Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ១ម៉ឺនរៀល១ម៉ឺននាក់បញ្ចប់ទៅ មូលនិធិគន្ធបុប្ផារៀបចំការប្រគំតន្ត្រីសប្បុរសធម៌ ដើម្បីកៀរគរប្រាក់​ឱ្យមន្ទីរពេទ្យគន្ធបុប្ផាបន្តសង្គ្រោះជីវិតកុមារ

បានផុស

នៅ


ថ្នាក់ដឹកនាំពហុកីឡដ្ឋានជាតិមរតកតេជោ រួមសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងក្រុមហ៊ុនដៃគូឯកជន នឹងរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌ដ៏ធំមួយ ក្រោមប្រធានបទ «បេះដូងមួយ សំឡេងមួយ ដើម្បីគន្ធបុប្ផា» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែកក្កដា  នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


កម្មវិធីដ៏មានអត្ថន័យនេះ ធ្វើឡើងស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងកៀរគរថវិកាជួយទ្រទ្រង់ និងរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។



ការប្រគុំតន្ត្រីសប្បុរសធម៌នេះ មានការស្ម័គ្រចិត្តចូលរួមយ៉ាងកុះករពីសំណាក់អ្នកចម្រៀងល្បីៗ រួមមាន៖ កញ្ញា ពេជ្រ សូលីកា, កញ្ញា កៅ សុភា, លោក ម៉ានុត, លោក ឯក មន្ត្រីយ៍, ដុកទ័រ តុង និង ជព្រមទាំងពិធីករឆ្នើម ៣ រូប គឺលោក យ៉ារ៉ូ, លោក វីត និងលោក សុខ រ៉ាស៊ី។

ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៃមូលនិធិគន្ធបុប្ផាកម្ពុជាលោក ឃាន តួក ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាទាំង ៣ ទីតាំង (ភ្នំពេញ ២ និងសៀមរាប ១) ត្រូវចំណាយថវិកាប្រមាណ ១២ ម៉ឺនដុល្លារសហរដ្ឋអាមេរិកក្នុងមួយថ្ងៃ (ស្មើនឹងប្រហែល ៤៥ ទៅ ៤៦ លានដុល្លារក្នុងមួយឆ្នាំ) ដើម្បីពិនិត្យ និងព្យាបាលជំងឺជូនទារក កុមារ និងស្ត្រីមានផ្ទៃពោះដោយឥតគិតថ្លៃ ក្នុងស្តង់ដារប្រកបដោយគុណភាព និងគ្មានការរើសអើង។


 
លោកបញ្ជាក់បន្ថែមថា ថ្វីត្បិតតែយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» លើកទី៣ នាខែមិថុនា ឆ្នាំ២០២៦ កន្លងទៅ ទទួលបានថវិកាបរិច្ចាគយ៉ាងច្រើនសន្ធឹកសន្ធាប់រហូតដល់ជាង ៦,៣ លានដុល្លារ ពីសប្បុរសជនប្រមាណ ៣៥ ម៉ឺននាក់ក៏ដោយ ប៉ុន្តែតម្រូវការជាក់ស្តែងគឺមានជារៀងរាល់ថ្ងៃ ព្រោះជំងឺរបស់កុមារមិនរង់ចាំទាល់តែមានយុទ្ធនាការនោះឡើយ។

តំណាងមូលនិធិបានបន្តអំពាវនាវយ៉ាងទទូច ដល់សាធារណជន ជាពិសេសស្រទាប់យុវវ័យ ឱ្យចូលរួមទិញសំបុត្រទស្សនាការប្រគំតន្ត្រីសប្បុរសធម៌នេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសាមគ្គីភាព និងការចេះជួយគ្នាក្នុងនាមជាខ្មែរដូចគ្នា។
 

បច្ចុប្បន្ន សំបុត្រចូលទស្សនាការប្រគំតន្ត្រីសប្បុរសធម៌នេះ ចាប់ផ្តើមបើកលក់ជាបន្តបន្ទាប់ហើយ តាមរយៈប្រព័ន្ធកក់សំបុត្ររបស់ក្រុមហ៊ុនដៃគូ។ គណៈកម្មការរៀបចំកម្មវិធីសង្ឃឹមយ៉ាងមុតមាំថា នឹងមានការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម