Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើ​​ប្រជុំ​JBCជា​បន្ទាន់ ​ដោយ​​ប្រកាស​មិន​ទទួល​ស្គាល់​ខ្សែ​ព្រំដែន​​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង

បានផុស

នៅ

​​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក​ JBC កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​ទៅ JBC ថៃ​ស្នើ​រៀបចំ​កិច្ច​ប្រជុំ​ពិសេស​បន្ទាន់​មួយ​នៅ​សប្ដាហ៍​ទី​១ ខែ​មករា ឆ្នាំ​២០២៦ នៅ​ខេត្ត​សៀមរាប​ដើម្បី​ពិភាក្សា​ និង​បន្ត​ការ​ងារ​វាស់​វែង​និង​ខណ្ឌ​សីមា​រវាង​ប្រទេស​ទាំង​ពីរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ថ្ងៃ​ទី​២៩ ខែ​ធ្នូ នេះ​រដ្ឋលេខាធិការកិច្ចការ​​ព្រំដែន​កម្ពុជា​បាន​បញ្ជាក់​ថា​កិច្ច​ពិភាក្សា​នេះ​នឹង​ផ្ដោត​លើ​ការ​បន្ត​ចុះ​អនុវត្ត​ការ​វាស់វែង​ និង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​លើ​ដី​ជាក់​ស្ដែង​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤២-៤៧ នៅ​ភូមិ​ជោគជ័យ និង​ព្រៃ​ចាន់​ ឃុំអូរ​បីជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយ​មានជ័យ និង​ចន្លោះ​បង្គោល​លេង​ ៥២-៥៩ ក្នុង​ភូមិ​សាស្ត្រ​ឃុំ​បឹង​រាំង និង​ឃុំ​កំរៀង​ ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។

ក្រៅ​ពី​នេះ​ក្រុម​ការងារ​ក៏​នឹង​ពិភាក្សា​អំពី​ការ​ចុះ​វាស់វែង និង​បោះ​បង្គោល​បណ្ដោះ​អាសន្ន​លើ​ដី​ជាក់​ស្ដែង​លើ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៣៣-៣៧ (តំបន់​បឹង​ត្រកួន) តំបន់​ច្រក​ទ្វា​អន្តរជាតិ​ថ្ម​ដា តំបន់​អូរ​ភ្លុក​ដំរី តំបន់​ព្រំដែន​ច១ និង​តំបន់​ព្រំដែន​ផ្សេង​ទៀត​។ ព្រម​ទាំង​បញ្ជូន​ក្រុម​វាស់​វែង​ចម្រុះ​ ដើម្បី​ចុះ​អនុវត្ត​ការងារ​វាស់​វែង​ និង​ខណ្ឌ​សីមា​លើ​ដី​ជាក់​ស្ដែង​ នៅ​កំណាត់​ខ្សែ​ព្រំដែន​ចន្លោះ​បង្គោល​ព្រំដែន​ដែល​បាន​ឯកភាព​គ្នា​ (ខ្សែ​ព្រំដែន​ដើរតាម​ផ្លូវ​ទឹក​ និង​ខ្សែ​ព្រំដែន​ជា​បន្ទាត់​ត្រង់) ដោយ​អនុវត្ត​តាម​ស្មារតី​នៃ​កំណត់​ហេតុ​កិច្ច​ប្រជុំ​លើក​ទី​៦ របស់​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក​ (JBC) ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៥។

​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បាន​បញ្ជាក់​ថា​ កម្ពុជា​នៅ​តែ​ប្រកាន់​ជំហរ​ប្រើប្រាស់​ អនុសញ្ញា សន្ធិសញ្ញា បារាំង​-សៀម ផែនទី និង​កំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​ឥណ្ឌូចិន-សៀម ព្រមទាំង​កិច្ច​ព្រមព្រៀង​ និង​ឯក​សារ​ពាក់ព័ន្ធ​នានា​ដែល​ប្រទេស​ទាំង​ពីរ​ឯក​ភាព​កន្លង​មក​។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បញ្ជាក់​ថា៖ «ក្នុង​ន័យ​នេះ​ គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​គោក (JBC) កម្ពុជា នឹង​បន្ត​អនុវត្ត​ការ​ងារ​វាស់​វែង​ និង​ខណ្ឌសីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​បំផុត​ជាមួយ​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) ថៃ​ ដើម្បី​សម្រេច​បាន​នូវ​សន្តិភាព​យូរ​អង្វែង​តាម​បណ្ដោយ​ព្រំដែន​ និង​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណាមួយ​ដែល​កើត​ចេញពី​ការ​ប្រើប្រាស់​កម្លាំង​»

កម្ពុជា-ថៃ​បាន​ឈាន​ដល់​កិច្ច​ព្រមព្រៀង​ឈប់​បាញ់​មួយ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ ថ្ងៃ​ទី​២៧ ខែ​ធ្នួ កន្លង​ទៅ ដោយ​ក្នុង​កិច្ច​ព្រមព្រៀង​នោះ​បាន​ប្រគល់​តួនាទី​ដល់​ដល់​គណៈកម្មការ​ចម្រុះ​ព្រំដែន​បន្ត​ការ​អនុវត្ត​ការងារ​វាស់​វែង​ និង​ខណ្ឌ​សីមា​ព្រំដែន​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​ ស្រប​តាម​កិច្ច​ព្រមព្រៀង​ដែល​មាន​ស្រាវ​រវាង​ប្រទេស​ទាំង​ពីរ​។ គណៈ​កម្មការ​ចម្រុះ​នេះ​នឹង​ផ្ដល់​អាទិភាព​ខ្ពស់​បំផុត​ចំពោះ​ការងារ​វាស់វែង​ និង​ខណ្ឌ​សីមា​ព្រំដែន​នៅ​តំបន់​រង​ផល​ប៉ះពាល់​ ដែល​មាន​ជន​ស៊ីវិល​រស់​នៅ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម