Connect with us

ព័ត៌មានជាតិ

កម្ពុជា-ថៃ បញ្ចប់ការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថតនៅភូមិព្រៃចាន់ ប្រវែង៧គ.ម. និងគ្រោងបន្តការងារបោះបង្គោលបណ្ដោះអាសន្ន

បានផុស

នៅ

រយៈពេល៧ថ្ងៃ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បានបញ្ចប់ការងារថតរូបពីលើអាកាសដោយប្រើដ្រូន លើដីនៅភូមិព្រៃចាន់ ជាប់នឹងស្រុកគោកស៊ូង ខេត្តស្រះកែវរបស់ថៃ ប្រវែងប្រមាណ៧គ.ម. ដើម្បីបង្កើតផែនទីរូបថត (Photomap) និងគ្រោងបន្តការងារបោះបង្គោលបណ្ដោះអាសន្នលើដី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បញ្ជាក់ពីវឌ្ឍនភាពការងារដូច្នេះ៖« ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរបានចុះអនុវត្ត ការងារលើដីជាក់ស្តែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧គ.ម. នៅក្នុងភូមិសាស្ត្រភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានបញ្ចប់ ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត(Photomap)។ ក្រុមវាស់វែងចម្រុះ នៃ ភាគីទាំងពីរនឹងបន្តការងារវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែង។ »។

«ការងារចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងរបស់ក្រុមការងារចម្រុះ គឺជាការបន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមា លើដីជាក់ស្ដែង ដែលកិច្ចការងារនេះ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា( MOU) ឆ្នាំ២០០០, បែបបទការងារ (TOR)ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ GBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស(Technical Instruction) ដែលកម្ពុជា-ថៃបានឯកភាពគ្នា។»។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន  សង្កត់ធ្ងន់ដូច្នេះទៅកាន់ពលរដ្ឋខ្មែរ តាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅថ្ងៃទី២៦ ខែវិច្ឆិកាដដែល។

សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា  ក៏បានពន្យល់ពលរដ្ឋថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ គោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីប្រទេសដទៃ ប៉ុន្តែកម្ពុជាក៏មិនអនុញ្ញាតឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដែរ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីសារៈសំខាន់នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះថា គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ សម្ដេច ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងដែរថា  ក្រុមការងារចម្រុះនៃកម្ពុជា- ថៃ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។

សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើសុំជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ពីព្រោះថា ជានិច្ចកាលរដ្ឋាភិបាល និង JBC) កម្ពុជា  តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម