkoff បាននិយាយថា «យើងមិនអាចអនុញ្ញាតឲ្យមានសមត្ថភាពចម្រាញ់(អ៊ុយរ៉ាញ៉ូម)សូម្បីតែមួយភាគរយឡើយ»។
កាលពីសប្ដាហ៍មុន លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា អាមេរិកជិតឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយប្រទេសអ៊ីរ៉ង់ហើយ ក្នុងគោលបំណងរារាំងទីក្រុងតេហេរ៉ង់ពីការទទួលបានអាវុធប្រល័យលោក។ លោក ត្រាំ បានសម្តែងសុទិដ្ឋិនិយមអំពីវឌ្ឍនភាពនៃការចរចា ដោយបញ្ជាក់ថា អ៊ីរ៉ង់បានយល់ព្រមចំពោះលក្ខខណ្ឌដែលបានស្នើឡើង។ លោក ត្រាំ បានរំលឹកឡើងវិញថា អ៊ីរ៉ង់«មិនអាចមានអាវុធនុយក្លេអ៊ែរបានទេ» ហើយបានប្រាប់ទៀតថា អ្នកចរចាកំពុងខិតជិតដល់ការសម្រេចកិច្ចព្រមព្រៀងមែនទែនហើយ។

ទីក្រុងតេហេរ៉ង់ បានធ្វើការចរចានុយក្លេអ៊ែរចំនួនបួនជុំរួចមកហើយជាមួយទីក្រុងវ៉ាស៊ីនតោន ដែលជាទំនាក់ទំនងកម្រិតខ្ពស់បំផុតរវាងប្រជាជាតិទាំងពីរ គិតចាប់តាំងពីអាមេរិកបានបោះបង់ចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
កន្លងមក អ៊ីរ៉ង់ទទូចលើសិទ្ធិរបស់ខ្លួន ក្នុងការបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមក្រោមសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ ហើយទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាដំណាក់កាល រួមជាមួយនឹងការធានាប្រឆាំងនឹងការដកខ្លួនពីកិច្ចព្រមព្រៀងរបស់អាមេរិកជាឯកតោភាគីនាពេលអនាគត។
សូមជម្រាបថា បច្ចុប្បន្ន អ៊ីរ៉ង់បន្តបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមរហូតដល់ភាពសុទ្ធ ៦០% លើសពីកម្រិតកំណត់ ៣,៦៧% ដែលធ្លាប់ចែងនៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ (JCPOA)។ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ បានព្រមានថា អ៊ីរ៉ង់អាចឈានទៅដល់ការបន្សុទ្ធសារធាតុអ៊ុយរ៉ាញ៉ូមយ៉ាងលឿនដល់កម្រិត ៩០% ដែលជាកម្រិតអាចផលិតអាវុធប្រល័យលោកបាន៕
ដោយ៖ ឈាង
ចុចអាន៖ ត្រាំ៖ អាមេរិកជិតសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់មែនទែនហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


