ព័ត៌មានជាតិ
ឧប. នេត សាវឿន ឱ្យអាជ្ញាធរការពារធនធានធម្មជាតិ កុំចាំតែពលរដ្ឋបង្ហោះហ្វេសប៊ុក ព្រោះពលរដ្ឋទទួលយកមិនបានទេ ពេលមានបទល្មើសតែអាជ្ញាធរឆ្លើយមិនដឹង
ស្របពេលដែលក្រសួងបរិស្ថាន បានចែកដ្រូន និងផែនទីផ្កាយរណបឱ្យមន្ទីរបរិស្ថាន ដើម្បីជំនួយដល់ ការអនុវត្តច្បាប់, ឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានណែនាំឱ្យមន្ត្រី និង តួអង្គពាក់ព័ន្ធបន្តពង្រឹងការថែរក្សាគ្រប់គ្រងតំបន់ការពារធម្មជាតិ ឱ្យគង់វង្សប្រកបដោយចីរភាព និងបន្តការជំរុញចលនា ពន្លកបៃតង ដើម្បីបង្កើនភាពបៃតង និងត្រូវចាត់ទុកការងារការពារតំបន់ធម្មជាតិ ជាទិសដៅអាទិភាព ប្រកបស្មារតីទទួលខុសត្រូវខ្ពស់បំផុត កុំចាំតែពលរដ្ឋបង្ហោះលើបណ្ដាញសង្គមទើប បង្ក្រាប ព្រោះពលរដ្ឋមិនអាចទទួលយកបានឡើយ នៅពេលកើតមានបទល្មើសធនធានធម្មជាតិ ប៉ុន្តែមន្ត្រីឆ្លើយថាមិនដឹង។

ថ្លែងក្នុងពិធីបិទ «សន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦» របស់ក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី៣០ ខែមករា ឧបនាយករដ្ឋមន្ត្រី នេត សាវឿន សង្កត់ធ្ងន់ដូច្នេះ៖ «ម៉ោងនេះ កុំចាំតែពលរដ្ឋរាយការណ៍កុំចាំតែគេបង្ហោះ! យើងត្រូវទទួលស្គាល់ថា ម៉ោងនេះ ពលរដ្ឋនិងសង្គមទាំងមូល ទទួលយកមិនបានទេ មានបទល្មើសកើតឡើងហើយ អាជ្ញាធរមូលដ្ឋានឆ្លើយថាមិនដឹងនោះ? យើងត្រូវចងចាំថា កិច្ចការពារតំបន់ធនធានធម្មជាតិនេះ គឺជាដង្ហើមធម្មជាតិនៃប្រទេសជាតិរបស់យើង ការបំផ្លិចបំផ្លាញ បំពាន រំលោភលើដី និងតំបន់ ទាំងនោះ គឺជាទោសដ៏ធ្ងន់ធ្ងរមួយ ដែលខ្ញុំសំណូមពរឱ្យក្រសួងបរិស្ថាន និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ រួមទាំងមន្ត្រីអនុវត្តច្បាប់របស់យើង គឺ សូមកុំមានការពាក់ព័ន្ធឱ្យសោះ នឹងត្រូវចាត់ វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត។»។

លោក នេត សាវឿន ប្រាប់ទៅកាន់មន្ត្រីពាក់ព័ន្ធថា បន្ថែមពីលើកិច្ចការងារអភិរក្សការពារតំបន់ការពារធនធានធម្មជាតិ ក៏មិនត្រូវភ្លេចពីការងារអភិវឌ្ឍផងដែរ។ ក្នុងន័យនេះ ក្រសួងបរិស្ថានត្រូវគិតគូរការរស់នៅអាស្រ័យផល របស់ប្រជាសហគមន៍មូលដ្ឋាន ដែលរស់នៅក្បែរ ឬក្នុងតំបន់ការពារធម្មជាតិទាំងនោះ សំដៅធ្វើយ៉ាងណាប្រែក្លាយជាតំបន់ លំហែបៃតងធម្មជាតិ ដែលអាចលើកស្ទួយជីវភាពសេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់ ប៉ុន្តែរក្សាបាននូវ គុណតម្លៃធម្មជាតិ សង្គមនិងវប្បធម៌ ស្របតាមអនុសាសន៍ណែនាំរបស់ សម្តេចធិបតី ដែលលោកបានចុះផ្ទាល់ដល់តំបន់ខ្នងផ្សា នាពេលកន្លងមក។

ក្រៅពីការងារការពារអភិរក្សតំបន់ព្រៃឈើ ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ថ្លែងថាប្រាប់មន្ត្រីក្រសួងបរិស្ថានថា មិនត្រូវមើលរំលង ការគ្រប់គ្រង និងអភិរក្សបឹងធម្មជាតិ និងព្រៃលិចទឹកឡើយ។ ក្នុងន័យនេះ លោកស្នើក្រសួង បរិស្ថាន និងក្រសួង ស្ថាប័នពាក់ព័ន្ធ ផ្តោតជាអាទិភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រង និងការអភិរក្សបឹងទន្លេសាប ទន្លេមេគង្គ និងព្រៃលិចទឹក ដែលមានសារៈសំខាន់ខ្លាំងសម្រាប់ សេដ្ឋកិច្ច សង្គម វប្បធម៌ និងបរិស្ថានកម្ពុជា ទាំងក្នុងតំបន់ និងសកល ជាពិសេសជាប្រភពនៃ សន្តិសុខស្បៀង និងអាហារូបត្ថម្ភសម្រាប់ប្រជាសហគមន៍មូលដ្ឋាន។ បឹងទន្លេសាប និងទន្លេមេគង្គ ផ្តល់ផលនេសាទរាប់ម៉ឺនតោនក្នុងមួយឆ្នាំៗ រួមទាំង សេវាកម្មអេកូឡូស៊ីផ្សេងៗទៀត ដែលផល ប្រយោជន៍ទាំងនេះកើតឡើងដោយធម្មជាតិ ដោយមិនចាំបាច់ដាក់ទុនវិនិយោគ។ ក្នុងន័យនេះ ចូរអភិរក្ស និងអភិវឌ្ឍតំបន់បឹងទន្លេសាប ទន្លេសាប និងទន្លេមេគង្គ ឱ្យមានតុល្យភាពគ្នា សំដៅធានាឱ្យបាននូវអរិយភាពនៃអេកូវប្បធម៌នៅតំបន់ទាំងនោះ។

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យពង្រឹងសេដ្ឋកិច្ចបៃតងរបស់កម្ពុជា តាមរយៈការស្តារព្រៃកោងកាង ស្មៅសមុទ្រ និងថ្មប៉ប្រះទឹក នៅតាមបណ្តាខេត្ត តំបន់ឆ្នេរ និងសមុទ្រ និង ត្រូវពង្រីកបន្ថែមនូវតំបន់ការពារធម្មជាតិសមុទ្រ និងលើកកម្ពស់លំហែបៃតងប្រកបដោយនិរន្តរភាព ដើម្បីធានាឱ្យបាននូវការអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ធនធានធម្មជាតិ ដោយឈ្លាសវៃ និងមាននិរន្តរភាព សំដៅលើកកម្ពស់ភាពរុងរឿងនៃសេដ្ឋកិច្ចមូលដ្ឋាន៕
ដោយ៖ ង៉ិល ណារ៉ាត់




-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


