ព័ត៌មានជាតិ
សម្តេចធិបតី៖ ព្រលានយន្តហោះថ្មី ប្រើទុនវិនិយោគដោយជនជាតិខ្មែរ ១០០% មិនខ្ចីទុនបរទេសនោះទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ គឺបានប្រើប្រាស់ទុនវិនិយោគដោយជនជាតិខ្មែរ ១០០% ពុំមានកម្ចីឥណទានពីបរទេសនោះទេ។ ការស្រាយបំភ្លឺនេះ បន្ទាប់ពីកន្លងទៅមានការផ្សព្វផ្សាយជាច្រើននៅតាមបណ្តាញសង្គមថា ការសាងសង់ព្រលានយន្តហោះថ្មី រដ្ឋកម្ពុជាបានទៅខ្ចីលុយពីប្រទេសចិន ឬប្រទេសផ្សេង ដើម្បីវិនិយោគ។

នាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិតេជោ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គម្រោងវិនិយោគនេះធ្វើឡើងដោយជនជាតិខ្មែរ ១០០% ដោយក្នុងនោះមានការចូលរួមពីក្រុមហ៊ុនអូស៊ីអាយស៊ី( OCIC) ៩០% និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលជារបស់រដ្ឋ១០ %។ សម្តេចបញ្ជាក់ថា៖«ការវិនិយោគទីនេះ មិនមែនជាគម្រោងដែលរដ្ឋទៅខ្ចីឥណទានពីណាយកមកធ្វើទេ មិនមែនជាកម្ចីរបស់រដ្ឋ ឬរបស់ប្រទេសជាតិនោះទេ នេះគឺជាគម្រោង PPP ដែលវិស័យឯកជនរបស់កម្ពុជា ប្រើទុនមកវិនិយោគទាំងស្រុង មិនមែនជាការកម្ចីនោះទេ»។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា ដូចនេះអាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាសមិទ្ធផលរបស់រាជរដ្ឋាភិបាលអាណត្តិនេះដែលកើតឡើងមានការចូលរួមពីវិស័យឯកជនមួយផ្នែកធំ នៅក្នុងការពង្រឹងវិស័យសេដ្ឋកិច្ចជាតិដោយប្រើប្រាស់ប្រជាជនខ្មែរ និងទុនក្នុងស្រុកដើម្បីធ្វើ។ បើតាមសម្តេច សម្រាប់ការគ្រប់គ្រងរចនា និងសាងសង់គម្រោងនេះ គឺមានការចូលរួមច្រើនពីពហុសាសន៍រួមមានមកពីប្រទេស កាណាដា អង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង ចិន និងវៀតណាម តាំងពីដំណាក់កាលនៃការគូរប្លង់ រហូតដល់ការគ្រប់គ្រង។ ប៉ុន្តែកម្ពុជាគ្រប់គ្រងដោយផ្ទាល់។

អ្វីដែលកាន់តែពិសេស ការអភិវឌ្ឍព្រលានយន្តហោះក្នុងជំហានទីមួយនេះ អ្នកសាងសង់មានជនជាតិខ្មែររហូតដល់ ៩០ % ដោយរួមបញ្ចូលទាំងស្ថាបត្យករ និងវិស្វករ។ សម្តេចសង្ឃឹមថា ការកសាងជំហានទីពីរ នឹងប្រើប្រាស់កម្លាំងពលកម្មរខ្មែរ ១០០%តែម្តង បានន័យថានេះជាសមត្ថភាពក្នុងការកសាង និងពង្រឹងសមត្ថភាពផ្ទាល់ខ្លួនរបស់កម្ពុជា។ សម្តេចចាត់ទុកថា ការសាងសង់ព្រលានយន្តហោះនេះបានជួយច្រើនក្នុងការបង្កើតឱកាសការងារក្នុងស្រុក ដោយពេលខ្លះក្នុងមួយថ្ងៃប្រើប្រាស់កម្លាំងសរុប ១៧ ០០០ នាក់ ដែលមានបទពិសោធន៍គ្រប់វិស័យទាំងអស់។
លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) មានប្រសាសន៍ថា អាកាសយានដ្ឋានអន្តរជាតិតេជោ ប្រើទុនវិនិយោគទឹកប្រាក់ក្នុងទំហំ ២ ៣០០ លានដុល្លារ។ ក្រៅពីមធ្យោបាយដឹកជញ្ជូនអ្នកដំណើរ លោកបញ្ជាក់ថា នឹងអភិវឌ្ឍព្រលាននេះឱ្យទៅជាមជ្ឈមណ្ឌលដឹកជញ្ជូន និងការផ្ទេរមធ្យោបាយដឹកជញ្ជូនដ៏ធំនៅក្នុងតំបន់។

បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការអភិវឌ្ឍព្រលានយន្តហោះនេះ បានប្រែក្លាយទីកន្លែងដែលធ្លាប់ជាបឹង ដីស្រែ ចម្ការមីន កាកសំណល់សល់ពីសង្គ្រាម ទៅជាព្រលានយន្តហោះដ៏ស្កឹមស្កៃមួយ ដែលប្រជាជនទូទាំងប្រទេសអបអរ។ សម្តេចថ្លែងថា៖«ក្នុងរយៈពេល ១០ទៅ ២០ ឆ្នាំទៀត កន្លែងនេះនឹងកាន់តែប្រែប្រួល…នេះគឺជាវិវត្តន៍ដែលយើងមានមោទនភាព មិនខុសពីប្រទេសយើងដែលចេញពីសង្គ្រាម បាក់បែកជម្លោះ ទោះបីជាយើងមិនទាន់ក្លាយជាប្រទេសអ្នកមាន ប៉ុន្តែយើងក៏បានវិវត្តន៍ដើរមកច្រើន និងមានចក្ខុវិស័យសម្រាប់បន្តទៅទៀត៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


