Connect with us

ព័ត៌មានជាតិ

កម្ពុជា-កាណាដាឆ្ងាយគ្នាជាង១ម៉ឺនគីឡូម៉ែត្រ តែទំហំពាណិជ្ជកម្មធំជាង១ពាន់លានដុល្លារ សម្ដេចតេជោថាជារឿងមិនធម្មតា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា Christian DesRoches លើកឡើងថា រយៈពេលចុងក្រោយនេះ វិស័យពាណិជ្ជកម្មកម្ពុជា និងកាណាដា កើនឡើងគួរឱ្យកត់សម្គាល់ស្របគ្នានឹងវិស័យនយោបាយ និងការទូត។ សម្ដេច ហ៊ុន សែន ឆ្លើយតបទៅវិញដោយក្ដីរីករាយ និងពេញចិត្តចំពោះកំណើននៃការដោះដូរទំនិញរវាងគ្នាក្នុងទំហំលើសពី ១ពាន់លានដុល្លារនេះ និងថាមិនមែនជារឿងសាមញ្ញទេ ដែលប្រទេសនៅឆ្ងាយគ្នាប៉ុន្តែអាចធ្វើពាណិជ្ជកម្មក្នុងរង្វង់ជាង១ពាន់លានដុល្លារជាមួយគ្នាបាន។ នេះបើតាម អ្នកនាំពាក្យព្រឹទ្ធសភា ជា ធីរិទ្ធ​ ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបរវាងប្រធានព្រឹទ្ធសភា និងទូតកាណាដាប្រចាំកម្ពុជា នាថ្ងៃទី២ ខែធ្នូ នៅវិមានព្រឹទ្ធសភាបញ្ចប់ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមទិន្នន័យពី​អគ្គនា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា ​(GDCE) ក្នុងរយៈពេល១០ខែ នៃ​ឆ្នាំ ២០២៥   ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគីកម្ពុជា-កាណាដា សម្រចបានក្នុងទំហំ១.១ពាន់លានដុល្លារសហរដ្ឋអាម៉េរិក ក្នុងកម្ពុជានាំចេញទៅកាណាដាក្នុងទំហំជាង១ពាន់លានដុល្លារ ចំណែកកម្ពុជានាំចូលពីកាណាដាវិញក្នុងទំហំជាង៥៩លានដុល្លារ។

សម្ដេច ហ៊ុន សែន ក៏បានលើកឡើងនៅចំពោះមុខឯកអគ្គរដ្ឋទូតកាណាដាថា ការដែលកម្ពុជា និងកាណាដានៅឆ្ងាយគ្នា ប៉ុន្តែសម្រេចការដោះដូរទំនិញបានក្នុងទំហំជាង១ពាន់លានដុល្លារទៅបាន គឺកើតឡើងពីការប្ដេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរួមគ្នា។

ត្បិតទំនាក់ទំនងលើវិស័យពាណិជ្ជកម្មកើនឡើងក៏ដោយ ក៏ឯកអគ្គរដ្ឋទូតកាណាដា ប្ដេជ្ញាជំរុញទំនាក់ទំនងនៅក្នុងវិស័យពាណិជ្ជកម្មរវាងកម្ពុជា និងកាណាដាកាន់តែមានភាពសកម្មបន្ថែមទៀត ក៏ដូចជាជំរុញអ្នកវិនិយោគកាណាដាមកវិនិយោគនៅកម្ពុជាបន្ថែម  ព្រោះលោកថា បើនិយាយពីការវិនិយោគរបស់កាណាដានៅកម្ពុជា គេនឹងនឹកឃើញដល់ធនាគារ ABA ជាធនាគាររបស់កាណាដា ដែលនេះជាផ្លែផ្កាមួយ។

ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សង្ឃឹមថា កម្ពុជា និងកាណាដា នឹងរួមសហការគ្នាបន្ថែមទៀតដើម្បីពូនជ្រុំទំនាក់ទំនង ជាប្រវត្តិសាស្ត្រយូរមកហើយរវាងប្រទេសទាំងពីរ ដែលបច្ចុប្បន្ននៅតែរក្សាបាននូវទំនាក់ទំនងដ៏ល្អ ដើម្បីជាផ្នែកនៃការរុញច្រាននៃទំនាក់ទំនងដទៃទៀត ទាំងផ្នែកពាណិជ្ជកម្ម និងវិនិយោគ ពិសេសនៅក្នុងផ្នែកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

កម្ពុជា-កាណដា ស្ថិតនៅទ្វីបខុសគ្នា ដែលមានចម្ងាយឆ្ងាយពីគ្នាជិត១ម៉ឺន២ពាន់គីឡូម៉ែត្រ។ កាណាដា  បានចងភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយកម្ពុជា នៅក្នុងឆ្នាំ១៩៥២​ ពោលគឺមុនពេលដែលកម្ពុជាទទួលបានឯករាជ្យពេញលេញពីបារាំងម៉្លេះ។  ចូលមកដល់ឆ្នាំ២០២៥ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរឈានដល់វ័យ៧៣ឆ្នាំ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម