Connect with us

ព័ត៌មានជាតិ

អនុរដ្ឋមន្ត្រីការបរទេសកូរ៉េ ថា កម្ពុជា-កូរ៉េបានបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាច្រើន  ប៉ុន្តែសារព័ត៌មានផ្សាយអវិជ្ជមាន

បានផុស

នៅ

អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ លោកស្រី គីម ជីណា វាយតម្លៃថា កន្លងមកនគរបាលកម្ពុជា-កូរ៉េ បានសហការគ្នាជាច្រើនលើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយទទួលបានលទ្ធផលល្អ  ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយពុំបានចុះផ្សាយព័ត៌មានទាំងនោះឱ្យបានពេញលេញឡើយ ដែលប្រការនេះបង្កឱ្យមានការយល់ច្រឡំ។ លោកស្រីលើកឡើងបែបនេះ នៅក្នុងជំនួបដែលនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព កាលពីថ្ងៃទី១៦ ខែតុលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីទី២ នៃក្រសួងការបរទេសកូរ៉េ ជម្រាបនាយករដ្ឋមន្ត្រីកម្ពុជាថា ទស្សនកិច្ចការងាររបស់លោកស្រី និងគណៈប្រតិភូមកកាន់កម្ពុជានាពេលនេះ នឹងរួមចំណែកកាត់បន្ថយនូវការភាន់ច្រឡំ តាមបណ្ដាញសារព័ត៌មាន ដោយសារការផ្សព្វផ្សាយព័ត៌មានមិនបានគ្រប់ជ្រុងជ្រោយ ក៏ដូចជានឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់រឹងមាំ ក្នុងគោលដៅរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នៅចំពោះមុខ សម្ដេច ហ៊ុន ម៉ាណែត, លោកស្រី គីម ជីណា ក៏បានថ្លែងអំណរគុណចំពោះកម្ពុជាដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនាពេលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយលទ្ធផលល្អជាផ្លែផ្កា។ ក្នុងន័យនេះ, កូរ៉េខាងត្បូងប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងល្អប្រសើរ ថែមទៀត។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានឆ្លើយតបទៅកាន់អនុរដ្ឋមន្ត្រីការបរទេសកូរ៉េថា ចំពោះការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា, អាជ្ញាធរកម្ពុជា និងអាជ្ញាធរកូរ៉េ បាននិងកំពុងមានកិច្ចសហប្រតិបត្តិការល្អ ប្រកបដោយលទ្ធផលជាច្រើន ហើយកិច្ចសហប្រតិបត្តិការនះនឹងនៅបន្តទៀត នាពេលអនាគត។ សម្ដេចបវរធិបតីក៏បានគូសរំលេចថា កម្ពុជាតែងតែចាត់វិធានការយ៉ាងសកម្ម និងបន្តបន្ទាប់ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយភាពម្ចាស់ការ និងមានកិច្ចសហប្រតិបត្តិការជាមួយដៃគូជាច្រើន រួមទាំងកូរ៉េខាងត្បូង។

ជុំវិញការផ្សាយព័ត៌មានអំពីបទល្មើសឆបោកតាមបច្ចេកវិទ្យាមិនគ្រប់ជ្រុងជ្រោយបង្កការយល់ច្រឡំ, អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី១៦ ខែតុលា វាយតម្លៃថា ថ្មីៗនេះបណ្តាញសារព័ត៌មានរបស់កូរ៉េខាងត្បូង និងសារព័ត៌មានបរទេសមួយចំនួនផ្សេងទៀតបានយកទៅផ្សព្វផ្សាយបន្ត ដោយចាប់ផ្តើមពីករណីឃាតកម្មលើយុវជនកូរ៉េអាយុ ២២ឆ្នាំ និង បន្តភ្ជាប់ទៅចំនួនករណីពលរដ្ឋកូរ៉េបាត់ខ្លួននៅកម្ពុជាដែលមិនត្រឹមត្រូវ បង្កជាការភ័ន្តច្រឡំអំពីរឿងហេតុ និងអាចប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការរវាងសមត្ថកិច្ចនគរបាលនៃប្រទេសទាំងពីរ។

អគ្គស្នងការនគរបាលជាតិកម្ពុជា បញ្ជាក់ចំៗថា នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ សារព័ត៌មាន The Korea Times បានស្រង់សម្ដីអគ្គស្នងការនគរបាលស្តីទី និងក្រសួងការបរទេសកូរ៉េ ចេញផ្សាយក្នុងអត្ថបទផ្ទុយពីការពិតនៅកម្ពុជា បង្កជាការយល់ច្រឡំ។  ដោយ The Korea Times ផ្សាយថាគិតត្រឹមខែសីហា ក្នុងឆ្នាំ២០២៥ មានជនជាតិកូរ៉េប្រមាណ ៨០នាក់ កំពុងបាត់ខ្លួនក្នុងប្រទេសកម្ពុជា និងមានបណ្ដឹង៣៣០ករណី ត្រូវបានប្តឹងតាមរយៈស្ថានទូតកូរ៉េប្រចាំនៅកម្ពុជារាប់បញ្ចូលទាំងបណ្តឹងផ្ទាល់ខ្លួន និងក្រុមគ្រួសារ។

អគ្គស្នងការនគរបាលជាតិកម្ពុជា ចាត់ទុកការផ្សាយនេះផ្ទុយពីការពិតនៅកម្ពុជា ព្រោះតែជាក់ស្តែងក្នុងឆ្នាំ២០២៥ នេះ សមត្ថកិច្ចកម្ពុជាបានទទួលសំណើសុំព័ត៌មានដោយផ្ទាលពីស្ថានទូតលើករណីជនជាតិកូរ៉េដែលបាត់ខ្លួនសរុបត្រឹមតែ១១៨នាក់ ហើយក្នុងនោះមាន៤០នាក់ ត្រូវបានសមត្ថកិច្ចរកឃើញបានចាកចេញពីកម្ពុជា និង០២នាក់ ពុំមានក្នុងទិន្នន័យដំណើរចេញ-ចូលកម្ពុជានោះទេ។ ចំពោះ ៧៦នាក់ ដែលពុំទាន់មានទិន្នន័យធ្វើដំណើរចេញពីប្រទេសកម្ពុជានោះ កំពុងស្ថិតក្រោមការស្រាវជ្រាវ ស្វែងរករបស់សមត្ថកិច្ចកម្ពុជាយ៉ាងយកចិត្តទុកដាក់។

អគ្គស្នងការនគរបាលជាតិអះអាងថា ដោយឡែកក្នុងឆ្នាំ២០២៥នេះ សមត្ថកិច្ចកម្ពុជាក៏ទទួលបានសំណើសុំអន្តរាគមន៍ជួយពលរដ្ឋកូរ៉េ៥២សំណើ ស្មើនឹង ៦០នាក់ តាមរយៈស្ថានទូត សាមីខ្លួន និងក្រុមគ្រួសារ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញចំនួន ៣៥សំណើ ស្មើនឹង ៤០នាក់  និងរកមិនឃើញ៣សំណើ ឮស្មើនឹង៥នាក់។ ចំពោះសំណើសេសសល់ សមត្ថកិច្ចជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុង បន្តស្រាវជ្រាវ។

អគ្គស្នងការនគបាលជាតិ ក៏បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ នឹងបញ្ជូនជនជាតិកូរ៉េចំនួន៥៩នាក់  ដែលទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា ឬត្រូវបានឃាត់ខ្លួនដោយបទល្មើសផ្សេងៗ ត្រឡប់ទៅប្រទេសកំណើតវិញ ក្រោមកិច្ចសហការល្អពីស្ថានទូតកូរ៉េប្រចាំកម្ពុជា៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម