Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ផ្ដល់អំណោយ ៥ កុងតឺន័រ ជូនកងទ័ពជួរមុខ និងចែកអំណោយដល់កុមារ ក្នុងមណ្ឌលសុវត្ថិភាពខេត្តព្រះវិហារ ជាង ១ ពាន់នាក់

បានផុស

នៅ

នៅ​រសៀល​ថ្ងៃ​ទី ២៩ និង​ព្រឹក​ថ្ងៃ​ទី ៣០ ធ្នូ លោក ឯក ឃុនដឿន អភិបាល​រង តំណាង លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​សួរ​សុខទុក្ខ និង​ចែក​អំណោយ​ជូន​កុមារ​ភៀស​សឹក​រស់នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព ខេត្ត​ព្រះវិហារ ព្រមទាំង​ផ្តល់​អំណោយ​ជា​គ្រឿង​ឧបភោគ​បរិភោគ និង​សម្ភារ ចំនួន ៥ កុងតឺន័រ ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក​ទិស​ខេត្ត​ព្រះវិហារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌល​សុវត្ថិភាព​នេះ មាន​ប្រជាពលរដ្ឋ​ជា​ជនភៀសសឹក​ប្រមាណ ១ ៣០០ គ្រួសារ។ នា​រសៀល​ថ្ងៃ​២៩ ធ្នូ កុមារ​ប្រមាណ​ជាង ១ ០០០ នាក់ នៅ​មណ្ឌល​សុវត្ថិភាព នេះ ត្រូវ​បាន​លោក ឯក ឃុនដឿន និង​ក្រុមការងារ ចែក​ជូន​អំណោយ​មាន​ដូចជា ៖ នំ ទឹកដោះគោ​កូនក្មេង មី ស្ករ​គ្រាប់ និង​តុក្កតា​ជាដើម។ បន្ទាប់មក នៅ​ព្រឹក​ថ្ងៃ​ទី ៣០ ធ្នូ លោក ឯក ឃុនដឿន បាន​បន្ត​ប្រគល់​អំណោយ​រាប់​សិប​មុខ សរុប​ចំនួន ៥ កុងតឺន័រ ជូន​កងទ័ព​ជួរមុខ និង​ជនភៀសសឹក​ខេត្ត​ព្រះវិហារ ដែល ១ កុងតឺន័រ ស្មើ​នឹង ២៤ មុខ មាន​ដូចជា ៖ ទឹកបរិសុទ្ធ អង្រឹង មី ភេសជ្ជៈ​ចម្រុះ អីវ៉ាន់​ចម្រុះ ថ្នាំដុសធ្មេញ ច្រាស់​ដុស​ធ្មេញ ធូបមូស​+​ថ្នាំ​បាញ់​មូស អំបិល ម៉ាស ត្រី​ប្រឡាក់​+​ត្រីងៀត នំ ទឹកដោះគោ​ចម្រុះ សាប៊ូ ស្ករស ប៊ីចេង សាប៊ូ​លាងចាន ថ្នាំពេទ្យ​អំបុក ឃី​ត ត្រីខ អាវ​រងា ត្រីងៀត និង​គោ​ងៀត។ ចំណែក ៤ កុងតឺន័រ ទៀត ដោយ ១ កុងតឺន័រ​មាន​ចំនួន ១៥ មុខ ដូចជា​ ៖​ ទឹកបរិសុទ្ធ ភេសជ្ជៈ​ចម្រុះ​មី អំបិល​ត្រីប្រឡាក់​+​ត្រីងៀត នំ សាប៊ូ ស្ករស ប៊ីចេង​សាប៊ូ​លាងចាន ថ្នាំពេទ្យ ឃី​ត សៀង និង​ប៊ីដុង។ ចំណែក​ ៣​ កុងតឺន័រ ​ទៀត ជា​ទឹកបរិសុទ្ធ​ និង​ភេសជ្ជៈ​ប្រមាណ ​១៥ ០០០​ កេស។

ក្នុង​ឱកាស​នោះ តំណាង​វីរ​កងទ័ព​ជួរមុខ​ បាន​គោរព​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ លោក ឃួង ស្រេង ដែល​ជានិច្ចកាល តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​វីរ​កងទ័ព​ជួរមុខ និង​ជនភៀសសឹក។

តំណាង​ឱ្យ​វីរ​កងទ័ព​ជួរមុខ​ទាំងអស់ បាន​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី​កម្ពុជា មិន​ឱ្យ​បាត់បង់​ដាច់ខាត ក្រោម​ការ​ដឹកនាំ​ដ៏​វៃឆ្លាត​របស់​ សម្តេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង​ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា។

លោក ឯក ឃុន​ឌឿ​ន ក្នុង​ឱកាស​នោះ បាន​នាំ​យក​នូវ​ការ​ផ្ដាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​លោក​អភិបាល​រាជធានី​ភ្នំពេញ និង​សូម​គោរព​អរគុណ និង​ដឹងគុណ ចំពោះ​វីរ​កងទ័ព​ជួរមុខ​ដែល​កំពុង​ឈរ​ជើង​យ៉ាង​រឹងមាំ ដើម្បី​តតាំង​ជាមួយ​ពួក​ឈ្លានពាន​ទឹកដី​កម្ពុជា ក្រោយ​ពួក​ឈ្លានពាន​បាន​ធ្វើ​ឱ្យ​បាត់បង់​អាយុជីវិត​ពលរដ្ឋ​ស្លូតត្រង់ និង​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិ​បេតិកភណ្ឌ មនុស្ស​ជាតិ ប្រាសាទ​បុរាណ វត្ត​អារាម សាលារៀន មន្ទីរពេទ្យ អគារ​ពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន​ផ្សេងទៀត។

លោក​អភិបាលរង ក៏បាន​ជូនពរ និង​បួងសួង​ឱ្យ​វីរ​កងទ័ព​ជួរមុខ​ទាំងអស់ មាន​សុខភាព​ល្អ និង​ឈ្នះ​អស់​សត្រូវ​ឈ្លានពាន​បូរណភាព​ទឹកដី​កម្ពុជា៕

អត្ថបទ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម