Connect with us

ព័ត៌មានជាតិ

​ឧប. អូន ព័ន្ធមុន្នីរ័ត្ន​ ថា​សម្ពាធ​នៃ​ការ​ចំណាយ​ក្នុង​ឆ្នាំ​២០២៦​កើន​ឡើង​ពិសេស​លើ​កិច្ចការ​ការពារ​អធិបតេយ្យ​​និង​បូរណភាព​ទឹកដី

បានផុស

នៅ

ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​លោក អូន ព័ន្ធ​មុន្នីរ័ត្ន បាន​លើក​ឡើង​ប្រាប់​គណៈ​កម្មការ​ជំនាញ​សភា​ថា​ក្នុង​ឆ្នាំ​២០២៦​ខាង​មុខ​កម្ពុជា​មាន​សម្ពាធ​នៃ​ការ​ចំណាយ​កើន​ឡើង​ ហើយ​ដែល​មុខ​សញ្ញា​ខ្លះ​ត្រូវ​មាន​កំណើន​ជា​ចាំបាច់​គឺ​ការ​ការពារ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​បញ្ជាក់​ទៅ​ប្រធាន​គណៈកម្មការ​ទី២​សភា (គណៈកម្មការ​សេដ្ឋកិច្ច)លោក ឈាង វុន នៅ​វិមាន​រដ្ឋសភា​ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា លោក​ឧបនាយករដ្ឋមន្ត្រី​ អូន ព័ន្ធ​មុន្នីរ័ត្ន បាន​ឱ្យ​ដឹង​ថា​​ការ​រៀបចំ​ច្បាប់​ថវិកា​ឆ្នាំ​២០២៦​ មាន​ការ​ថ្លឹងថ្លែង​ដោយ​ផ្តោត​លើ​ទិដ្ឋភាព​៣​គឺ​ ការ​ថម​ថយ​ចំណូល ការ​កើន​ឡើង​សម្ពាធ​នៃ​តម្រូវ​ការ​ចំណាយ​ដែល​កើន​ឡើង​ពិសេស​លើ​កិច្ច​ការ​ពារ​ជាតិ ​ប្រាក់​សោធន កម្មវិធី​គាំពារ​សង្គម បដិភាគ​នៃ​ការ​វិនិយោគ​សេវា​បំណុល និង​ការ​ស្រក​ស្រុតនៃប្រាក់សន្សំរបស់រាជរដ្ឋាភិបាលដោយសារផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និង វិបត្តិ​ផ្សេង​ទៀត​ដែល​មិនទាន់​អាច​ស្ដារ​ឡើងវិញ​បាន​នៅឡើយ។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​លើក​ឡើង​បន្ថែម​ថា​៖ «ទោះ​បីជា​ជួបប្រទះ​នឹងបញ្ហាប្រឈមយ៉ាងណាក៏ដោយ គម្រោងថវិកាឆ្នាំ ២០២៦ ត្រូវបានរៀបចំ ដោយមានតុល្យភាព ដោយមិនប្រើប្រាស់ប្រាក់សន្សំ​របស់​រាជរដ្ឋាភិ​បាល​ ព្រមទាំង ធានាបាននូវចីរភាព ស្របតាម «ជំហរគោលនយោបាយពង្រឹងស័ក្តិសិទ្ធិភាពថវិកា ដើម្បី​ទ្រទ្រង់​ស្ថិរភាព និងកំណើន ផ្តោតការយកចិត្តទុកដាក់ជាពិសេស លើការពង្រឹង​សមត្ថភាព​ការពារ​អធិបតេយ្យ​ជាតិ និងបូរណភាពទឹកដី ការអភិវឌ្ឍមូលធនមនុស្ស ការកែទម្រង់រដ្ឋបាលសាធារណៈ និងការកែទម្រង់រចនាសម្ព័ន្ធ ដែលមានអភិបាលកិច្ចជាស្នូល»

​​តាមរយៈ​សេចក្ដីព្រាងច្បាប់​ថវិកា​ឆ្នាំ​២០២៦​ដែលកំពុង​ស្ថិត​ក្នុង​ដៃ​គណៈកម្មាធិការ​ជំនាញ​រដ្ឋសភា​នេះ ក្នុង​ឆ្នាំ​២០២៦ រដ្ឋាភិបាល​មាន​គម្រោង​ចំណាយ​ប្រមាណ ១០ពាន់លានដុល្លារអាមេរិក​កើន​ឡើង ៧,៨%​បើ​ធៀប​នឹង​ឆ្នាំ​២០២៥ ខណៈ​ចំណូល​រដ្ឋ​ក្នុង​ឆ្នាំ២០២៦​​ ត្រូវ​បាន​រំពឹង​ថា​រក​បាន​ប្រមាណ​៧ពាន់​៦រយលានដុល្លារ។

ក្នុង​ច្បាប់​នេះ​ក៏បាន​អនុញ្ញាត​ឱ្យ​រដ្ឋាភិបាល​ខ្ចី​លុយ​បរទេស​ក្នុង​ឆ្នាំ​២០២៦​ប្រមាណ ២ប៊ីលានពីររយ​ហាសិប​លាន​អេស​ដេអ៊ែ ឬ​ប្រមាណ ៣ពាន់២០០លានដុល្លារ​ផង​ដែរ​។

​​អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា​បញ្ហា​ជា​ច្រើន​កើត​ឡើង​ជា​បន្តបន្ទាប់​តាំង​ពី​កូវីដ១៩​ បញ្ហា​ទេសចរណ៍​ និង​សង្គ្រាម​មក​ ច្បាស់​ណាស់​ថា​ចំណូល​កម្ពុជា​ត្រូវ​ថយ​ចុះ។ លោក​ថា​ការ​បង្កើត​ថវិកា​ជាតិ និង​គម្រោង​ខ្ចី​លុយ​នេះ​គឺ​ជា​អាទិភាព​មួយ​ដែល​រដ្ឋាភិបាល​ត្រូវ​តែ​ធ្វើ​ស្រប​ពេល​ដែល​មាន​ការ​គំរាម​កំហែង​សន្តិសុខ​ពី​ប្រទេស​ជិត​ខាង​ ទោះ​ជា​យ៉ាង​ណា​លោក​ថា​រដ្ឋាភិបាល​គួរ​តែ​គិតគូរ​ពីបញ្ហា​បំណុល​នេះ​ផង​ដែរ។

លោក​ថា៖ «សំខាន់​ថា​តើ​យើង​អាច​មាន​លទ្ធភាព​រក​លុយ​សម្រាប់​សង​គេ​វិញ​បាន​ដែរ​ឬ​អត់? ជា​ពិសេស​គឺ​ការ​ខ្ចី៣ពាន់លាន​នេះ​។ ការ​ខ្ចី​នេះ​បើ​មើល​ទៅ​វា​មិន​ទាន់​ដល់​ពិតាន​នៃ​ការ​ខ្ចី​បំណុល​សាធារណៈ​ទេ​ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​យើង​មិន​ទាន់​មាន​លទ្ធភាព​សង​វា​គឺ​ជា​បញ្ហា​មួយ​។ មាន​ប្រទេស​ខ្លះ​គឺ​មិនមែន​ធ្លាក់​ចូល​បំណុល​សាធារណៈ​ដោយ​សារ​ការ​ឆ្លង​ផុត​បន្ទាត់​ក្រហម​នៃ​កម្រិត​កម្ចី​ទេ តែ​ដោយ​សារ​សេដ្ឋកិច្ច​ខ្លួន​ឯង​ហ្នឹង​ដាប​អញ្ចឹង​គឺ​មិន​អាច​រក​លុយ​សង​បំណុល​ហ្នឹង​បាន​ទេ​»។

បើ​តាម​លោក​បណ្ឌិត​ មាស នី​​ តាម​លទ្ធភាព​របស់​កម្ពុជា​បច្ចុប្បន្ន ​លោក​មើល​ឃើញ​ថា​អាច​រក​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​ដល់​ការ​ចំណាយ​របស់​ខ្លួន​ប្រចាំ​ឆ្នាំ​បាន​ តែ​បញ្ហា​នោះ​ថា​ដោយ​សារ​បញ្ហា​ពុករលួយ​បាន​ធ្វើ​ឱ្យ​លុយ​ជា​ច្រើន​បាន​ហូរ​ចេញ​ពី​ហោប៉ៅ​រដ្ឋ​ចូល​ទៅ​បុគ្គល​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​រដ្ឋ​បន្ត​ការ​ខ្វះខាត​បែបនេះ។ លោក​ជំរុញ​ដល់​រដ្ឋាភិបាល​មាន​វិធាន​ការ​ឱ្យ​បាន​ម៉ឺង​ម៉ាត់​និង​មាន​ចំណាត់​ការ​ឱ្យ​បាន​ខ្លាំង​ក្លា​លើ​បញ្ហា​នេះ។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ច្បាប់​ថវិការ​ជាតិ​ឆ្នាំ​២០២៦​នៅ​ពេល​កំពុង​ស្ថិត​ក្នុង​គណៈកម្មការ​ជំនាញ​រដ្ឋសភា ខណៈ​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​សភា​លោក ឈាង​ វុន បាន​បញ្ជាក់​ថា​នឹង​ធ្វើ​របាយការណ៍​ជូន​គណៈកម្មាធិការ​អចិន្ត្រៃយ៍ នៃ​រដ្ឋសភា​ដើម្បី​សម្រេច​ដាក់​បញ្ចូល​សេចក្ដី​ព្រាង​ច្បាប់​ទាំងពីរ​នៅ​ក្នុង​របៀបវារៈ:​នៃ​សម័យ​ប្រជុំ​រដ្ឋសភា​នា​ពេល​ខាងមុខ៕ ​

អត្ថបទ​ដោយ ហ៊ុន ​សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម