Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី៖ ​យានយន្ត​អគ្គិសនី​មានកំណើន​ស្ទុះ​ប្រើប្រាស់​ខ្លាំង​នៅក្នុងប្រទេស​​កម្ពុជា

បានផុស

នៅ

ឯកឧត្តម​ ហ៊ុន ម៉ានី ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ​បាន​មើល​ឃើញ​​ពី​កំណើន​នៃ​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​​នៅក្នុងប្រទេស​កម្ពុជា ដែល​កំពុង​មានតម្រូវការ​យ៉ាង​​ខ្លាំង​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ថ្លែង​នៅ​ក្នុង​កម្មវិធី​បើក​ពិព័រណ៍​រថយន្ត​ឆ្នាំ ២០២៦ នៅ​មជ្ឍមណ្ឌល​ ដឺ ព្រីមៀ សែន​សុខ​កាល​ពី​ម្សិលមិញនេះ ឯកឧត្តម ហ៊ុន ម៉ានីបាន​ថ្លែង​ថា គិត​មកដល់​បំណាច់ឆ្នាំ ២០២៥ នេះ យានយន្ត​អគ្គិសនី​ដែល​បាន​ចុះ​បញ្ជី​បាន​កើន​ដល់ ១២ ៩៦៨ ម៉ឺន​គ្រឿង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការកើនឡើង​នេះ​ស្រប​ពេលដែល​​រដ្ឋាភិបាលកម្ពុជា ​បាន​ដាក់​ចេញ​គោល​នយោបាយ​លើក​ទឹកចិត្ត​សម្រាប់​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី ដើម្បី​កាត់​បន្ថយ​ការ​បំពុល​ដល់​បរិយាកាស។

ទិន្នន័យ​ពី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​ ក៏​បាន​បង្ហាញពី​កំណើន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​ក្នុង​ឆ្នាំ ២០២៥ ដែលមានការ​កើន​ឡើង​យ៉ាងខ្លាំង​បើ​​ធៀប​ឆ្នាំ ២០២៤។

របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ ២០២៥ ក្រសួង​បាន​ចុះ​បញ្ជីយានយន្ត​ដើរដោយ​ថាមពលអគ្គិសនី (EV) មាន​ចំនួន ៧ ៩៧១ គ្រឿង កើន​ឡើង ១២៧% ធៀប​នឹងឆ្នាំ ២០២៤ ដែល​មានចំនួន ៣ ៥០៨ គ្រឿង។

គោលនយោបាយជាតិ​ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០ របស់​រដ្ឋាភិបាល​បាន​ដើរ​តួនាទី​ជា​ផែនទី​បង្ហាញផ្លូវ សម្រាប់​ការ​វិនិយោគ និង​ជំរុញការ​ប្រើប្រាស់​និងការអភិវឌ្ឋប្រព័ន្ធអេកូឡូស៊ី​យានយន្តអគ្គិសនីជាជំហានៗផ្អែក​លើ​យន្តការ​ទីផ្សារ។

ប្រទេស​កម្ពុជា​បាន​ចុះ​បញ្ជីយានយន្តអគ្គិសនី​ដំបូង​ក្នុង​អំឡុង​ឆ្នាំ ២០១៨ ដែល​កាលណោះ​មាន​រថយន្ត​អគ្គីសនី​តែ ១ គ្រឿងគត់ ដែលបាន​ចុះបញ្ជី​នៅ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ កំណើន​ការ​ប្រើប្រាស់​យានយន្តអគ្គិសនី​ក្នុងប្រទេស​កម្ពុជា ក៏​ស្រប​និន្នាការកំណើន​​ការ​ប្រើប្រាស់​យានយន្ត​អគ្គិសនី​លើ​សកល​លោក​​ផង​ដែរ។

លោក ផន រឹម មន្រ្តី​អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ថា យានយន្ត​អគ្គិសនី (Electric Vehicle-EV) សំដៅ​ដល់យានយន្តដើរ​ដោយ​ម៉ូទ័រ​អគ្គិសនី និង​ប្រើប្រាស់​អាគុយ​សម្រាប់​ស្តុក​ថាមពល។

យានយន្តអគ្គិសនីបែងចែកជា ៣ ប្រភេទ។ ១/-ប្រភេទប្រើប្រាស់អគ្គិសនីសុទ្ធ (Battery Electric Vehicle-BEV ) ២/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ (Hybrid Electric Vehicle-HEV) និង ៣/-ប្រភេទប្រើប្រាស់​ប្រេងឥន្ធនៈ និង​អាគុយ តែអាច​បញ្ចូល​ថាមពល​ដូច​យានយន្ត​អគ្គិសនី​សុទ្ធ​បាន (Plug-In HEV-PHEV)។

បើតាមមន្រ្តីអ្នកនាំពាក្យក្រសួងសាធារណការ​ និង​ដឹកជញ្ជូន យានយន្តអគ្គិសនី (EV) បានក្លាយជាមធ្យោបាយធ្វើ​ដំណើរ​ដ៏ពេញនិយម​មួយ​នាពេលបច្ចុប្បន្ន​នេះ ខណៈ​យានយន្តនេះ​ក្រៅពីជួយសន្សំសំចៃថវិកា ក៏​ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់បរិស្ថាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម