Connect with us

ព័ត៌មានអន្ដរជាតិ

ឧត្តមសេនីយ៍ឯក ឌី វិជ្ជា  អញ្ជើញបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងដាក់ចេញទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង

បានផុស

នៅ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ នាព្រឹកថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០២៦ បានអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៥ ព្រមទាំងដាក់ចេញទិសដៅការងារសម្រាប់ឆ្នាំ២០២៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង។ អង្គពិធីនេះមានការចូលរួមពីសំណាក់លោកស្នងការ ស្នងការរង មន្ត្រីនគរបាលពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ បានឱ្យដឹងថា ក្នុងរយៈពេលពេញមួយឆ្នាំកន្លងទៅ កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»។ ក្នុងនោះ បទល្មើសព្រហ្មទណ្ឌត្រូវបានបង្ក្រាបបានទាន់ពេលវេលា ការងារគ្រប់គ្រងសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនត្រូវបានពង្រឹង និងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានភាពល្អប្រសើរ។

ថ្លែងក្នុងឱកាសនោះ អភិបាលខេត្តស្វាយរៀង ប៉េង ពោធិ៍សា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនគរបាលខេត្តទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងខេត្តបានយ៉ាងល្អប្រសើរ។

ទន្ទឹមនឹងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ក៏បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងការណែនាំពីសំណាក់ឯកឧត្តមអគ្គស្នងការនគរបាលជាតិ ដោយបានសង្កត់ធ្ងន់លើទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២៦ រួមមាន៖១. បន្តពង្រឹងការងារសន្តិសុខផ្ទៃក្នុង និងទប់ស្កាត់រាល់សកម្មភាពដែលបង្កអសន្តិសុខសង្គម។ ២. បង្កើនការយកចិត្តទុកដាក់លើការងារគ្រប់គ្រងជនបរទេស និងការបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ។ ៣. ជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ និង៤. បន្តលើកកម្ពស់សមត្ថភាពមន្ត្រី និងពង្រឹងសីលធម៌ វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។

ក្នុងអង្គពិធីនេះ ក៏មានការបំពាក់គ្រឿងឥស្សរិយយស និងប្រគល់លិខិតសរសើរ ប័ណ្ណសរសើរ ជូនដល់មន្ត្រីនគរបាលដែលមានស្នាដៃឆ្នើមក្នុងការបំពេញភារកិច្ចកន្លងមក ដើម្បីជាការលើកទឹកចិត្តផងដែរ៕

ដោយ/ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម