ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជា នឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន រយៈពេល២ថ្ងៃ នៅប្រទេសចិន
តាមការអញ្ជើញរបស់លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋ ប្រជាមានិតចិន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេស អាស៊ាន-ចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង (MLC) លើកទី៦ រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧ និងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ នៅទីក្រុងឆុងឈីង សាធារណរដ្ឋប្រជាមានិតចិន នេះបើយោងតាមការបញ្ជាក់ពីក្រសួងការ បរទេស នៅថ្ងៃទី០៤ ខែមិថុនា នេះ។
បើតាមក្រសួងការបរទេស កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-ចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា គឺជាផ្នែកមួយ នៃការប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ នៅក្នុងជំនួប ដើម្បី អបអរសាទរនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ត្រូវបានរំពឹងថា នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការជាក់លាក់នៅក្នុងវិស័យផ្សេងៗ ក៏ដូចជាធ្វើការពិភាក្សាអំពីការលើកកម្ពស់បន្ថែមទៀត នូវភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ក្នុងបរិបទបច្ចុប្បន្ន នៃជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាប្រឈមនានា ដែលកំពុងកើតមានឡើង។ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងចិន ក៏នឹងផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍រួមផងដែរ។
ក្នុងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៦ នៅថ្ងៃទី៨ ខែមិថុនា រដ្ឋមន្ត្រីការបរទេស MLC នឹងធ្វើការវាយតម្លៃទៅលើវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈពេល៥ ឆ្នាំកន្លងមក នៃកិច្ចសហប្រតិបត្តិការ កំណត់ទិសដៅអនាគតសម្រាប់កិច្ចសហប្រតិបត្តិការដែលកាន់តែទូលំទូលាយ ជាពិសេសក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩ ហើយនិងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវចំណង មិត្តភាព និងការគាំទ្រគ្នាទៅវិញទៅមករវាងបណ្តាប្រទេសមេគង្គ និងប្រទេសចិន ស្ថិតក្រោមស្មារតីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការតភ្ជាប់ផ្នែកសង្គម និងវប្បធម៌ នៅក្នុងតំបន់មេគង្គ-ឡានឆាង។

ស្របគ្នាជាមួយកិច្ចប្រជុំទាំងពីរខាងលើ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញបំពេញទស្សនកិច្ចការងារនៅក្នុងប្រទេសចិន ដែលក្នុងឱកាសនោះ លោកនឹងមានជំនួបទ្វេភាគីជាមួយលោកទីប្រឹក្សារដ្ឋ វ៉ាង យី ហើយនៅចុងបញ្ចប់នៃជំនួបនេះ លោករដ្ឋមន្ត្រីការបរទេសទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន២រួមមាន
ទី១. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទូរគមនាគមន៍ ព័ត៌មាន និង បច្ចេកវិទ្យាទំនាក់ទំនង រវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា និងក្រសួងឧស្សាហកម្ម និងព័ត៌មានវិទ្យាចិន។
ទី២. គម្រោងកម្មវិធីស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ រវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កម្ពុជា និងក្រសួងវប្បធម៌ចិន។
ក្នុងឱកាស នៃការស្នាក់នៅទីក្រុងឆុងឈីង លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងមានជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេស នៃប្រទេសមួយចំនួនដោយផ្ទាល់ ដើម្បីពង្រឹងបន្ថែមទៀតនូវ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងទ្វេភាគី៕
ដោយ ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


