Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

បានផុស

នៅ

កាល​ពី​ថ្ងៃ​ទី​៨​ខែ​មិថុនា​ឆ្នាំ​២០២៥ អ៊ីស្រាអែល បាន​ប្រកាស​ថា សាកសពរបស់ប្រមុខយោធា​ហាម៉ាស លោក Mohammed Sinwar ត្រូវបាន​យក​ចេញពីផ្លូវរូងក្រោមដីមួយ​កន្លែង​នៅក្រោមបន្ទប់សង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យអឺរ៉ុបនៅទីក្រុង Khan Younis នៃ​តំបន់​ហ្គាហ្សា។

លោក Mohammed Sinwar (រូបថត៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​​បញ្ជាក់តាមរយៈ DNA និងវិធីសាស្ត្រកំណត់អត្តសញ្ញាណ​ជា​ច្រើន ក្រោយ​ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល​កាលពីថ្ងៃទី​១៣​ខែឧសភា ដែល​កំណត់​គោលដៅ​លើ​សមាជិក​សំខាន់ៗ​របស់​ក្រុមហាម៉ាស​ដែលរស់នៅក្រោមដី។

យោងតាមកង​កម្លាំង​អ៊ីស្រាអែល ទីតាំង​ផ្លូវរូងក្រោមដីដែលរកឃើញ​នោះ ត្រូវ​​បម្រើការជា «បរិវេណបញ្ជា និងត្រួតពិនិត្យ» របស់​ក្រុម​ហាម៉ាស។ ទន្ទឹម​នោះ​ ក្រៅ​តែ​ពី​សាកសព​​លោក Sinwar សាកសពរបស់ Mohammad Shabana មេបញ្ជាការកងពលតូច​ហាម៉ាស​​ប្រចាំ​ទីក្រុង Rafah ក៏ដូចជាក្រុមសកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណផ្សេងៗទៀត ក៏​ត្រូវបាន​គេ​​ប្រទះ​ឃើញ​ផង​ដែរ។

មេ​បញ្ជាការ​កងពលតូច​អ៊ីស្រាអែល​លោក Effie Defrin បាននិយាយថា រូង​ក្រោមដី​នោះ​​មាន​ជម្រៅ​ប្រហែល៨​ម៉ែត្រពីក្រោមមន្ទីរពេទ្យ ហើយមានបន្ទប់ជាច្រើន រួមទាំងមជ្ឈមណ្ឌលបញ្ជា ឃ្លាំងផ្ទុកអាវុធ ឧបករណ៍ស៊ើបការណ៍ និងផ្ទះបាយ។

អ៊ីស្រាអែល​បាន​សង្កត់​ធ្ងន់​ថា រចនាសម្ព័ន្ធ​មន្ទីរពេទ្យ​​មិន​រង​ការ​បំផ្លិច​បំផ្លាញ​ឡើយ ដោយ​ប្រតិបត្តិការ​នេះ​បាន​គ្រោង​ទុក​យ៉ាង​ល្អិតល្អន់​ដើម្បី​​បញ្ចៀស​ការ​ខូចខាត​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល។

ក្រុមហាម៉ាសមិនទាន់ធ្វើអត្ថាធិប្បាយជាផ្លូវការអំពី​ការ​ស្លាប់​របស់​លោក Mohammed Sinwar ​​នៅឡើយទេ។

សូម​ជម្រាប​ថា ជម្លោះដែលកំពុងបន្តបានបណ្តាល​ឲ្យ​មានវិបត្តិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរនៅតំបន់ហ្គាហ្សា ដោយជនជាតិប៉ាឡេស្ទីនជាង ៥៤ ០០០​នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ចាប់តាំងពីការកើតឡើងនៃអរិភាព​ក្នុង​ឆ្នាំ​២០២៣។ កិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅតែបន្ត ដោយមានអ្នកសម្រុះសម្រួលមកពីសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា ចូលរួម​ជាមួយ​ភាគី​ទាំង​២ ដើម្បី​ដោះស្រាយ​​បញ្ហា​ដែល​ជាប់គាំង​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​សន្តិភាព៕

(រូបថត៖ Reuters)
(រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម