Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង ទទួលបានភ្ញៀវទេសចរជាង ១២ ម៉ឺននាក់ នាឱកាសពិធីបុណ្យអុំទូក

បានផុស

នៅ

នា​ឱកាស នៃ​ព្រះរាជ​ពិធី​បុណ្យអុំទូក បណ្តែត​ប្រទីប សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្ត​បាត់ដំបង រយៈពេល ៣ ថ្ងៃ ត្រូវ​នឹង​ថ្ងៃ​ទី ៤ ដល់​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ខេត្ត​បាត់ដំបង ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​តាម​តំបន់​រមណីយដ្ឋាន​នានា មាន​រហូត​ដល់​ជាង ១២ ម៉ឺន​នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​បញ្ជាក់​ដោយ លោក អ៊ុច អ៊ុ​ភី​នី​ហ្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រយៈពេល ៣ ថ្ងៃ នៃ​ពិធី​បុណ្យ​អុំទូក​នេះ ខេត្ត​បាត់ដំបង​ដែល​មាន​រមណីយដ្ឋាន​ជាច្រើន​បាន​ទទួល​ភ្ញៀវ​សរុប ១២៣,៩៥៥ នាក់ កើន​ឡើង ១២.១៩% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ មាន​ចំនួន ១១០,៤៨៩ នាក់។ នៅ​ក្នុង​ចំនួន​នេះ​ដែរ គឺ ភ្ញៀវ​ជាតិ មាន​ចំនួន ១២៣,០៨០ នាក់ កើន​ឡើង ១២.២២ % បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ មាន​ចំនួន ១០៩,៦៧៧ នាក់។ ដោយឡែក​សម្រាប់​ភ្ញៀវ​អន្តរជាតិ មាន​ចំនួន ៨៧៥ នាក់ កើន​ឡើង ៧.៧៦ % បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២៤ មាន​ចំនួន ៨១២ នាក់។

លោក​ប្រធាន​មន្ទីរ បាន​ធ្វើ​ស្ថិតិ​លម្អិត​ប្រចាំថ្ងៃ គឺ ៖ ក) ថ្ងៃ​ទី ១ ត្រូវ​នឹង​ថ្ងៃ​ទី ៤ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៣៣,៨៨៧ នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិ ៣៣,៦៣៥ នាក់ និង​ភ្ញៀវ​អន្តរជាតិ ២៥២ នាក់។ ខ) ថ្ងៃទី ២ ត្រូវ​នឹង​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៤៩,៧៦៩ នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិ ៤៩,៤៥៤ នាក់ និង​ភ្ញៀវ​អន្តរជាតិ ៣១៥ នាក់។ គ) ថ្ងៃ​ទី ៣ ត្រូវ​នឹង​ថ្ងៃ​ទី ៦ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ មាន​ភ្ញៀវ​ទេសចរ​សរុប​ចំនួន ៤០,២៩៩ នាក់ ក្នុង​នោះ ភ្ញៀវ​ជាតិ ៣៩,៩៩១ នាក់ និង​ភ្ញៀវ​អន្តរជាតិ ៣០៨ នាក់។

លោក​បាន​អះអាង​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​បាត់​ដំបង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​ច្រើន​ឡើង​ៗ នោះ ដោយសារ​តែ​ខេត្ត​មួយ​នេះ​សំបូរ​រមណីយដ្ឋាន​ប្លែកៗ ធ្វើ​ឲ្យ​ទាក់ទាញ​ក្រសែភ្នែក​ភ្ញៀវ។ បន្ថែម​នោះ ដោយសារ​តែ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​រដ្ឋបាល​ខេត្ត សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍​ខេត្ត បាន​ធ្វើការ​ពង្រីក​វិសាលភាព នៃ​តំបន់​ទេសចរណ៍​កាន់តែ​វិវត្តន៍​ទៅ​មុខ​ថែមទៀត៕

អត្ថបទ ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម