ព័ត៌មានជាតិ
ស្ពានឆ្លងទន្លេចំនួន ៣ កំពុងសាងសង់ព្រមគ្នា គ្រោងបញ្ចប់ដាក់ឲ្យប្រើប្រាស់បន្តបន្ទាប់
ស្ពានឆ្លងទន្លេចំនួន ៣ បានកំពុងដំណើរការសាងសង់ដំណាលគ្នាក្នុងរាជធានីខេត្តចំនួន ៣ ហើយគ្រោងបញ្ចប់បន្តបន្ទាប់តាមផែនការដែលបានគ្រោងទុក។
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ
ស្ពានឆ្លងទន្លេមេគង្គខេត្តក្រចេះ គ្រោងបញ្ចប់ការសាងសង់ទាំងស្រុងអំឡុងចុងខែមករាឆ្នាំ ២០២៦ ខណៈដំណើរការសាងសង់បច្ចុប្បន្នសម្រេចបានប្រមាណជាង ៩០%។ នេះបើតាមប្រភពពីមន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។
កាលពីអំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ស្ពានឆ្លងទន្លេជាប្រវត្តិសាស្រ្តរបស់ខេត្តដែលមានត្រីផ្សោតជាអត្តសញ្ញាណនេះ បានដាក់ឲ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើរក្នុងឱកាសពិធីបុណ្យប្រពៃណីជាតិ។


ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៣ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ ដោយចំណាយថវិកាសរុបប្រមាណជាង ១១៤ លានដុល្លារអាមេរិក។
ការសាងសង់ស្ពានឆ្លងទន្លេខេត្តក្រចេះ គឺជាផ្នែកមួយនៃខ្សែផ្លូវជាតិលេខ ៦០B តភ្ជាប់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយផ្លូវជាតិសំខាន់ៗ ដូចជាត្រើយខាងលិចតភ្ជាប់ផ្លូវជាតិលេខ ៦ ត្រង់ផ្លូវបំបែកកំពង់ថ្ម កំពង់ធំ ឆ្ពោះទៅកាន់ខេត្តសៀមរាប និងតភ្ជាប់តាមរយៈផ្លូវខេត្តលេខ ២៧៩ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម។ ចំណែកឯត្រើយខាងកើតវិញគឺតភ្ជាប់ផ្លូវជាតិលេខ ៧ ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងតភ្ជាប់ជាមួយផ្លូវជាតិលេខ ៧៣ ដោយឆ្លងកាត់ស្រុកឆ្លូង ស្រុកតំបែរ ឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំ រួចតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ ៧ ឆ្ពោះទៅកាន់ខេត្តកំពង់ចាម ឬខេត្តព្រៃវែង រួចបន្តឆ្ពោះទៅរាជធានីភ្នំពេញ។
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា
គិតត្រឹមដើមខែកញ្ញា ឆ្នាំ២០២៥ ការស្ថាបនាស្ពានឆ្លងទន្លេបាសាក់ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចលទ្ធផលបានប្រមាណ ៤៥% ដោយដំណើរការសាងសង់លឿនជាងផែនការ ៤,១១% ខណៈតាមផែនការគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ ខែ ហើយគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៨។
ស្ពានចាក់អង្រែក្រោម-ព្រែកប្រា បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។


បើតាមមន្រ្តីក្រសួងសាធាណរការនិងដឹកជញ្ជូន ពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្សភ្ជាប់ទៅផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ក៏ដូចជាជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញនៅប៉ែកខាងត្បូង ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ រួមទាំងកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។
ស្ពានដីឥដ្ឋ ថ្មគរ
ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) ដែលតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត វឌ្ឍនភាពការសាងសង់ដំណើរការតាមផែនការដែលបានគ្រោងទុក។
លោក ផន រឹម មន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដើមខែតុលា ឆ្នាំ២០២៥ ដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចលទ្ធផលបានប្រមាណ ២៧% ខណៈគ្រោងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ ខែ។


ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានទីតាំងស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានប្រវែងសរុប ១ ៦០០ ម៉ែត្រ និងទទឹង ២៦ ម៉ែត្រ (៤ គន្លងផ្លូវ)។ ក្នុងគម្រោងក្រៅពីការសាងសង់ស្ពាន ក៏មានការស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២ ១០០ ម៉ែត្រ ទទឹងផ្លូវ ២៦ ម៉ែត្រ ដែលចាក់ក្រាលបេតុងកៅស៊ូ (AC) រួមទាំងការសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ ខ្សែ ហើយគ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៨៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


