ព័ត៌មានជាតិ
ខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍បណ្តែតប្រទីបរយៈពេល៣ថ្ងៃ ដើម្បីអបអរពិធីបុណ្យអុំទូក
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក ដែលនឹងឈានចូលមកដល់នាពេលខាងមុខ រដ្ឋបាលខេត្តរតនគិរី នឹងរៀបចំព្រឹត្តិការណ៍ «បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៥» ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងបរិវេណមាត់បឹងកន្សែង ស្ថិតនៅភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។ នេះបើយោងតាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្ត។

ការរៀបចំព្រឹត្តិការណ៍ បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាទំនៀមទម្លាប់ប្រពៃណីជាតិ ខ្មែរដ៏ល្អផូរផង់ តាំងពីបុរាណកាលមក។ ទន្ទឹមនេះ ក៏នឹងមានការប្រគុំតន្ត្រី បាញ់កាំជ្រួច ការតាំងពិព័រណ៍ បង្ហាញផលិតផលខ្មែរ សម្ភារប្រើប្រាស់ក្នុងស្រុក និងការបង្ហោះគោម ដើម្បីបង្កបរិយាកាសសប្បាយរីករាយ ផងដែរ។ តាមរយៈការរៀបចំព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តសង្ឃឹមថា ភ្ញៀវជាតិ អន្តរជាតិ ប្រជាពលរដ្ឋក្នុងមូលដ្ឋាន នឹងអញ្ជើញមកចូលរួមកម្សាន្តសប្បាយរីករាយឲ្យបានច្រើនកុះករ និងអធិកអធម្មដើម្បីរួមចំណែកលើកកម្ពស់វប្បធម៌ ប្រពៃណីជាតិខ្មែរ កិត្យានុភាពជាតិ ពិសេសសក្តានុពលនៃខេត្តរតនគិរី។

សូមជម្រាបថា រាជរដ្ឋាភិបាលតែងតែប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ជារៀងរាល់ឆ្នាំចំនួន៣ថ្ងៃ នៅថ្ងៃ១៤កើត ១៥កើត និង១រោច ខែកត្តិក ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យប្រពៃណីជាតិ និងបន្តរក្សាទំនៀមទម្លាប់ដ៏ប្រពៃរបស់ខ្មែរដែលមានតាំងពីយូរលង់មកហើយ ដោយមានរៀបចំពិធីប្រណាំងទូកង បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ និងដោយឡែកនៅតាមបណ្តាខេត្តមួយចំនួនក៏បានរៀបចំពិធីនេះផងដែរ។

ប៉ុន្តែ ផ្អែកលើបរិបទបច្ចុប្បន្នកម្ពុជាបាននិងកំពុងបន្តអនុវត្តបទឈប់បាញ់ដោយពេញលេញនិងម៉ឺងម៉ាត់បំផុត ក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ រដ្ឋាភិបាលសម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកនៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ទី៥ និងទី៦ ខែវិច្ឆិកា ឆ្នាំ ២០២៥។ យ៉ាងណាមិញ ការរៀបចំពិធីបុណ្យអុំទូក នៅតាមបណ្តារាជធានី-ខេត្តនានា អាចប្រព្រឹត្តទៅជាធម្មតាតាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


