Connect with us

ព័ត៌មានជាតិ

គោល​នយោបាយ​ពន្ធគយ​ លើកទឹកចិត្ត​សហគ្រាស​​នាំ​​គ្រឿង​​ចក្រ​ទំនើបៗ រុញច្រាន​តម្លៃ​ផលិត​ផល​លក់ធូរថ្លៃ ប្រកួតប្រជែង​លើទីផ្សារ

បានផុស

នៅ

ក្នុង​ក្របខ័ណ្ឌ​ការងារ​គយ ពាក្យ​ថាគោលនយោបាយ​ពន្ធអាករ (Tariff Policy)  គឺ​សំដៅ​លើការ​ដំឡើងឬការបន្ថយអត្រាពន្ធលើការនាំចូល។

​ការលើកទឹកចិត្តផ្នែកគយជាកញ្ចប់វិធានការផ្នែកសារពើពន្ធ ដែលធ្វើឡើង​ក្នុងន័យ​សម្រាល​បន្ទុក​ពន្ធ ដើម្បី​គាំទ្រ និង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ផលិតកម្ម​ក្នុង​ស្រុក ជាពិសេស​គឺ​សហគ្រាសធុនតូច និង​មធ្យម (SMEs)​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហោ ស៊ីណាត

នៅក្នុង​កម្មវិធីវេទិកាគយ និង​សម្ព័ន្ធ​សមាគមហ៍​សហគ្រាស​ធុនតូច​និងមធ្យម​កម្ពុជា​ លោក ហោ ស៊ីណាត ជំនួយការនាយកដ្ឋាន​រដ្ឋាករ​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជាបាន​ពន្យល់​ពី​ដំណើរការ​ការ​អនុវត្ត​គោលនយោបាយ​ពន្ធអាករ ដើម្បី​គាំទ្រ​សហគ្រាស​ក្នុង​ស្រុក​ តាមរយៈ​ការអនុគ្រោះ​​និង​សម្រាល​បន្ទុកពន្ធ​​នាំចូល​វត្ថុធាតុដើម ឬ​សម្ភារៈបរិក្ខារទំនើបៗ ដើម្បី​​ជួយ​សហគ្រាស​អាច​​បង្កើន​ផលិតភាព​ផលិតកម្ម​​ ធានាបានតម្លៃ​ផលិតផល​សមរម្យ​ សម្រាប់ប្រកួតប្រជែងលើទីផ្សារ។​

វិធានការលើកទឹកចិត្តនេះមានគោលបំណងធំៗចំនួន ៣៖

​-កាត់បន្ថយ​ថ្លៃដើមផលិតកម្ម៖ តាម​រយៈការ​លើកលែង ឬបន្ធូរបន្ថយពន្ធ​លើការនាំចូល​វត្ថុធាតុ​ដើម និង​គ្រឿង​ម៉ាស៊ីន។
-ជំរុញការប្រើប្រាស់បច្ចេកវិទ្យា និងគ្រឿងចក្រ៖ នៅ​ពេល​ពន្ធគយ​មាន​កម្រិតទាប សហគ្រាស (SMEs) មាន​លទ្ធភាព​ទិញ​គ្រឿងចក្រ និង​បច្ចេកវិទ្យា​ទំនើបៗ​មក​ប្រើប្រាស់។
-បង្កើន​លទ្ធភាព​ប្រកួតប្រជែង៖ នៅ​ពេលថ្លៃដើម​ថោក និង​មានបច្ចេកវិទ្យា​គ្រប់​គ្រាន់ វា​នឹងជួយ​បង្កើន​ទាំង​ផលិតភាព និង​គុណភាព​ផលិតផល​សម្រាប់​ប្រកួតប្រជែង​លើ​ទីផ្សារ។

​យ៉ាងណាមិញ គោលនយោបាយ​ពន្ធគយ ត្រូវធ្វើ​ការថ្លឹងថ្លែង​ឱ្យបានហ្មត់ចត់ រវាង​ការចង់​បានពន្ធ 0% របស់​អ្នក​ផលិតដើម្បី​បានវត្ថុធាតុ​ដើម​ថោក និង​ការ​ចង់បាន​ការ​ការពារពន្ធ​គយរ​បស់​អ្នក​ដាំដុះ​ក្នុងស្រុកដើម្បី​កុំឱ្យទំនិញ​នាំចូលម​កប្រកួតប្រជែង។ ដូច្នេះ​ហើយទើបគេបង្កើត «យន្តការលើកទឹកចិត្ត​ផ្នែក​គយ» នេះ​ឡើង ដើម្បីផ្តល់ការអនុគ្រោះ​ឲ្យ​ចំគោលដៅ។

យន្តការគាំទ្ររបស់រាជរដ្ឋាភិបាល

​រាជរដ្ឋាភិបាលបានគិតគូរ និងជួយជ្រោមជ្រែងវិស័យផលិតកម្ម និងកសិកម្មជាហូរហែ តាម​រយៈ​ការ​ទម្លាក់ពន្ធ ឬការដាក់ជាបន្ទុករដ្ឋ​លើទំនិញចាំបាច់ដូចជា ពូជ និង​ជី ជាដើម។

​នៅក្នុងវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី ១៨ ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាលបានប្រកាសដាក់​ឱ្យអនុវត្តជា​ផ្លូវការនូវយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់ SMEs។ យន្តការលើកទឹកចិត្តផ្នែកគយនេះ ដើម្បីផ្តល់ការអនុគ្រោះចំគោលដៅ សម្រាប់​តែអ្នកណាដែលយកទៅផលិតពិតប្រាកដ។

ការលើកទឹកចិត្តផ្នែកគយត្រូវបានបែងចែកជា ២ យន្តការផ្សេងគ្នា៖

ក. យន្តការក្រោមអនុក្រឹត្យលេខ ៥០ និងប្រកាស ៥៨០ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​

-ការអនុវត្ត៖ សម្រាប់តែ​សហគ្រាសធុនតូច និងមធ្យម (SMEs) ប៉ុណ្ណោះ។
-អត្ថប្រយោជន៍៖ ផ្តល់ការអនុគ្រោះ ឬលើកលែងពន្ធគយតែមួយមុខ ដោយ​សម្រេច​ផ្ទាល់​ដោយ​អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

​ខ. យន្តការក្រោមច្បាប់វិនិយោគ (គម្រោង QIP)

​-ការអនុវត្ត៖ មិនកំណត់ទំហំ​សហគ្រាស​ឡើយ (ធំ ឬតូច គឺផ្អែកលើវិស័យនិង​លក្ខខណ្ឌច្បាប់)។
-អត្ថប្រយោជន៍៖ កញ្ចប់លើកទឹកចិត្ត​រួមបញ្ចូលទាំងពន្ធគយ និងពន្ធដារ ហើយ​ត្រូវបាន​សម្រេច​ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា (CDC) ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត។

លក្ខខណ្ឌសម្រាប់ SMEs ដើម្បីទទួលបានការលើកទឹកចិត្ត

​ដើម្បីទទួលបានការលើកទឹកចិត្តផ្នែកគយ សហគ្រាសត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

​-ត្រូវតែចុះបញ្ជីពាណិជ្ជកម្ម និងចុះបញ្ជីពន្ធដារជាដាច់ខាត។
-ត្រូវ​​តែ​ស្ថិត​ក្នុងវិស័យ​អាទិភាព។ ផ្អែកតាមអនុក្រឹត្យលេខ ៥០ មានវិស័យអាទិភាពចំនួន ៨ ខុសពី​ខាង​ពន្ធដារ​ដែល​មានតែ ៦ រួមមាន៖

1/សហគ្រាសផលិត និងផ្គត់ផ្គង់ទឹកស្អាត
2/ការផលិត​ទំនិញសម្រាប់បម្រើឱ្យការនាំចេញ (កាត់ដេរ និង​​វាយនភណ្ឌជាដើម)។
​3/សហគ្រាស​បម្រើឱ្យទីផ្សារក្នុងស្រុក (ផលិតទំនិញប្រើប្រាស់ គ្រឿង​ឧបភោគ​បរិភោគ)។
4/ផ្នែកអភិវឌ្ឍន៍តំបន់ប្រមូលផ្តុំ SMEs (SME Cluster)។
​5/ផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បច្ចេកវិទ្យា និង​វិស័យផលិតកម្មអាទិភាពផ្សេងទៀត។

​ការលើកទឹកចិត្តមិនផ្តល់ជូនដោយស្វ័យប្រវត្តិនោះទេ សហគ្រាសត្រូវដាក់​ពាក្យ​ស្នើសុំមុខទំនិញ​ដែល​ចង់​បាន​ការអនុគ្រោះ តាមរយៈសាខាគយរាជធានី-ខេត្ត។

ក្រុមមុខទំនិញដែលទទួលបានការអនុគ្រោះពន្ធ៖

-ក្រុមទី១ សម្ភារបរិក្ខារផលិតកម្ម៖ គ្រឿងម៉ាស៊ីនដែលប្រើក្នុងខ្សែសង្វាក់ផលិតកម្ម។
-ក្រុមទី២ សម្ភារសំណង់៖ សម្រាប់សាងសង់ទីតាំង ឬសំណង់បម្រើឱ្យការផលិត។
-ក្រុមទី៣ ធាតុចូលផលិតកម្ម៖ វត្ថុធាតុដើម ឬពាក់កណ្តាលសម្រេចដែលយកមកកែច្នៃ។​

ការ​បែងចែក​អត្ថប្រយោជន៍​តាម​សកម្មភាព​របស់ SMEs ៖

​១/ SMEs ផលិតទឹកស្អាត និងផលិតសម្រាប់នាំចេញ៖ ទទួលបានការលើកទឹកចិត្ត​លើមុខទំនិញទាំង ៣ ក្រុម (សម្ភារបរិក្ខារ​ សម្ភារសំណង់ ធាតុ​ចូល​កសិកម្ម។
២/ SMEs ផលិតសម្រាប់ទីផ្សារក្នុងស្រុក និង អ្នក​អភិវឌ្ឍ​តំបន់​ប្រមូល​ផ្តុំ (SME Cluster)៖ ទទួល​បា​នការ​លើកទឹកចិត្ត​លើសម្ភារបរិក្ខារ​ផលិតកម្ម និង សម្ភារសំណង់។
៣/ SMEs ផ្នែក​ស្រាវជ្រាវ និង​អភិវឌ្ឍន៍ (R&D)៖ ទទួល​បានលើសម្ភារបរិក្ខារផលិតកម្ម។
៤/ SMEs ប្រភេទ​គាំទ្រ (បន្តសង្វាក់ផលិតកម្មឱ្យសហគ្រាសផ្សេង)៖ ផ្អែក​លើ​សហគ្រាស​ដែល​ទិញ​បន្ត បើ​យក​ទៅ​ផលិត​សម្រាប់​នាំចេញ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ទាំង ៣ ក្រុម។ បើ​​ផ្គត់ផ្គង់ឱ្យ​សហគ្រាស​លក់ក្នុងស្រុកទទួលបាន ២ ក្រុម (បរិក្ខារផលិតកម្ម និង​សម្ភារ​សំណង់)។

នីតិវិធីនៃការស្នើសុំ

​ការដាក់ពាក្យស្នើសុំ បច្ចុប្បន្នកំពុងអនុវត្តជាទម្រង់ឯកសារ​ក្រដាសស្នាម (Manual) ប៉ុន្តែ​គយ​គ្រោង​ដាក់​ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តកម្មនៅចុងត្រីមាសទី៣ ឬដើមត្រីមាសទី ៤ ឆ្នាំ ២០២៦។

រយៈពេលពិនិត្យ តាម​ច្បាប់គឺយ៉ាងយូរ ១០ ថ្ងៃ ប៉ុន្តែការអនុវត្តជាក់ស្តែងប្រើពេលតែ ២ ទៅ ៣ ថ្ងៃ​ប៉ុណ្ណោះ។ SMEs អាចដាក់ពាក្យតាមរយៈសាខាគយរាជធានី-ខេត្តដែលខ្លួនស្ថិតនៅ។

កាតព្វកិច្ចរបស់សហគ្រាស

ដើម្បីធានាតម្លាភាពនិងទប់ស្កាត់ការកេងបន្លំ សហគ្រាសដែល​ទទួលបាន​ការអនុគ្រោះ​ពន្ធ​មាន​កាតព្វកិច្ច៖

-ត្រូវកាន់កាប់បញ្ជីស្នាម និងឯកសារនាំចូលឱ្យបានត្រឹមត្រូវ។
-មិន​ត្រូវ​យក​ទំនិញ​ដែល​រួច​ពន្ធ​ទៅ​លក់បន្ត​ ឬប្រើប្រាស់​ខុស​គោលដៅ​ផលិតកម្ម​ដោយ​ចិត្ត​ឯង​បាន​ឡើយ។ ករណី​ចង់ធ្វើការផ្ទេរ ឬលក់​គ្រឿង​ចក្រ សម្ភារ​ដែលបាននាំចូល​ដោយរួចពន្ធ​ទាំងនោះ ត្រូវតែ​សុំ​ការ​អនុញ្ញាតជាមុន​ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាជាដាច់ខាត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម