Connect with us

ព័ត៌មានជាតិ

ជាទំនៀមទម្លាប់ស្រ្តីជនជាតិដើមភាគតិចមានកូនដំបូងហើយមានជំងឺ ចាស់ទុំតែងរៀបចំពិធីបណ្តេញគ្រោះ

បានផុស

នៅ

ជាទំនៀមទម្លាប់របស់ស្រ្តីជនជាដើមភាគតិចមួយចំនួនក្នុងខេត្តរតនគិរី នៅពេលស្ត្រីមានផ្ទៃពោះកូនដំបូងហើយមានជំងឺឈឺថ្កាត់​ ចាស់ទុំក្នុងភូមិ តែងតែរៀបចំពិធីសែនព្រេនដើម្បីសុំសេចក្តីសុខ និងបណ្តេញគ្រោះចង្រៃ។ លើសពីនេះ សមាជិកក្រុមគ្រួសារក៏ទៅរកគ្រូទស្សន៍ទាយ ហើយហាមស្រ្តីមានផ្ទៃពោះធ្វើកិច្ចការមួយចំនួន ឬតំណមអាហារខ្លះ។ ជាក់ស្តែង ស្រ្តីមានផ្ទៃពោះកូនដំបូងដែលមានជំងឺរស់នៅ ភូមិទៀមលើ ឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានធ្វើពិធីសែនព្រេនដែលជាទំនៀមទម្លាប់បន្សល់ពីដូនតាបន្តមកដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកយាយ ឡាំ យូង ជនជាតិដើមភាគតិចគ្រឹង អាយុ ៦០ ឆ្នាំ ជាចាស់ទុំដឹកនាំរៀបចំពិធីសែនព្រេន បានរៀបរាប់ថា ពិធីសែនព្រេននេះ ត្រូវមានសម្ភារដូចជា ពែរអង្រុត ចំនួន ១ ជ្រូកចំនួន ១ ក្បាល អំបោះស ស្រាអង្ករ ១ ចាន សំពត់អាវ ១ កំផ្លេ ស្រាពាង១ ពាង ស្លាម្លូ បារី ទាន ធូប សម្រាប់ជាគ្រឿងសក្ការៈ ធ្វើជាសំណែនជូនទៅខ្មោចព្រាយបិសាច។ លោកយាយបន្តថា ពិធីនេះត្រូវចងជ្រូករស់ និងមាន់រស់ នៅមុខផ្ទះហៅស្រី្តមានផ្ទៃពោះដែលមានជំងឺមកអង្គុយបាចអង្ករសំដៅសត្វជ្រូកនិងមាន់។ ការធ្វើបែបនេះ ដើម្បីឱ្យខ្មោច ព្រាយបិសាច ទទួលយកសំណែន ហើយឈប់ធ្វើទុក្ខបុកម្នេញស្រ្តីមានផ្ទៃពោះ។ បន្ថែមពីនេះ នៅមានគ្រឿងសក្ការៈផ្សេងៗទៀតសម្រាប់រៀបចំពិធីសែន។

លោកយាយបញ្ជាក់ថា ៖«គោលបំណងនៃការសែនព្រេននេះ ប្រសិនបើអ្នកជំងឺទាស់ខុសដោយត្រូវខ្មោចព្រាយ បិសាចធ្វើឱ្យឈឺថ្កាត់មែនប្រាកដជា ជាសះស្បើយវិញ ហើយបើតាមទំនៀមទម្លាប់ពីបុរាណមក ចាស់ទុំមានជំនឿថា ស្ត្រីមានកូនដំបូងអាចចៀសផុតពីកូនស្លាប់នៅក្នុងផ្ទៃ ឬ កើតមកស្លាប់ទៅវិញ «កាន់កូនមិនបាន»។

លោកយាយបានរៀបរាប់ទៀតថា បន្ទាប់ពីសែនរួចរាល់ បុរសជាប្តីត្រូវមានទំនួលខុសត្រូវធ្វើការងារផ្ទះបាយទាំងអស់ ដែលមានរយៈពេល ៣ ថ្ងៃគត់ ហើយភរិយាមិនតម្រូវឱ្យធ្វើការងារផ្ទះ ឬ ចេញក្រៅផ្ទះ នៅអំឡុងពេលមានតំណមនេះ។ លើសពីនេះ ស្រ្តីមានផ្ទៃពោះត្រូវតំណមអាហារមួយចំនួនដូចជា ត្រយូងចេក ត្រីអណ្តែង ត្រីកន្ទុយក្រហម ព្រោះការហូបរបស់ទាំងនេះនឹងធ្វើឱ្យពិបាកសម្រាលកូន។

ស្រ្តីមានផ្ទៃពោះពាក់អាវផ្កាឈូក

នៅតាមសហគមន៍ជនជាតិដើមភាគតិច ពិធីសែនព្រេនបែបនេះនៅតែប្រារព្ធជាទៀងទាត់ ថ្វីត្បិតតែសម័យបច្ចេកវិទ្យាជឿនលឿនក៏ដោយ ប៉ុន្តែផ្នត់គំនិតរបស់ជនជាតិដើមភាគតិចមួយចំនួននៅតែប្រកាន់ខ្ជាប់ទំនៀមទម្លាប់ដែលបន្សល់ទុកពីដូនតា៕

ដោយ៖ ខៀវ ចាប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម