Connect with us

ព័ត៌មានជាតិ

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ថាជនក្បត់ជាតិ អ៊ុំ សំអាន យកឈ្មោះរូបលោកទៅប្រឌិតថាថៃបង្ខិតព្រំដែន ក្នុងចេតនាធ្វើឱ្យពលរដ្ឋយល់ច្រឡំលើរដ្ឋាភិបាល បង្កចលាចលសង្គម

បានផុស

នៅ

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ទេសរដ្ឋមន្ត្រី និងជាអតីតអភិបាលខេត្តប៉ៃលិន បានបដិសេដចំពោះអ្វីដែលបុគ្គល អ៊ុំ សំអាន បានផ្សព្វផ្សាយលើបណ្ដាញសង្គមពាក់ព័ន្ធនឹងបញ្ហាបោះបង្គោលព្រំដែន។ នាយឧត្ដមសេនីយ៍ អ៊ី ឈាន អះអាងថា បុគ្គល អ៊ុំ សំអាន បានយកឈ្មោះលោក ទៅប្រឌិតរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែន  ក្នុងចេតនាញុះញង់ កេងចំណេញនយោបាយ បង្កចលាចលសង្គម និងធ្វើឱ្យពលរដ្ឋយល់ច្រឡំមកលើលើរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលកំពុងវាស់វែងបោះបង្គោល​ព្រំដែន តាមឯកសារដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខដ៏កម្ររបស់នាយឧត្ដមសេនីយ៍ អ៊ី ឈាន​ ឆ្លើយតបទៅនឹងបុគ្គល អ៊ុំ សំអាន ធ្លាប់ជាពន្ធនាគារព្រោះប្រើប្រាស់ផែនទីក្លែងក្លាយ និងជាប់ចោទពីបទក្បត់ជាតិបែបនេះ គឺបន្ទាប់ពីបុគ្គល អ៊ុំ សំអាន កំពុងជ្រកកោននៅក្រៅប្រទេស ប្រឌិតរឿងផ្សាយលើបណ្ដាញសង្គមថា «លោក អ៊ី ឈាន អតីតអភិបាលខេត្តប៉ៃលិនធ្លាប់និយាយថា ថៃបានបង្ខិតចូលដីខ្មែររាប់រយម៉ែត្រនៅតំបន់ Pong Nam Ron ជាប់ស្រុកកំរៀងនេះ។ ព្រំដែនចាស់ មិនមែនស្ថិតនៅព្រំដែនបច្ចុប្បន្ននេះទេ។ ប៉ុន្តែឥឡូវនេះ កម្ពុជាទទួលស្គាល់ព្រំដែនថ្មីគឺធ្វើឱ្យបាត់បង់ទឹកដីខ្មែរជាច្រើនគីឡូម៉ែត្រការ៉េនៅតំបន់នោះ»។

ឆ្លើយតបនឹងអ្វីដែល ពិរុទ្ធជន អ៊ុំ សំអាន ផ្សាយលើបណ្ដាញសង្គម,  នាយឧត្ដមសេនីយ៍ អ៊ី ឈាន ប្រកាសបដិសេធ និងបញ្ជាក់មកជនរួមជាតិថា ៖«អ្វីដែល អ៊ុំ សំអាន សរសេរនេះគឺជាការប្រឌិតទាំងស្រុង និងមានចរិតញុះញង់ដើម្បីបង្ករឿង និងកេងចំណេញនយោបាយក្នុងចេតនា បង្កចលាចលសង្គម និងការយល់ច្រឡំមកលើកិច្ចការព្រំដែន ដែលរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជាកំពុងអនុវត្តដោយឈរលើមូលដ្ឋានច្បាប់អន្ដរជាតិ អនុសញ្ញា សទ្ធិសញ្ញា ផែនទីនិងឯកសារដែលបន្សល់ទុកពីបារាំង។ តំបន់ដែលស្ថិតនៅចន្លោះព្រំដែនលេខ៥២ និង៥៩ គឺក្នុងសង្គ្រាមស្ថិតក្រោមការគ្រប់គ្រងរបស់ សុន សេន មិនមែនអៀង សារី ទេ។»។

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ដែលធ្លាប់បញ្ជាទ័ពឆ្អិនឆ្អៅ ក៏បង្ហាញពីភក្ដីភាពចំពោះជាតិ និងទឹកដីកម្ពុជា ទៅកាន់ពលរដ្ឋខ្មែរថា៖«តាំងពីសម័យសង្គ្រាមរហូតមកដល់បច្ចុប្បន្ន និងតទៅអនាគត ខ្ញុំការពារទឹកដីបូរណភាពទឹកដីកម្ពុជាដាច់ខាត ខ្ញុំជាសាក្សីរស់ម្នាក់ដែលបានរស់នៅតាំងពីយូរណាស់មកហើយនៅតំបន់នោះ។»។  

ជុំវិញការចោទប្រកាន់របស់បុគ្គល អ៊ុំ សំអាន ថារាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់ព្រំដែន ធ្វើឱ្យបាត់ដីនៅភូមិសាស្រ្តស្រុកកំរៀង ខេត្តបាត់ដំបងជាប់នឹងខេត្តចន្ទបុរីរបស់ថៃ ក្នុងពេលកំពុងវាស់វែង និងបណ្ដោះអាសន្ន, ទេសរដ្ឋមន្ត្រី អ៊ី ឈាន បញ្ជាក់ថា៖«បង្គោលព្រំដែនដែលក្រុមការងារភាគីកម្ពុជានិងថៃ កំពុងចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននោះគឺឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ  (ProcèsVerbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន- សៀម ឆ្នាំ១៩០៨- ១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា (Mou) ឆ្នាំ២០០០ និងបែបបទការងារដែលភាគីទាំងពីរបានឯកភាពគ្នា។

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ប្រាប់ទៅកាន់ពលរដ្ឋកម្ពុជាថា៖«អ្វីដែលបុគ្គល អ៊ុំ សំអាន ដែលជាជនក្បត់ជាតិលើកឡើងនេះ គឺជាការប្រឌិតញុះញង់សុទ្ធសាធមិនមែនជាការពិតឡើយ។ បុគ្គល អ៊ុំ សំអាន តែងតែនិយាយញុះញង់និងបំភ្លៃខុសពីការពិត ហើយពេលខ្លះយកឈ្មោះអ្នកនេះឬអ្នកនោះមកភ្ជាប់ដើម្បីទាញចំណាប់អារម្មណ៍ក្នុងគោលដៅកេងចំណេញនយោបាយ និងមហិច្ឆតាដ៏អាក្រក់របស់ខ្លួន។»។

ស្របពេលដែលក្រុមវាស់វែងចម្រុះរបស់កម្ពុជា-ថៃ កំពុងដំណើរការងារបោះបង្គោលបណ្ដោះអាសន្ននៅខេត្តបាត់ដំបង  និងខេត្តបន្ទាយមានជ័យ ជាប់នឹងខេត្តស្រះកែវរបស់ថៃ, លោក អ៊ី ឈាន ស្នើជនរួមជាតិជឿទុកចិត្ត លើរាជរដ្ឋាភិបាល និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) កម្ពុជា ដែលបានប្រកាន់ខ្ជាប់ជានិច្ចនូវមនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់បំផុត តម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ ព្រំដែនមិនកែប្រែនិងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុក ដោយ គណៈកម្មការព្រំដែន រវាង ឥណ្ឌូចិន-សៀម។

សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃកម្ពុជា ឱ្យដឹងថា ត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា-ថៃ បានបោះបង្គោលបណ្ដោះអាសន្នចំនួន១៦៦ លើផ្ទៃដីប្រវែងជាង៨គ.ម.  នៅចន្លោះបង្គោលព្រំដែនលេខ៥២ដល់លេខ៥៩ នៅខេត្តបាត់ដំបង ជាប់នឹងខេត្តចន្ទបុរី របស់ថៃ ហើយជាជំហានបន្ទាប់ភាគីទាំងពីរគ្រោងបន្តការងារថតរូបលើអាកាសដើម្បីបង្កើតផែនទីរូបថត (Photomap)។

សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា  ក៏បានពន្យល់ពលរដ្ឋថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ គោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម