ព័ត៌មានជាតិ
ផ្លូវលំពីរខ្សែនៅក្នុងខេត្តបាត់ដំបងកំពុងសាងសង់ ត្រឹមពាក់កណ្តាលឆ្នាំ ២០២៦ នឹងក្លាយទៅជាផ្លូវកៅស៊ូនិងបេតុង
ផ្លូវលំជនបទចំនួនពីរខ្សែនៅក្នុងខេត្តបាត់ដំបង បានកំពុងដំណើរការសាងសង់ដែលនៅពេលដ៏ខ្លីខាងមុខនេះនឹងប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូនិងបេតុង ដែលនឹងចូលរួមលើកកម្ពស់សោភណភាពបរិស្ថាននៅទីជនបទ និងអាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយូរអង្វែង។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ចុះទៅពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទចំនួន ២ ខ្សែ នៅក្នុងខេត្តបាត់ដំបង។

ខ្សែទី១៖ ឈ្មោះផ្លូវ NR.57B1-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់និងក្រាលបេតុងមានប្រវែងសរុប ៩,៩០៧គ.ម ទទឹង ៨ ម៉ែត្រ តភ្ជាប់ពីភូមិរូងជ្រៃ ឃុំរូងជ្រៃ ទៅដល់ភូមិទួលតាសុខ ឃុំបន្សាយត្រែង ស្រុកថ្មគោល។ ផ្លូវនេះបានចាប់ផ្ដើមបើកការដ្ឋានសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ដែលបច្ចុប្បន្នសម្រេចវឌ្ឍនភាពបានប្រហែល ៥៧% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ ២០២៦។
ខ្សែទី២៖ ឈ្មោះផ្លូវ NR.57B-រូងជ្រៃ ជាផ្លូវក្រាលកៅស៊ូពីរជាន់និងក្រាលបេតុងមានប្រវែងសរុប ១០,៤០៤គ.ម ទទឹង ៧ ម៉ែត្រ តភ្ជាប់ពីភូមិបល្ល័ង្គក្រោម ឃុំរូងជ្រៃ ស្រុកថ្មគោល ទៅដល់ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល។ ផ្លូវនេះបានចាប់ផ្ដើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០២៥ ដែលរហូតមកដល់ពេលនេះសម្រេចបានប្រហែល ៥៤% ហើយគ្រោងនឹងបញ្ចប់នៅត្រឹមពាក់កណ្ដាលឆ្នាំ២០២៦ ។
ផ្លូវទាំងពីរខ្សែនេះ ត្រូវបានស្ថាបនាប្រទាក់ក្រឡាគ្នាមានប្រវែងសរុបជាង ២០ គីឡូម៉ែត្រ ដែលផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាជនចំនួនសរុប ៣ ៧៩៨ គ្រួសារ ស្មើនឹង ១៤ ៨៧២ នាក់ និងប្រយោលប្រមាណ ៦ ៦៤៧ គ្រួសារ ស្មើនឹង ៣៥ ២៣៤ នាក់។
បើតាមមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ផ្លូវទាំង ២ ខ្សែខាងលើនេះ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករនិងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ក្រោមហិរញ្ញប្បទានកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប (EU-AIF)។
ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវសាងសង់ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការងារសាងសង់ឱ្យលឿនស្របតាមកិច្ចសន្យាការងារ៕



-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


