ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ចេញបទបញ្ជាដាក់ទណ្ឌកម្មចំពោះមន្រ្តីពាក់ព័ន្ធនឹងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា
នាយករដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានចេញបទបញ្ជាឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដាក់ទណ្ឌកម្មរដ្ឋបាលចំពោះមន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ឬមានការពាក់ព័ន្ធនឹងឧបករណ៍ទាំងនេះ។ នេះបើយោងតាមបទបញ្ជាស្តីពី ការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ចុះថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៥។

នាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ហាមឃាត់ចំពោះមន្ត្រីរាជការលើការប្រើប្រាស់ឧបករណ៍ទាំងនោះ និងចៀសវាងឱ្យឆ្ងាយ។ តាមរយៈបទបញ្ជានេះ ក៏បានណែនាំឱ្យចាត់វិធានការចំពោះបុគ្គលណាដែលប្រើប្រាស់ និង/ឬកាន់កាប់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សាគ្រប់ប្រភេទ និងត្រូវព្រមានដោយផ្ទាល់មាត់ ព្រមទាំងដកហូតឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា។ ករណីមិនរាងចាល ត្រូវព្រមានជាលាយលក្ខណ៍អក្សរ និងធ្វើកិច្ចសន្យាឈប់ប្រើប្រាស់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងបទបញ្ជាថា ការដាក់ចេញវិធានការហាមឃាត់ ដោយសារក្នុងរយៈពេលថ្មីៗនេះ សង្កេតឃើញថាមានការរីករាលដាលការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោមកុមារនិង យុវជននៅកម្ពុជាដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សា និងបុគ្គលិកអប់រំ។

សម្តេចធិបតី ព្រួយបារម្ភថា៖«ការប្រើប្រាស់ផលិតផលទាំងនេះ អាចជាច្រកផ្លូវទៅកាន់ការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទឧបករណ៍អេឡិចត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល អេចឈ៍ ធី ភី អាចប្រើសម្រាប់ជក់គ្រឿងញៀនផ្សេងទៀតបាន ព្រមទាំងជាច្រកផ្លូវដែលនាំឱ្យកុមារនិងយុវជនឈានទៅជក់បារីធម្មតាផងដែរ នៅពេលដែលពួកគេមានភាពញៀននឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើននៃជំងឺមិនឆ្លងនៅក្នុងសង្គម»។
ការដាក់ចេញវិធានការនេះផងដែរ ក្នុងគោលបំណងទប់ស្កាត់ បង្ការ ដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា និងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម ការពារសុខភាពសាធារណៈ ជាពិសេសសុខភាពរបស់អ្នកសិក្សានិងបុគ្គលិកអប់រំ។

នាយករដ្ឋមន្រ្តី ក៏បានណែនាំឱ្យក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវមានវិធានការទប់ស្កាត់ការនាំចូល ការចែកចាយ ការផ្សាយពាណិជ្ជកម្ម ការលក់ និងការស្តុកទុកឧបករណ៍អេឡិចត្រូនិកទាំងនោះ។ ចំណែកក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ត្រូវចេញសេចក្តីណែនាំ ដើម្បីអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់សុខភាព និងគ្រោះថ្នាក់នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិកនិងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២៣ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


