Connect with us

KPT+

រមណីយដ្ឋាន និងវត្ត ៤កន្លែងនៅបាត់ដំបង ជាប់ទាក់ទិននឹងអតីតកាលដ៏ឈឺចាប់របស់កម្ពុជា

បានផុស

នៅ

បា​ត់​ដំបង ជាទឹកដីដ៏ចំណាស់មួយ ដែលមានរមណីយដ្ឋាន​បែបវប្បធម៌ និង​ប្រវត្តិសាស្ត្រ​ជា​ច្រើន ដោយក្នុងចំណោម​កន្លែង​ទាំងអស់​នោះ មាន​ទីតាំង​សំខាន់ៗ​មួយ​ចំនួន រួមមាន​ទាំង​វត្តអារាម​ ក៏​ត្រូវ​បាន​ខ្មែរ​ក្រហម​ប្រើ​ប្រាស់​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់មនុស្ស​យ៉ាង​ព្រៃផ្សៃ នា​អំឡុង​សម័យ​កម្ពុជាប្រជាធិបតេយ្យ។​​​​​​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខាងក្រោមនេះជាទីតាំងសំខាន់ៗទាំង ៤ ដែលជាប់ទាក់ទិននឹង​សោកនាដកម្ម​នៃ​របបយង់ឃ្នង ៖

១. ល្អាងក្បាលខ្មោច

ល្អាងក្បាលខ្មោច មានឈ្មោះដើមថា ល្អាងល្ខោន ដែល​មាន​ប្រវត្តិ​ទាក់ទិន​នឹង​រឿង​ព្រេង​ចៅ​រាជកុល និង​នាង​រំសាយ​សក់ ​ជា​ទី​កន្លែង​សម្រាប់​ក្រុមល្ខោន​របស់​ព្រះបាទ​រាជកុល​ស្នាក់នៅ អំឡុង​ពេល​ចូល​មក​ដណ្តឹង​ព្រះ​នាង​រំសាយសក់ នេះ​បើ​តាម​ការ​ដំណាល​តៗគ្នា​មក មាន​ទីតាំង​ស្ថិត​នៅ​ទឹកដី​នៃ​ខេត្តបាត់ដំបង លើភ្នំសំពៅ ផ្នែកខាងត្បូង។ ក្រោយមកល្អាង​នេះត្រូវ​បាន​ឱ្យ​ឈ្មោះ​ថ្មី​ថា “ល្អាងក្បាលខ្មោច” ដោយ​សារ​តែ នា​អំឡុង​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ទីនេះ​បាន​ប្រែ​ក្លាយ​ជា​ទី​ពិឃាត​មនុស្ស​យ៉ាង​ព្រៃផ្សៃ រួមមាន​ទាំងទារក និង​មនុស្ស​ពេញ​វ័យ ត្រូវ​បាន​ខ្មែរ​ក្រហម​យក​មក​សម្លាប់​យ៉ាង​អយុត្តិធម៌​ជា​ទី​បំផុត​។

ល្អាងក្បាលខ្មោច ជាភស្តុតាងប្រវត្តិសាស្ត្រមួយ ក្នុង​ចំណោម​មណ្ឌល​ប្រល័យពូជសាសន៍​ដទៃ​ផ្សេង​ទៀត នៃ​ការ​សម្លាប់​រង្គាល​ជីវិត​ពលរដ្ឋ​ខ្មែរ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដោយ​បច្ចុប្បន្ន​ល្អាងនេះ ត្រូវ​បាន​ទុក​ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ​និង​ប្រវត្តិសាស្រ្ត ដែល​មាន​ដាក់​តម្កល់ឆ្អឹង និង​លលាល៍​ក្បាល​មនុស្ស ដើម្បី​ឲ្យអ្នក​ជំនាន់​ក្រោយបាន​មើល​ឃើញ​អំពី​អតីតកាល​ដ៏​ឈឺចាប់។

ដោយសារតែល្អាងក្បាលខ្មោច មានទីតាំងនៅលើខ្នងភ្នំសំពៅ ដូច្នេះ​ហើយ​ក្រៅ​ពី​ការ​ទស្សនា​ល្អាង​មួយ​នេះ ទេសចរ​អាច​បន្ត​កម្សាន្ត​កន្លែង​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ល្អាងប្រចៀវ ល្អាងផ្កាស្លា ល្អាងខ្យល់ ល្អាងគក់ទ្រូង​ជាដើម​-ល-។

២. អាងទឹកកំពីងពួយ

“អាងទឹកកំពីងពួយ” ជា​អតីត​ការដ្ឋាន​ទំនប់​របស់​ខ្មែរ​ក្រហម​ដែល​បង្ខំ​យក​ជីវិតរាស្ត្រ​ខ្មែរ​ច្រើន​រាប់​មិន​អស់ មាន​ទី​តាំង​ស្ថិត​នៅចន្លោះភ្នំពីរ ទឹក​ដី​នៃ​ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ 

នាអំឡុង​ឆ្នាំ​១៩៧៦ ខ្មែរក្រហ​មមានផែន​ការ​​លើក​ទំនប់​​នេះ​​ឡើង ក្នុង​​គោល​បំណង​​ស្ដុក​​ទឹក​​ទុក ដើម្បី​​ផ្គត់​ផ្គង់​​​ការ​ស្រោច​ស្រព​ក្នុង​​វិស័យ​​កសិកម្ម។ មូលហេតុ​ដែល​ខ្មែរ​ក្រហម​ជ្រើស​យក​តំបន់​នេះ គឺ​ដោយ​សារ​តែ​ទី​តាំង​​នេះ មាន​​ភ្នំ​​ព័ទ្ធ​ជុំ​វិញ ដែល​​​អំណោយ​ផល​​ខ្លាំង​​ដល់​​ការ​កសាង​​ទំនប់​​នៃ​​អាង​។
ទីនេះ​ ជា​កន្លែង​ប្រមូល​ផ្ដុំក្តី​ឈឺ​ចាប់របស់រាស្ត្រខ្មែរ ដែល​មិន​អាច​បំភ្លេច​បាន ជា​ការដ្ឋាន​ទំនប់​ដែល​​បង្ខំ​​មនុស្ស​ ពលកម្ម​ទាំង​យប់ ទាំង​ថ្ងៃ លំបាក​វេទនា​គ្រប់​បែប​យ៉ាង ទម្រាំ​សាង​សង់​បាន​ជា​អាង​ដ៏​ធំ​ល្វឹង​ល្វើយ​នេះ​បាន​។

បច្ចុប្បន្ន ទីតាំងនេះ​បាន​ប្រែ​ក្លាយ​ជា​តំបន់​ទេសចរណ៍​កែច្នៃ រមណីយដ្ឋាន​ធម្មជាតិអាច​ឱ្យ​ទេសចរជាតិ និង​អន្តរជាតិ​មក ​កម្សាន្ត​អារម្មណ៍​ជាមួយ​ទេសភាព​ព្រៃ​ភ្នំ ទឹក​ធំ​ល្វឹង​ល្វើយ ទទួល​ទាន​អាហារ ជិះ​ទូក​គយ​គន់​ថ្ងៃ​លិច និង​ស្ទូច​ត្រី​ជា​ដើម។

៣. វត្តសំរោងក្នុង

ព្រះវិហារ​ចំណាស់​មួយ​​ស្ថិត​ក្នុងបរិវេណ​ វត្តសំរោងក្នុង​ ដែល​​កសាង​ឡើង​នា​អំឡុង​ពុទ្ធសករាជ ២២៥០ ត្រូវ​នឹងគ្រិស្ត​សករាជ ១៧០៧ នៅ​លើ​ទឹកដី​នៃ​ខេត្តបាត់ដំបង ត្រូវ​បាន​ក្លាយជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងសាហាវ​ព្រៃ​ផ្សៃ​បំផុត​ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចន្លោះ​ឆ្នាំ១៩៧៥​ ដល់ ឆ្នាំ១៩៧៩។

  • ប្រវត្តិរបស់វត្តសំរោងក្នុង

ដើមឡើយ វត្តសំរោងក្នុង គ្រាន់តែជាអាស្រមមួយនៅក្នុងព្រៃស្មសាន ដែលរៀបចំដោយព្រះសង្ឃធុតង្គមួយអង្គព្រះនាម «ជ័យ» ប៉ុណ្ណោះ។ ក្រោយមក ព្រះអង្គបានកសាងព្រះវិហារដ៏ធំមួយធ្វើអំពីឈើ និងបន្តសាងសង់អំពីឥដ្ឋបូកបាយអ ប្រក់ក្បឿង សសរឈើ ហើយថែមទាំងបានកសាងប្រាសាទផងដែរ។ សំណង់ទាំងនេះ សុទ្ធសឹងតែមានបន្សល់ទុក នៅក្នុងបរិវេណ វត្តសំរោងក្នុង ។ នាសម័យ ​លោកម្ចាស់ ​អ្នកស្រុកតំបន់នោះ​ តែងតែនិយមទៅកម្សាន្តរាល់ពេល​ចូលឆ្នាំ​ម្តងៗ ដោយសារតែ​ទីនេះ​ មានទីធ្លាធំទូលាយ ម្លប់ឈើធំៗ និងប្រាង្គប្រាសាទបុរាណ។

  • ក្រោយមក ទីនេះបានក្លាយជាគុករបស់ខ្មែរក្រហម

គួរឲ្យសង្វេគ ទីអារាមដែលធ្លាប់តែមានការជួបជុំពុទ្ធបរិស័ទអ៊ូអរមួយនេះ ត្រូវបានពួកខ្មែរក្រហម យកធ្វើជាកន្លែងឃុំឃាំង ធ្វើទារុណកម្ម និងសម្លាប់មនុស្សយ៉ាងសាហាវព្រៃផ្សៃបំផុត ហើយគ្រប់ហេដ្ឋារចនាសម្ព័ន្ធទាំងអស់នៅក្នុងវត្តសំរោងក្នុង ក៏ត្រូវបានបំផ្លាញទាំងស្រុង។

ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ អារាមនេះ ត្រូវបានគេរៀបចំឡើងវិញ ដើម្បីបន្តទុកជាទីសក្ការបូជាសម្រាប់ពុទ្ធបរិស័ទ​ ដោយ​បាន​រៀបចំ​អណ្តូង​​ខាងជើង​វត្ត ​ជា​បូជនីយដ្ឋាន​​​​​ និងរក្សាទុកអគារ​សួរចម្លើយ​​មក​ដល់​​បច្ចុប្បន្ន​​ ដើម្បីអាចឱ្យទេសចរ និងពុទ្ធបរិស័ទ បានមកទស្សនាស្វែង​យល់។

៤. វត្តវិបុលត្ថារាម ហៅវត្តកណ្តាល

អារាមដ៏ចំណាស់ដែលអាយុកាលជាង ២០០ឆ្នាំនេះ ត្រូវ​បាន​ខ្មែរ​ក្រហម​កែ​ប្រែ​ធ្វើ​ជា​កន្លែង​ឃុំ​ឃាំង​អ្នក​ទោស និង​ធ្វើ​​ទារុណកម្ម​​យ៉ាង​ព្រៃ​ផ្សៃ បន្ទាប់​ពី​ស្ថានភាព​កម្ពុជា បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សង្គ្រាម។

វត្ត វិបុលត្ថារាម ហៅវត្តកណ្តាល ត្រូវ​បាន​កសាង​ឡើង​អំឡុង​ឆ្នាំ​១៨១៣ ដោយ​ព្រះ​គ្រូ​ចៅ​អធិការ​មួយ​អង្គ និង​អ្នក​ភូមិ នាំគ្នា​​កាប់​ឆ្ការ​ព្រៃ និង​សង់​សាលា​បុណ្យ​​មួយ​ខ្នង ធ្វើ​អំពី​ឈើ​ប្រក់​ស្លឹក និង​កុដិ​តូចៗ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ភូមិ រំចេក៤ ​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ពុទ្ធសករាជ ២៤៦២ ដែលត្រូវនឹងគ្រិស្តសករាជ ១៩១៨ ព្រះវិហារមួយ ក៏ត្រូវ​បាន​កសាង​បន្ថែមទៀត ក្នុង​បរិវេណ​វត្តនេះ និង​មាន​ការស្ថាបនា​សាង់សង់​ជា​បន្ត​បន្ទាប់​នូវ កុដិ សាលាបាលី សាលាឆាន់-ល-។

បន្ទាប់ពីស្ថានភាពកម្ពុជា បានផុងខ្លួនចូលក្នុងវិបត្តិសង្គ្រាម ក្រោម​ការ​ដឹក​នាំ​របស់ ប៉ុល ពត អារាមនេះ ក៏​ត្រូវ​រង​ការ​បំផ្លិច​បំផ្លាញ ហើយ​កន្លែង​មួយ​ចំនួនក្នុង​បរិវេណ​វត្ត ក៏​ត្រូវ​បាន​ប្រែ​ក្លាយ​ជា​កន្លែង​ឃុំឃាំង​សួរ​ចម្លើយ និង​ធ្វើ​ទារុណ​កម្ម​របស់​ខ្មែរ​ក្រហម។ បើ​តាម​ប្រភព​រដ្ឋបាលខេត្តបាត់ដំបង​ ក្រោយថ្ងៃរំដោះ ១៣មករា ឆ្នាំ១៩៧៩ ក្រោមការដឹក​នាំ​របស់កងរណសិរ្ស សាមគ្គីសង្រ្គោះជាតិកម្ពុជា ទទួល​បាន​ជ័យជំនះលើ​កងកម្លាំង​ខ្មែរក្រហម ទីនេះក៏​កែប្រែ​ជា​ទី​អារាម​វិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម