Connect with us

ព័ត៌មានជាតិ

លៀសហាល ១០រសជាតិ កំពុងល្បីខ្លាំងនៅភូមិអន្លង់វិល

បានផុស

នៅ

បច្ចុប្បន្នគេសង្កេតឃើញថា មុខរបរលក់លៀសហាលមានស្ទើរគ្រប់ទីកន្លែងដែលសម្បូរទាំងអ្នកលក់ និងពេញនិយមសម្រាប់អ្នកទិញ ដែលអ្នកខ្លះទិញយកទៅហូបលេង អ្នកខ្លះទៀតយកទៅហូបជាមួយបាយ និងមួយចំនួនទៀតយកទៅក្លែម ប្រសិនបើអ្នកលក់ចេះវិធីសាស្រ្តហាលក្តៅៗ ហើយសាច់លៀសនៅពេញណែនល្អ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់ថ្ងៃនៅពេលថ្ងៃត្រង់រហូតដល់រសៀលស្របពេលដែលកម្ដៅថ្ងៃក្តៅខ្លាំង គឺមានទីតាំងលក់លៀសហាលមួយកន្លែងដែលមានអតិថិជនចេញចូលមិនដាច់ ដោយសារតែទីនោះដាក់លក់លៀសហាលមិនដូចកន្លែងដទៃ គឺមានតាំងពីទូរកញ្ចក់ និងតុដែកដើម្បីដាក់លៀសហាលជាច្រើននៅក្រោមកម្ដៅថ្ងៃ ព្រមទាំងមានបុគ្គលិកចំនួន ៤នាក់នៅចាំច្រកលៀសជូនអតិថិជនថែមទៀតផង។

យុវតីម្នាក់ដែលជាបុគ្គលិកលក់លៀសហាលក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង បានបញ្ជាក់ថា ទីតាំងនេះគឺមានថៅកែស្រីជាអ្នកផ្សំគ្រឿងដាក់ហាលដើម្បីឲ្យបុគ្គលិកឈរលក់ដោយលៀសនៅទីនេះមាន ១០រសជាតិ ហើយក៏សម្បូរភ្ញៀវចូលមកទិញជាហូរហែផងដែរ។

យុវតីជាបុគ្គលិកលក់លៀសហាលរៀបរាប់បន្ថែមថា សម្រាប់ការលក់លៀសក្នុងមួយថ្ងៃគឺនាងមិនបានដឹងអំពីចំនួនគីឡូថាតើក្នុងមួយថ្ងៃលក់អស់ប៉ុន្មាននោះទេ ព្រោះនាងត្រឹមតែជាអ្នកឈរលក់ដោយគ្រាន់តែដឹងថា ក្នុងមួយថ្ងៃៗ លក់លៀសអស់ច្រើនណាស់ គឺដាក់ហាលបន្តរហូតដល់ថ្ងៃរសៀលទើបបញ្ចប់ការលក់ រីឯតម្លៃក្នុងមួយកំប៉ុងចាប់ពី ៣.៥០០ រៀល ដល់ ៥.០០០ រៀល ទៅតាមទំហំលៀសតូចឬធំ ប៉ុន្តែភាគច្រើនសម្រាប់ភ្ញៀវដែលចូលមកទិញច្រើនតែសួររកគ្រាប់លៀសណាដែលធំៗ ទើបទទួលទានឆ្ងាញ់ពិសារ។

សព្វថ្ងៃបើគេសង្កេតមើលទីតាំងលក់លៀសហាល ១០រសជាតិនេះ មិនទាន់ដល់រសៀលផងសឹងតែលក់បិទតូបបាត់ទៅហើយ ដោយសារតែលក់ដាច់ខ្លាំង ហើយបើអតិថិជនណាចង់រកទិញនឹងចង់ភ្លក់គឺអាចទៅរកទិញបានដោយទីតាំងនៅចំពីមុខអធិការដ្ឋាននគរបាលស្រុកសង្កែ តែម្តង តែកុំទៅល្ងាចពេកប្រយ័ត្នអស់៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម