ព័ត៌មានជាតិ
ក្រសួងទេសចរណ៍ បើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជាតិ ដើម្បីពង្រឹងគុណវុឌ្ឍិជំនាញទេសចរណ៍ នៅខេត្តសៀមរាប
គណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ សហការជាមួយអង្គការស្វីសខន់ថាក់ (Swisscontact) បានបើកវគ្គបណ្តុះបណ្តាល “គ្រូបង្គោលជាតិលើជំនាញការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ស្របតាមគុណវុឌ្ឍិជាតិកម្ពុជា” កម្រិតវិញ្ញាបនបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ (C1)។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ទី២១ ខែមីនា ឆ្នាំ២០២៦ នៅសមាគមបំពេញសុបិនយុវជន ខេត្តសៀមរាប។

លោក ជួប រតនា ប្រធាននាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងគម្រោងហូកា នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា សិក្ខាកាមដែលចូលរួមក្នុងវគ្គនេះមានចំនួន ២៥រូប ដែលមានសមាសភាពជាគ្រូបង្គោលហូកា មកពីខេត្តគោលដៅគម្រោង គ្រូបង្រៀនមកពីគ្រឹះស្ថាន និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ តំណាងសេវាកម្មសណ្ឋាគារ និងសមាគមឧស្សាហកម្មទេសចរណ៍ផងដែរ។
លោកបន្តថា «កន្លងមកដោយទទួលបានគាំទ្រពី ILO យើងក៏បានធ្វើការបណ្តុះបណ្តាលគ្រូបង្គោល និងអ្នកវាយតម្លៃបង្គោលជាតិ កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ចំនួន៣វគ្គ រួចមកហើយ ដោយមានសិក្ខាកាមសរុប ៩៦នាក់»។

លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានមានប្រសាសន៍ថា ទោះបីជាខេត្តសៀមរាប ជាគោលដៅទេសចរណ៍លំដាប់ខ្ពស់ក៏ដោយ ប៉ុន្តែការអភិវឌ្ឍត្រូវតែដើរទន្ទឹមគ្នាជាមួយខេត្តដទៃទៀត។ យុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ គឺការបង្កើតបណ្ដាញតភ្ជាប់ទេសចរណ៍រវាងខេត្តសៀមរាប ទៅកាន់ខេត្តបាត់ដំបង កំពង់ធំ ស្ទឹងត្រែង និងតំបន់អេកូទេសចរណ៍ដទៃទៀត។ លោកបញ្ជាក់ថា «យើងមិនត្រូវប្រៀបធៀបថាខេត្តសៀមរាប ល្អជាងខេត្តដទៃនោះទេ ព្រោះខេត្តតូចៗក៏មានសេវាកម្ម និងអាហារដ្ឋានឆ្ងាញ់ៗដែលខេត្តធំមិនមានដូចគ្នា។ អ្វីដែលសំខាន់ គឺត្រូវរួមគ្នាលើកកម្ពស់សេវាកម្មទេសចរណ៍កម្ពុជាជារួមឱ្យទទួលបានជោគជ័យ»។
បើតាមលោក ង៉ូវ សេងកាក់ ទោះបីជាចំនួនភ្ញៀវមានការប្រែប្រួល ប៉ុន្តែរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍ បានដាក់ចេញនូវផែនការមេឆ្នាំ ២០២១-២០៣៥ ដើម្បីតម្រង់ទិសការស្តារឡើងវិញ។ ទន្ទឹមនេះ លោកបានជំរុញឱ្យសិក្ខាកាមដែលបានរៀនសូត្រពីវគ្គបណ្តុះបណ្តាល ត្រូវហ៊ានបញ្ចេញសមត្ថភាព និងចែករំលែកចំណេះដឹងបន្តទៅកាន់យុវជនជំនាន់ក្រោយ។

លោកបន្ថែថា ក្រៅពីអាហារឆ្ងាញ់ កាយវិការ និងសម្តីសំដៅរបស់បុគ្គលិក គឺជាចំណុចទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរ។ ក្នុងន័យនេះ លោកសូមឱ្យបុគ្គលិកសេវាកម្មមានភាពជឿជាក់ និងមិនត្រូវមានភាពរារែក ឬភ័យខ្លាចក្នុងការប្រស្រ័យទាក់ទងជាមួយភ្ញៀវ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់ប្រតិបត្តិករទាំងអស់ បន្តកិច្ចសហការយ៉ាងស្អិតរមួត ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាឱកាស ក្នុងគោលដៅធ្វើឱ្យខេត្តសៀមរាប នៅតែជាតំបន់ទេសចរណ៍ដែលមានសុវត្ថិភាព និងមានគុណភាពសេវាកម្មល្អបំផុតសម្រាប់ភ្ញៀវគ្រប់មជ្ឈដ្ឋាន។
ចំណែក លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាគណៈកម្មការគ្រប់គ្រងគម្រោងហូកា ក្រសួងទេសចរណ៍ មានប្រសាសន៍ថា ការបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់បំផុត ប្រសិនបើបុគ្គលម្នាក់ៗខ្វះចំណេះដឹង នោះមិនត្រឹមតែខ្លួនឯងគ្មានអនាគតប៉ុណ្ណោះទេ សូម្បីតែគ្រួសារ និងប្រទេសជាតិក៏នឹងជួបការលំបាកក្នុងការអភិវឌ្ឍផងដែរ។ វគ្គបណ្តុះបណ្តាលនាពេលនេះ ដែលផ្ដោតលើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ត្រូវបានរៀបចំឡើងយ៉ាងសម្រិតសម្រាំងស្របតាមស្ដង់ដារគុណវុឌ្ឍិជាតិ ដើម្បីធានាថាអ្នកជំនាញដែលបញ្ចេញទៅមានសមត្ថភាពពិតប្រាកដ។

លោករដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវប្រើប្រាស់ចំណេះដឹងដែលទទួលបានឱ្យអស់ពីសមត្ថភាព និងត្រូវមានភាពជឿជាក់លើខ្លួនឯង។ លោកបានសង្កត់ធ្ងន់ថា «ពិតណាស់ ការរៀនសូត្រមិនត្រឹមតែនៅក្នុងថ្នាក់នោះទេ ប៉ុន្តែការអនុវត្តជាក់ស្ដែងនៅកន្លែងការងារ គឺជាសាលារៀនដ៏ល្អបំផុតសម្រាប់អភិវឌ្ឍខ្លួន»។
លោកក៏បានបង្ហាញភាពជឿជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាកម្លាំងពលកម្មដ៏មានសក្ដានុពល ក្នុងការបម្រើសេវាកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ឱ្យកាន់តែមានគុណភាព និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកកម្សាន្តកាន់តែច្រើនឡើង៕



ដោយ៖ គឿនវេត
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


