Connect with us

សុខភាព

កម្ពុជាគ្រោងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំមុនផែនការ

បានផុស

នៅ

ប្រទេសកម្ពុជាគ្រោងនឹងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំនាពេលឆាប់ៗខាងមុខនេះ ខណៈបច្ចុប្បន្ននៅសល់អ្នកជំងឺប្រភេទនេះប្រមាណ ៧ភាគរយទៀតប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៦ ខែកញ្ញានេះថា តាមផែនការក្រសួងសុខាភិបាលនឹងលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំ ឬហ្វាស៊ីបារ៉ូមនៅឆ្នាំ២០២៣ ខាងមុខនេះ។ ប៉ុន្តែបច្ចុប្បន្ននេះយើងលុបបំបាត់បាន ៩៣ភាគរយហើយ នៅសល់ ៧ភាគរយទៀតប៉ុណ្ណោះ ស្មើនឹងមនុស្ស ១៥៩នាក់ក្នុងចំណោមអ្នកឆ្លងជំងឺគ្រុនចាញ់សរុបចំនួន ២៤២៨ករណីគិតត្រឹម៨ខែឆ្នាំនេះ។

លោកវេជ្ជបណ្ឌិតរំពឹងថា យើងអាចនឹងឈានសម្រេចបានជោគជ័យ ១០០ភាគមុនផែនការ ខណៈយើងបានលប់បំបាត់អ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨ មកម៉្លេះ ដែលនាំឱ្យកម្ពុជាជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តទៀតថា ជំងឺគ្រុនចាញ់នៅកម្ពុជាមាន ៤ប្រភេទ ក្នុងនោះមានប្រភេទវីវ៉ាក់ និងប្រភេទហ្វាស៊ីបារ៉ូម។ ចំណែកពីរប្រភេទទៀតមិនដែលបានជួបទេ។

យ៉ាងណាក៏លោកវេជ្ជបណ្ឌិតសង្ឃឹមថា កម្ពុជានឹងអាចលប់បំបាត់ជំងឺគ្រុនចាញ់គ្រប់ទម្រង់ឱ្យអស់ទាំងស្រុងនៅឆ្នាំ២០២៥ ខាងមុខនេះ ដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេ។

លោកវេជ្ជបណ្ឌិត បានជំរុញដល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាបន្ដការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ ខាងមុខនេះ សំដៅចូលរួមលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាពលរដ្ឋកម្ពុជា។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ជាងនេះទៅទៀតប្រសិនបើមានការសង្ស័យកើតជំងឺគ្រុនចាញ់ ត្រូវប្រញាប់ស្វែងរកសេវាធ្វើតេស្តឈាមនៅមូលដ្ឋានសុខាភិបាលសាធារណៈឱ្យបានឆាប់រហ័សដែលនៅជិតបំផុតតាមរយៈ អ្នកស្ម័គ្រចិត្តភូមិ មណ្ឌលសុខភាព និងមន្ទីរពេទ្យ ដើម្បីពិនិត្យព្យាបាលជំងឺគ្រុនចាញ់ទាន់ពេលវេលា។

គួរបញ្ជាក់ថា ក្នុងរយៈពេល៨ខែឆ្នាំ២០២១នេះ មានអ្នកឆ្លងជំងឺគ្រុនចាញ់ចំនួន ២,៤២៨ករណី ថយចុះប្រមាណ ៦២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០កន្លងទៅ មានរហូតដល់ទៅ​ ៦,៣១៣ករណី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម