Connect with us

សុខភាព

ចំណុច​គ្រប់គ្នា​គួរ​ដឹង​ ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​អាឡ័កស៊ី

បានផុស

នៅ

គ្នា​យើងប្រហែលជា​សុទ្ធតែធ្លាប់ឮពីអាការៈម្យ៉ាងដែលគេហៅថា អាឡ័កស៊ី​? តើអាការៈនេះយ៉ាងម៉េចទៅវិញ? តាមពិតទៅអាឡ័កស៊ីគឺ​ជា​ការ​ឆាប់​មាន​ប្រតិកម្ម​ខ្ពស់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ឆ្លើយ​តប​ទៅ​នឹង​សារធាតុ​ដែល​ចូល​ក្នុង​ឬ​ប៉ះពាល់​ផ្ទាល់​ជាមួយ​រាងកាយរបស់​យើង។ របស់​ដែល​អាចធ្វើឲ្យ​យើងមាន​ប្រតិកម្មអាឡ័កស៊ី​មាន​ដូចជា​ចំណី​អាហារ​ ភេសជ្ជៈ​ រោម​សត្វ​ លម្អង​ផ្កា​ ឬ​ពិស​ឃ្មុំ ជាដើម។ អាលែកហ្ស៊ែន​​ដែល​ជា​សារធាតុ​បង្ក​ឲ្យ​មាន​ប្រតិកម្ម​អាឡ័កស៊ី​ ​អាច​រក​ឃើញ​ក្នុង​ចំណី​អាហារ​ ភេសជ្ជៈ​ និង​បរិស្ថាន​ផង​ដែរ។ ប្រសិន​បើ​គ្រូពេទ្យ​គិត​ថាយើង​​អាច​មាន​ប្រតិកម្ម​អាឡ័កស៊ី​ គ្រូពេទ្យ​​នឹង​តម្រូវ​ឲ្យ​យើង​​ធ្វើ​តេស្ត​អាឡ័កស៊ី​។​ នៅ​ក្នុង​អត្ថបទ​នេះ​យើង​នឹង​ស្វែង​រក​ចម្ងល់​ដែល​ទាក់ទង​នឹង​ការ​ធ្វើ​តេស្ត​អាឡ័កស៊ី​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តើ​ការ​ប្រតិកម្ម​អាលែកហ្ស៊ី​មាន​ប៉ុន្មាន​ប្រភេទ?

ប្រតិកម្ម​អាឡ័កស៊ី​ចែក​ចេញ​ជា​៣​ប្រភេទ​ធំៗ៖

  • អាឡ័កស៊ី​ដោយ​ការ​ស្រូប​ដង្ហើម៖​ គឺ​ជា​ប្រភេទអាឡ័កស៊ី​ដែលនិយមកើត​ជាង​គេ។ មាន​មនុស្ស​ជា​ច្រើន​បាន​រង​គ្រោះ​ដោយ​សារ​អាឡ័កស៊ី​ប្រភេទ​នេះ។ រោគ​សញ្ញា​របស់អាឡ័កស៊ីប្រភេទនេះ​គឺ​លេច​ឡើង​តែ​ក្នុង​រដូវ​ខ្លះ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ។ លម្អង​ផ្កា ផ្កា​​ស្មៅ​ និង​មេរោគ​ផ្សិត​គឺ​ជា​ធាតុ​បង្ក​ទាំង​៣ដែល​មាន​លំដាប់​ខ្ពស់​ជាង​គេ​ធ្វើ​ឲ្យ​មាន​អាឡ័កស៊ី​តាម​រដូវ​កាល​នេះ ហើយ​លម្អង​ផ្កា​គឺ​ជា​ធាតុ​បង្ក​អាឡ័កស៊ី​ខ្លាំង​ជាង​គេ។
  • អាឡ័កស៊ី​ដោយ​ការ​ញ៉ាំ៖ ​គឺ​ជា​ប្រតិកម្ម​អាឡ័កស៊ី​ដោយ​សារ​ចំណី​អាហារ។ អាឡ័កស៊ី​​ទាំង​នេះច្រើន​បង្ក​ដោយ​ទឹក​ដោះ​គោ ​សណ្ដែក​ដី​ ស៊ុត​ និង​ផ្លែ​ឈើ។
  • អាឡ័កស៊ី​​ដោយ​ការ​ប៉ះពាល់​៖ អាឡ័កស៊ី​នេះ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ធាតុ​បង្ក​ប៉ះ​ស្បែក​មនុស្សយើង។

តើ​ផ្នែក​ណា​មួយ​នៃ​រាងកាយ​អាច​នឹង​រង​គ្រោះ​ដោយ​សារ​អាឡ័កស៊ី​?

ចំណុចនេះគឺ​​អាស្រ័យ​ទៅ​នឹង​ប្រភេទ​នៃ​ធាតុ​បង្ក​ និង​កន្លែង​ដែលធាតុបង្ក​​ចូល​ក្នុង​រាង​កាយ។ យើង​​អាច​មាន​រោគ​សញ្ញា​ផ្សេងៗ​គ្នា។

ច្រមុះ ​ភ្នែក​ និង​បំពង់​ក

យើង​នឹង​មាន​រោគ​សញ្ញា​អស់​ទាំងនេះ ដូចជា​​កណ្ដាស់ ​ហៀរ​សំបោរ ​ហូរ​ទឹក​ភ្នែក ​រមាស់​ភ្នែក​ និង​ឈឺ​បំពង់​ក​នៅ​ពេល​ដែល​ធាតុ​បង្កដូចជាលម្អងផ្កា ជាដើម​​ត្រូវ​បាន​ស្រូប​ចូលក្នុង​រាងកាយ​។

សួត​ និង​ទ្រូង

ជំងឺ​ហឺត​គឺ​ជា​ជំងឺ​ដែល​រលាក​រ៉ាំរ៉ៃ​អាច​បង្ក​ឲ្យ​ទង​សួត​ហើម​ និង​រួម​តូច។ ការ​រើ​ឡើង​នូវ​ជំងឺ​ហឺត​អាច​បង្ក​ដោយ​កត្តា​ជា​ច្រើន។ ជំងឺនេះ​​រួម​បញ្ចូល​ដូចជា​ការ​រលាក​ផ្លូវ​ដង្ហើម ​ប្រើ​ថ្នាំ​មួយ​ចំនួន​ និង​ធាតុ​បង្ក​ផ្សេង​ទៀត​ដូចជា​សត្វ​ល្អិត​ក្នុង​ធូលី​ ឬ​ផ្សែង​ម៉ាស៊ូត​ព្រម​ទាំង​ខ្យល់​ត្រជាក់ ​ឬ​អារម្មណ៍​មិន​នឹង​នរ។

ក្រពះ​និង​ពោះវៀន

រោគ​សញ្ញា​ធ្ងន់ធ្ងរ​ភាគ​ច្រើន​នៃ​អាឡ័កស៊ី​ដោយ​ការ​ស្រូប​ដង្ហើម​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ក្រពះ ​និង​ពោះវៀន​របស់​យើង​ដូចជា​រមួល​ពោះ ​ក្អួត​និង​រាក​រូស។

ស្បែក

រោគ​សញ្ញា​ខ្លះ​នៃ​ប្រតិកម្ម​អាឡ័កស៊ី​ដោយ​ការ​ប៉ះ​រួម​មាន​ស្បែក​ឡើង​ក្រហម​ រមាស់​ហើម​ និង​ដាច់​រហែក។ ទោះ​បី​ជា​អាការៈនេះ​​ពិត​ជា​រំខាន​មែន​តែ​អាឡ័កស៊ី​ដោយ​ការ​ប៉ះ​នេះ​គឺ​កម្រ​មាន​គ្រោះថ្នាក់​ណាស់។

ទម្រង់​នៃ​ការ​ធ្វើ​តេស្ត​អាឡ័កស៊ី​

  • តេស្ត​ស្បែក

សម្រាប់​ការ​ធ្វើ​តេស្ត​ស្បែក​គ្រូពេទ្យ​នឹង​ដាក់​បញ្ចូល​នូវ​សារធាតុ​បង្ក​ក្នុង​ភាគ​ល្អិត​តូច(លម្អង​ផ្កា​ឬ​ចំណី)​នៅ​លើ​ស្បែក​របស់​យើង​​ដោយ​បង្កើត​ស្នាម​កោស ​ឬ​ស្នាម​ចាក់​តូច​មួយ​។ រួច​រង់​ចាំ​១៥​នាទី​ដើម្បី​ពិនិត្យ​មើល​ប្រសិន​បើ​ឡើង​ក្រហម​នៅ​កន្លែង​តេស្ត​នោះ​អ្នក​ជំងឺ​គឺ​បង្ហាញ​ថា​មាន​ប្រតិកម្ម​អាឡ័កស៊ី​។ ការ​ធ្វើ​តេស្ត​អាឡ័កស៊ី​ច្រើន​ធ្វើ​នៅ​លើ​ដើម​ដៃ​ឬ​ខ្នង។

  • តេស្ត​ឈាម

ក្រោយ​ការ​ធ្វើ​តេស្ត​ស្បែក​ប្រសិន​បើយើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​​នោះ​គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​យើង​ទៅ​ធ្វើ​តេស្ត​ឈាម​បន្ថែម។ ឈាម​ត្រូវ​បាន​ធ្វើ​តេស្ត​ក្នុង​មន្ទីរ​ពិសោធន៍​សម្រាប់​រក​វត្តមាន​អង់ទីករ​ដែល​ប្រឆាំង​នឹង​ធាតុ​បង្ក​(allergens)​ដែល​ជាក់លាក់។ វិធី​សាស្រ្ត​នេះ​គឺ​មាន​ភាព​ជោគជ័យ​ក្នុង​ការ​រក​អង់ទីករ​ជាមួយ​នឹង​ធាតុ​បង្ក​ធំៗ។

តេស្ត​សម្រាប់​អាឡ័កស៊ី​ដោយ​ចំណី​អាហារ

ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​លើអាឡ័កស៊ី​​ដោយ​ចំណី​អាហារ​គ្រូ​ពេទ្យ​តែងតែ​ប្រើ​ការ​ធ្វើ​តេស្ត​ផ្សំ​រវាង​ស្បែក ​និង​ឈាម។ ប្រសិន​បើ​លទ្ធផល​​វិជ្ជមាន​ទាំង​ពីរ​នោះ​គឺ​មិន​ចាំបាច់​ធ្វើ​តេស្ត​អ្វី​ផ្សេង​ទៀត​នោះ​ទេ។ ប៉ុន្តែ​ប្រសិន​បើ​លទ្ធផល​នៅ​មិន​ទាន់​ច្បាស់​លាស់​គ្រូពេទ្យ​អាច​នឹង​ធ្វើ​អ្វី​ថែម​ដូចជា​ការ​សាក​ល្បង​ជាមួយ​ចំណី​អាហារ។ អំឡុង​ពេល​ធ្វើ​តេស្ត​នេះ​អ្នក​ជំងឺ​គឺ​ត្រូវ​​ឲ្យ​បរិភោគ​​អាហារ​ដែល​ផ្ទុក​ធាតុ​បង្ក​អាឡ័កស៊ី​បន្តិច​ម្ដងៗ ​ស្រប​ពេល​ដែល​គ្រូពេទ្យ​ពិនិត្យ​រក​រោគ​សញ្ញា។ ការ​ធ្វើ​តេស្ត​នេះ​អាច​មាន​ហានិភ័យ​ខ្ពស់​ព្រោះ​អាច​បង្ក​ឲ្យ​មាន​ប្រតិកម្ម​ធ្ងន់ធ្ងរ​លើ​អ្នក​ជំងឺ។ ដូចនេះ​គឺ​សម្រាប់​តែ​អ្នក​ឯកទេស​ខាង​អាឡ័កស៊ី​តែ​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធ​ធ្វើ​តេស្ត​នេះ។

តើ​មាន​ផល​រំខាន​អ្វី​ខ្លះ​ក្រោយ​ការ​ធ្វើ​តេស្ត​អាឡ័កស៊ី​?

រាល់​ការ​ធ្វើ​តេស្ត​វេជ្ជ​សាស្ត្រ​គឺ​តែង​មាន​ហានិភ័យ​មួយ​ចំនួន​មក​ជាមួយ។

  • សម្រាប់​តេស្ត​ស្បែក​រោគ​សញ្ញា​អាច​មាន​ការ​រមាស់​ និង​ហើម​នៅ​កន្លែង​ធ្វើ​តេស្ត។
  • សម្រាប់​តេស្ត​ឈាម​ គឺ​មាន​ការ​ឈឺ​ចាប់​ឬ​ឈាម​នៅ​ត្រង់​មុខ​ម្ជុល ហើយ​អាច​មាន​មនុស្ស​ភាគ​តិច​ប៉ុណ្ណោះ​ដែល​សន្លប់​អំឡុង​ពេល​ធ្វើ​តេស្ត​ឈាម។
  • សម្រាប់​តេស្ត​អាឡ័កស៊ី​លើ​ចំណី​អាហារ​គឺ​បូក​រួម​នូវ​ហានិភ័យ​ខ្លះៗ។ អ្វី​ដែល​អាក្រក់​បំផុត​អាច​កើត​មាន​ឡើង​គឺ​ការ​ប្រតិកម្ម​រហូត​ដល់​ស្លាប់​(anaphylaxis)។

លទ្ធផល​តេស្ត​និង​ការ​ព្យាបាល

ប្រសិន​បើ​គ្រូពេទ្យ​បាន​សម្រេច​ថា​អ្នក​ជំងឺ​ម្នាក់​មាន​អាឡ័កស៊ី​គ្រូពេទ្យ​នឹង​ណែនាំ​នូវ​គម្រោង​ការ​ និង​ការ​ព្យាបាល​ដែល​អាស្រ័យ​ទៅ​លើ​ប្រតិកម្ម​អាឡ័កស៊ី​៕

អត្ថបទផ្ដល់ដោយ៖Hello Krupet

ចុចអាន៖លំអងផ្កា​ឬ​ភាគល្អិត​តូចៗ ​អាច​បង្កើន​អត្រា​ឆ្លង​កូវីដ​ខ្ពស់ ​ដល់​អ្នក​អាឡ័កស៊ី​​​ច្រមុះ

ចុចអាន៖រឿង ៤យ៉ាង គួរធ្វើពេលជួបបញ្ហាអាឡ័កស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម