Connect with us

ព័ត៌មានជាតិ

ឱកាសបុណ្យចូលឆ្នាំចិន វៀតណាម ចំនួនភ្ញៀវទេសចរទៅលេងកម្សាន្ដនៅខេត្តកោះកុងថយចុះ១ភាគរយបើធៀបឆ្នាំមុន

បានផុស

នៅ

ខេត្តកោះកុងទទួលបានអ្នកទេសចរជាតិ និងអន្តរជាតិប្រមាណ ២១.៩៤៦នាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិចិន-វៀតណាម រយៈពេល៣ថ្ងៃមកនេះ។ តួលេខនេះត្រូវបានមន្រ្តីទេសចរណ៍មើលឃើញថា កើនតែ១ភាគរយប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គិតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកុម្ភៈ នៃពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ខេត្តកោះកុងបានទទួលភ្ញៀវទេសចរចម្រុះជាតិសាស្ដ្រសរុប ២១.៩៤៦នាក់ ក្នុងនោះជនជាតិបរទេស៣១៨នាក់ ដែលពួកគេមកស្នាក់នៅលេងកម្សាន្តយ៉ាងសប្បាយនៅតាមរមណីយដ្ឋានទេសចរណ៍នានា តបនឹងចំណង់ចំណូលចិត្ត។

លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយទេសចរណ៍ នៃមន្ទីរទេសចរណ៍ខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា តំបន់ទេសចរណ៍នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ ពុំសូវមានចំនួនភ្ញៀវទេសចរមកលេងស្នាក់នៅច្រើនដូចពេលមុនៗ ទោះបីស្ថានការណ៍ព្រំដែនបានធូរស្រាលហើយក៏ដោយ។ ដោយឡែករមណីយដ្ឋានទេសចរណ៍ មានភ្ញៀវទេសចរច្រើនជាងគេនៅស្រុកស្រែអំបិល ស្រុកគិរីសាគរ និងស្រុកថ្មបាំង ព្រោះតែទីនោះអ្នកទេសចរយល់ថា ជាកន្លែងសុវត្ថិភាពសម្រាប់ទៅកម្សាន្តលំហែ។

មន្រ្តីទេសចរណ៍ដដែល អះអាងថា តាមការវាយតម្លៃតួលេខអ្នកទេសចរខាងលើនេះបានកើនឡើងតែ១ភាគរយប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥កន្លងទៅ។ បញ្ហានេះបានធ្វើសេដ្ឋកិច្ចចំណូលរបស់ប្រជាសហគមន៍ ប្រតិបត្តិករ និងសេវាករទេសចរណ៍ បាត់បង់គួរឱ្យកត់សម្គាល់។ ទោះយ៉ាងណា មន្ទីរទេសចរណ៍ខេត្តកោះកុង ក៏អំពាវនាវដល់ភ្ញៀវទេសចរមេត្តាអញ្ជើញមកលេងកម្សាន្តអោយបានច្រើនកុះករជាថ្មី ដើម្បីអាចឱ្យប្រតិបត្តិករ សេវាករ និងប្រជាពលរដ្ឋ ស្តារសេដ្ឋកិច្ចជីវភាពរស់នៅឡើងវិញ។

យុវជន សំ តិចគ័ង និងអ្នកស្រី មួយ ចេង ជាអ្នកទេសចរមកពីរាជធានីភ្នំពេញ ចាប់អារម្មណ៍ទស្សនានៅសហគមន៍អេកូទេសចរធម្មជាតិពាមក្រសោប ថ្លែងថា ពួកគាត់មិនបារម្ភអីខ្លាំងពេកពីស្ថានការណ៍ព្រំដែននៅខេត្តកោះកុង ទើបមកលេងជាលក្ខណៈគ្រួសារ។ តាមគម្រោងនឹងទៅលេងឆ្នេរសមុទ្រប៉ាក់ខ្លង ចេយតិឃុងឆាងឃុនផែន និងតំបន់ទេសចរណ៍ដ៏ទៃ ហើយត្រឡប់លំនៅឋានវិញ។

ក្រុមអ្នកទេសចរជាតិដដែលយល់ថា តម្លៃសេវាកម្មស្នាក់នៅហូបចុក អាចទទួលយកបានមិនថ្លៃពេកឡើយ ប៉ុន្តែស្នើឱ្យបន្តពង្រីកអភិវឌ្ឍន៍កាន់តែរីកចម្រើនបន្ថែមតាមតំបន់ទេសចរណ៍នីមួយៗ ដើម្បីបង្កើនភាពទាក់ទាញ។

លោក សៀក សាប៊ុន ប្រធានសហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាង ស្ថិតនៅស្រុកមណ្ឌលសីមា ថ្លែងថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ អត្រាអ្នកទេសចរមកលេងកម្សាន្តតំបន់រមណីយដ្ឋានរបស់លោក គឺថយចុះខ្លាំង ពោលគឺបានតែប្រមាណ១.៦០០ប៉ុណ្ណោះ បើធៀបនឹងឆ្នាំកន្លងទៅថយចុះជាង៨០ភាគរយ ព្រោះតែអ្នកទេសចរព្រួយបារម្ភអំពីសុវត្ថិភាពខ្លាំងមានការផ្ទុះអាវុធជាមួយភាគីថៃ។

ស្របពេលនេះ សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោប កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបន្ថែមទៀតក្រោមជំនួយពីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងអង្គការដៃគូអភិវឌ្ឍន៍នានា សំដៅលើកកម្ពស់សោភ័ណ្ឌភាព និងទាក់ទាញចំនួនអ្នកទេសចរឡើងវិញ៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម