Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរនូវពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត បើទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរនៅតែរឹងមាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញចូលរួមពិធីជូនពរអបអរសាទរ បុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្តស្វាយរៀង នៅសួនទឹកគជ់ស្វាយព្រៃ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២៦។

នៅក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រដ្ឋលេខាធិការ ក្រុមប្រឹក្សាខេត្ត អភិបាលខេត្តស្វាយរៀង ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក មន្ទីរ-អង្គភាព កងកម្លាំងទាំងបី រួមនឹងគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម រដ្ឋបាលខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ជួសមុខឲ្យសមាគមមិត្តភាពកម្ពុជា-វៀតណាម និងក្នុងនាម សម្តេចផ្ទាល់ សូមសម្តែងការអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះ គណៈប្រតិភូ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកចូលរួម និងអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

សម្តេចបានបន្តថា កន្លងមក ប្រទេសទាំងពីរ បានជូនពរគ្នាទៅវិញទៅមកក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ នៃប្រទសរៀងៗ ខ្លួន។ សកម្មភាពទាំងនេះ គឺបានបង្ហាញនូវទឹកចិត្តដ៏ជ្រាលជ្រៅ នៃប្រទេសទាំងពីរ។ កម្ពុជា-វៀតណាម គឺជាអ្នកភូមិផងរបងជាមួយគ្នា ដែលមានប្រវត្តិសាស្ត្រតស៊ូរួមគ្នា ជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ដើម្បីបុព្វហេតុឯករាជ្យ សន្តិភាព និងការរីកចម្រើន។ យើងតែងតែចងចាំ និងដឹងគុណជានិច្ចចំពោះការលះបង់សាច់ស្រស់ឈាមស្រស់របស់កងទ័ពស្ម័គ្រចិត្ត និងប្រជាជនវៀតណាម ក្នុងការជួយរំដោះកម្ពុជាឱ្យចាកផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃ ៧ មករា ១៩៧៩។

សម្តេច ម៉ែន សំអន បានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជានកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍប្រទេសចាប់តាំងពីអាណត្តិទី ១ ដល់ទី ៦ រួមមាន ៖ យុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្ត្រចតុកោណ រហូតដល់ អាណត្តិទី ៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ និងបានបោះជំហានទៅមុខយ៉ាងស្វាហាប់ដោយទទួលបាន លទ្ធផលគួរជាទីមោទៈក្នុងរយៈពេលជិត ៣ ឆ្នាំ កន្លងមកនេះ។

ជាមួយគ្នានេះ ក្នុងនាមជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង ក៏បានសហការ និងទំនាក់ទំនងគ្នាទៅវិញទៅមកជាមួយខេត្តតៃនិញ តាមរយៈការជំរុញការងាររដ្ឋបាល ការងារសហប្រតិបត្តិការ និងការពូនជ្រំ ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងយូរអង្វែងផងដែរ។

សម្តេច បានបន្តថា កន្លងមកនេះទំនាក់ទំនងកិច្ចសហប្រតិបត្តិការ កម្ពុជា-វៀតណាម ក្រោមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» បានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ទោះបីជាស្ថានភាពពិភពលោក មានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែចំណងសាមគ្គីភាពរវាងបក្ស រដ្ឋ និងប្រជាជន នៃប្រទេសទាំងពីរនៅតែរឹងមាំ។ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការអប់រំ បានផ្ដល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជនទាំងសងខាង។

ឆ្លៀតក្នុងឱកាសនោះ សម្តេច ម៉ែន សំអន ក៏បានថ្លែងអរគុណដល់ថ្នាក់ដឹកនាំខេត្តស្វាយរៀងដែលបាននាំយកអំណោយ និងថវិការបស់សប្បុរសជនផ្តល់ជូនដល់រដ្ឋបាលខេត្តចំនួន ៤ រួមមាន ខេត្តឧត្តរមានជ័យ ព្រះវិហារ បន្ទាយមានជ័យ និង ខេត្តសៀមរាប ដើម្បីចែកជូនបន្តដល់វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹកផងដែរ៕
អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម