ព័ត៌មានជាតិ
តើ TESLA ម៉ាករថយន្តអគ្គិសនីដ៏ល្បីរបស់អាមេរិកពិតជាបានផ្ដល់សិទ្ធលក់រថយន្តនៅកម្ពុជាមែនឬទេ?
ក្រសួងពាណិជ្ជកម្មកំពុងពិភាក្សា និងសហការជាមួយតំណាងក្រុមហ៊ុនTESLAនៅសឹង្ហបុរី ដើម្បីយល់កាន់តែច្បាស់ និងដឹងការពិតអំពីថាតើពិតជាមានការផ្ដល់សិទ្ធលក់រថយន្តមកឱ្យភាគីណាមួយនៅក្នុងប្រទេសកម្ពុជាមែនឫទេ។ នេះបើតាមការឱ្យដឹងពី ឯកឧត្តម ឡុង កែវវិចិត្រ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម។

ឯកឧត្តម ឡុង កែវវិចិត្រ បានបញ្ជាក់ថា ប្រសិនបើក្រសួងរកឃើញថាមិនមានការផ្ដល់សិទ្ធលក់រថយន្ត TESLA មកឱ្យភាគីណាមួយនៅក្នុងប្រទេសកម្ពុជាទេនោះ ក្រសួងនឹងបន្តនិតិវិធីធ្វើយ៉ាងណាដើម្បីការពារកម្មសិទ្ធរបស់ម្ចាស់ម៉ាក ដើម្បីពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធបញ្ញានៅក្នុងប្រទេសកម្ពុជា។ ម្យ៉ាងទៀត វាជាការលើកទឹកចិត្តដល់ក្រុមហ៊ុនបរទេសដែលជាម្ចាស់ម៉ាក មកចុះបញ្ជីដើម្បីមានការការពារសិទ្ធនៅក្រោមច្បាប់ ឱ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើន។

TESLA គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយរបស់សហរដ្ឋអាមេរិក ដែលបង្កើតឡើងនៅឆ្នាំ២០០៣ ដោយលោក Elon Musk ។ កន្លងមក គេឃើញមានក្រុមហ៊ុនលើកស្លាកយីហោ TESLA ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដែលក្រសួងពាណិជ្ជកម្មអះអាងថា មិនទាន់បានចុះបញ្ជីពាណិជ្ជកម្មតាមច្បាប់ត្រឹមត្រូវនោះទេ។
ដូច្នេះបានជា កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ TESLA ដែលមានទីតាំងខាងលើ ដើម្បីណែនាំឲ្យក្រុមហ៊ុនធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និងស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កម្ពុជាមានច្បាប់ស្ដីពីម៉ាកពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ដែលរដ្ឋសភាបានអនុម័តកាលពីខែធ្នូ ឆ្នាំ២០០១ ហើយព្រឹទ្ធសភាបានអនុម័តយល់ព្រមនៅខែមករា ឆ្នាំ២០០២។ នៅក្នុងជំពូកទី១ មាត្រា១ នៃច្បាប់នេះបានចែងថា ច្បាប់នេះមានបំណងការពារម៉ាក ពាណិជ្ជនាមដែលបានចុះបញ្ជីក្នុងបញ្ជីម៉ាក នៅក្នុងព្រះរាជាណាចក្រកកម្ពុជា និងប្រឆាំងការប្រកួតប្រជែងមិនស្មោះត្រង់លើការបង្កើត ការប្រើប្រាស់ម៉ាក និងពាណិជ្ជនាម។

បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មបាននឹងកំពុងពង្រឹងច្បាប់កម្មសិទ្ធបញ្ញា ដូចជាការចុះបញ្ជី និងការការពារម៉ាកដើម្បីលើកទឹកចិត្តអ្នកវិនិយោគមកបោះទុនរកស៊ីនៅកម្ពុជាឱ្យបានកាន់តែច្រើន។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម២២ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


