ព័ត៌មានជាតិ
ការបញ្ជូនកូនទៅសាលារៀន គឺជាការសន្សំទ្រព្យទុកឱ្យកូនៗដ៏ប្រសើរបំផុតសម្រាប់អនាគត
ការបញ្ជូនកូនទៅសាលារៀន គឺជាការសន្សំទ្រព្យទុកឱ្យកូនៗ, ការសិក្សាគឺជាការរៀបចំបម្រុងទុកដ៏ប្រសើរបំផុតសម្រាប់អនាគត កុមារទាំងអស់មានសិទ្ធិចូលរៀនដោយសមធម៌។ ពាក្យស្លោកទាំងនេះ ត្រូវបានចងនៅលើបដា និងព្យួរនៅតាមបរិវេណ សាលាបឋមសិក្សាទៀមលើ ក្នុងខេត្តរតនគិរី ជាថ្ងៃបើកបវេសនកាលនាថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ពាក្យស្លោកទាំងនេះ ដើម្បីពញ្ញាក់ស្មារតីទៅកាន់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវបញ្ជូនកូនៗរបស់ពួកគេទៅកាន់សាលារៀន ដើម្បីទទួលបានការបណ្តុះបណ្តាល និងអប់រំ សម្រាប់កសាងអនាគត។
ពិធីបើកបវេសនកាល រៀបចំឡើងនៅ សាលាបឋមសិក្សាទៀមលើ ស្ថិតនៅភូមិទៀមលើ ឃុំកាចូន ស្រុក វើនសៃ ដោយមានការចូលរួមពី អនុប្រធានអប់រំ ការិយាល័យ អប់រំនិងកីឡា ស្រុក មេឃុំកាចូន លោកគ្រូ អ្នកគ្រូ មកពីមត្តេយ្យសិក្សាភូមិ សាលាបឋមសិក្សា អនុវិទ្យាល័យ គណៈកម្មការសាលា និងម្ចាស់ជំនួយសរុបប្រមាណ ១០០ នាក់ ។

នាឱកាសនេះ លោក សុខ ឯម អនុប្រធានការិយាល័យអប់រំស្រុក បានផ្តាំផ្ញើទៅលោកគ្រូ អ្នកគ្រូ ត្រូវខិតខំបង្រៀនកូនសិស្សឱ្យបានល្អប្រសើរ ដើម្បីឱ្យពួកគេមានចំណេះជំនាញតាំងពីតូច និងជាទំពាំងស្នងឬស្សីសម្រាប់សង្គមជាតិ។ ទន្ទឹមនេះដែរ លោកអំពាវនាវដល់ មាតាបិតា ឬអាណាព្យាបាល ជួយណែនាំកូនៗរបស់ខ្លួនឱ្យមកសាលាដើម្បីទទួលបានការអប់រំ។
លោក ខាំ កាប៊ីន មេឃុំកាចូន បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអនាគតខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ។ លោកក៏បានជំរុញដល់មាតាបិតា អាណាព្យាបាលសិស្ស ត្រូវជួយបង្រៀនកូនៗ និងតាមដានការសិក្សារបស់ពួកគេ។ លោកបញ្ជាក់ថា៖« ចំណេះវិជ្ជាមានសារសំខាន់សម្រាប់កសាងអនាគត មានការងារធ្វើ ចៀសវាងឈប់រៀន ឬធ្វើជាក្មេងទំនើង នាំឱ្យខូចអនាគត»។បន្ថែមពីនេះ លោកក៏ផ្តាំផ្ញើដល់សិស្សានុសិស្សកុំបរិភោគភេសជ្ជៈផ្អែមខ្លាំង ឬប៉ូវកម្លាំង ដែលនាំប៉ះពាល់ដល់សុខភាព និងកើតជម្ងឺផ្សេងៗ។

លោកបានរំលឹកថា បច្ចុប្បន្នពលរដ្ឋកម្ពុជារស់នៅក្រោមម្លប់សន្តិភាពគួរចាប់យកឱកាសសិក្សា ព្រោះមានសាលារៀននៅជិតផ្ទះ និងគ្រូបង្រៀន ចាំជួយតម្រង់ទិស ខណៈប្រៀបធៀបពីមុនវិញ មិនសូវមានសាលារៀន ហើយធ្វើដំណើរឆ្ងាយទម្រាំដល់សាលា។

ចំណែកលោក សូម ម៉ៅ នាយកសាលាបឋមសិក្សាទៀមលើ អះអាងថា នឹងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសាលារៀន ដើម្បីឱ្យក្មេងៗជំនាន់ក្រោយទទួលបានការអប់រំខ្ពស់ក្លាយជាយុវជនគំរូ។ ទន្ទឹមនេះ លោកក៏មិនភ្លេចរំលឹកឱ្យសិស្សានុសិស្សខំប្រឹងតស៊ូរៀនត្រូវដោយខ្លួនឯងផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


