ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ការបរទេសកម្ពុជាលើកបញ្ហាព្រំដែនជាមួយថៃប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតអូទ្រីស
រដ្ឋមន្ត្រីស្ដីទីក្រសួងការបរទេសកម្ពុជា លោកស្រី អ៊ាត សោភា បានលើកឡើងពីបញ្ហាព្រំដែនជាមួយប្រទេសថៃ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ដោយលោកស្រី អ៊ាត សោភា បានគូសបញ្ជាក់អំពីស្ថានការណ៍វិវត្តថ្មីៗចុងក្រោយនៅតាមទល់ដែនកម្ពុជា និងថៃ។

លោកស្រីរដ្ឋមន្ត្រីស្តីទី បានសង្កត់ធ្ងន់ជាពិសេសទាក់ទងទៅនឹងការអនុវត្តនូវសេចក្ដីថ្លែងការណ៍រួមដែលជាកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ហើយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ។
ការលើកឡើងរបស់លោកស្រី អ៊ាត សោភា ពាក់ព័ន្ធនឹងរឿងព្រំដែនដូច្នេះ ធ្វើឡើងក្នុងជំនួបជាមួយលោក Wihelm Maximilian Donko ឯកអគ្គរដ្ឋទូតអូទ្រីសប្រចាំកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ក្នុងរាជធានីភ្នំពេញ។

គួររំលឹកឱ្យដឹងថា ពីទីក្រុងគូឡាឡាំពួ កម្ពុជា និងថៃ បានឈានដល់ការចុះហត្ថលេខាជាផ្លូវការដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរលើសេចក្ដីថ្លែងការណ៍រួម ដែលជាកិច្ចព្រមព្រៀងសន្តិភាពមួយក្នុងដំណោះស្រាយបញ្ហាជម្លោះព្រំដែន ហើយដែលកិច្ចព្រមព្រៀងសន្តិភាពនេះ ធ្វើឡើងចំពោះមុខប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ជាសាក្សី។ ប៉ុន្តែប្រមាណពីរសប្ដាហ៍បន្ទាប់ពីការចុះហត្ថលេខា ថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ក្រោមហេតុផលចោទកម្ពុជា ថា ចូលទៅដាក់មីនថ្មី ដែលបណ្ដាលឱ្យទាហានថៃបានដើរជាន់មីនផ្ទុះ នៅតំបន់ជិតតំបន់ប្រាសាទព្រះវិហារ បើទោះបីកម្ពុជាបដិសេធម្ដងហើយម្ដងទៀត ថា កម្ពុជាមិនដែលប្រើប្រាស់មីនប្រឆាំងមនុស្សនោះទេ។

ព្រឹត្តិការណ៍បន្ទាប់ គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃ ក៏បានបើកការបាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យពលរដ្ឋខ្មែរម្នាក់ស្លាប់ និង៣នាក់រងរបួស។ កម្ពុជាបានថ្កោលទោសសកម្មភាពរបស់ទាហានថៃ ខណៈប្រតិកម្មពីអន្តរជាតិមានជាបន្តបន្ទាប់។
ថ្លែងក្នុងពេលធ្វើបទបង្ហាញជូនអង្គទូតបរទេសអំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ នៅក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា លោកស្រី អ៊ាត សោភា ក៏បានលើកឡើងពីការបាញ់រះរបស់ទាហានថៃលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ថា «ជាការប្រើប្រាស់កម្លាំងខុសច្បាប់ ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះនៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន បានជះឥទ្ធិពលអវិជ្ជមានផងដែរដល់ការងារកំណត់ព្រំដែនដែលកំពុងដំណើរការ»។

លោកស្រី អ៊ាត សោភា បានអំពាវនាវឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើករណីទាហានថៃជាន់មីនកាលពីថ្ងៃទី១០ និងការបាញ់រះលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់កាលពីថ្ងៃទី១២។ លោកស្រីបានលើកឡើងថា «ឧប្បត្តិហេតុនេះគួរមានការស៊ើបអង្កេតឯករាជ្យ ដោយពុំគួរអនុញ្ញាតឱ្យរឿងនេះ ធ្វើឱ្យខូចដល់ដំណើរការស្ដារសន្តិភាពនោះទេ»៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


