ព័ត៌មានជាតិ
អង្គការយូណេស្កូ ជំរុញឱ្យការពារបន្ទាន់តំបន់បេតិកភណ្ឌក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ
អង្គការយូណេស្កូ (UNESCO) បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងចំពោះភាពតានតឹងឡើងវិញរវាងប្រទេសកម្ពុជា និងប្រទេសថៃ រួមទាំងនៅតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។
ទន្ទឹមនេះ អង្គការយូណេស្កូ អំពាវនាវឱ្យមានការការពារជាបន្ទាន់នូវបេតិកភណ្ឌវប្បធម៌របស់តំបន់នេះគ្រប់ទម្រង់ទាំងអស់។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អង្គការយូណេស្កូ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៥។

ជាមួយគ្នានេះ យូណេស្កូ ក្រើនរំលឹកដល់គ្រប់ភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេឆ្នាំ ១៩៥៤ ស្តីពីការការពារទ្រព្យសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និងអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក។ អង្គការយូណេស្កូនឹងបន្តតាមដានស្ថានភាពបេតិកភណ្ឌវប្បធម៌នៅក្នុងតំបន់ ដើម្បីធានាការការពាររបស់ខ្លួន។
ដើម្បីសម្រេចគោលដៅនេះ អង្គការយូណេស្កូ ក៏បានជម្រាបដល់គ្រប់ភាគីពាក់ព័ន្ធអំពីកូអរដោនេភូមិសាស្ត្រនៃទីតាំងនានាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក៏ដូចជាទីតាំងដែលមានសារៈសំខាន់ជាតិ ដើម្បីជៀសវាងការខូចខាតដែលអាចកើតមាន។ អង្គការយូណេស្កូ ត្រៀមខ្លួនជាស្រេចដើម្បីផ្តល់ជំនួយបច្ចេកទេសចាំបាច់ ដើម្បីធានាការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុវត្តវិធានការការពារចាំបាច់ណាមួយឱ្យបានឆាប់តាមដែលលក្ខខណ្ឌអនុញ្ញាត។
ការជំរុញរបស់ស្ថាប័នពិភពលោកទទួលខុសត្រូវផ្នែកបេតិកភណ្ឌនេះ បន្ទាប់ពីយោធាថៃ បើកការវាយប្រហារឈ្លានពានដែនអធិបតេយ្យកម្ពុជាជាថ្មី ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ ២០២៥ ដោយបានបំផ្លាញផ្នែកខ្លះនៃប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក ប្រាសាទតាក្របី រួមទាំងប្រាសាទមួយចំនួនទៀត ។
ការបំផ្លាញសំណង់ប្រវត្តិសាស្រ្តដែលបន្សល់ទុកដោយដូនតាខ្មែរ ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសចំពោះសកម្មភាពឈ្លានពានរបស់ភាគីថៃ មកលើបូរណភាពទឹកដីរបស់កម្ពុជា និងការបន្តបំផ្លាញបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កំរោលនេះ។ ក្រសួងសង្កត់ធ្ងន់ថា៖«ទង្វើដ៏សាហាវនេះ បង្ហាញពីភាពអសីលធម៌ ដែលបង្ហាញពីការប្រមាថ មាក់ងាយដល់វប្បធម៌ អរិយធម៌ និងទីសក្ការៈដែលជាមរតកមនុស្សជាតិ ជាពិសេសមរតកវប្បធម៌ដែលដូនតាខ្មែរបានកសាង បន្សល់ទុកមានតម្លៃមិនអាចកាត់ថ្លៃបាន»។

គួរជម្រាបថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ៥:០០នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើទឹកដីកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ និងទីតាំងផ្សេងទៀតតាម បណ្តោយព្រំដែន ដោយប្រើប្រាស់អាវុធធុនធ្ងន់ជាច្រើន។ រហូតដល់ម៉ោង ៧:០០នាទីព្រឹកថ្ងៃដដែល ការវាយប្រហារដោយយោធាថៃបានបន្តមកដល់តំបន់ជុំវិញនិងទីតាំងផ្ទាល់ប្រាសាទព្រះវិហារ ដោយបានបំផ្លាញអគារអភិរក្សរបស់គម្រោងអភិរក្ស និងជួសជុលគោបុរៈទី៥ ប្រាសាទព្រះវិហារ ក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌា ដែលស្ថិតនៅបរិវេណគោបុរៈទី៥ និង ហេដ្ឋារចនាសម្ព័ន្ធអភិរក្សដទៃទៀត៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


