ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តប៉ៃលិន បន្តជួសជុលផ្លូវខេត្តលេខ ១៥៩៤ ប្រវែង ២៩.០៥០គ.ម ក្នុងស្រុកសាលាក្រៅ ដើម្បីសម្រួលចរាចរណ៍ជូនពលរដ្ឋ
ប៉ៃលិន ៖ ដើម្បីឆ្លើយតប ចំពោះតម្រូវការ និងសម្រួល ដល់ការ ធ្វើដំណើរ ប្រកបរបររកស៊ីប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ អាជ្ញាធរខេត្តប៉ៃលិន ដែលមានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ជាសេនាធិការ បានបន្តធ្វើការជួលជុលថែទាំ ជាប្រចាំ នៅកំណាត់ផ្លូវខេត្តលេខ ១៥៩៤(ភ្នំស្ពុង-ភូមិដីស) ក្នុងស្រុកសាលាក្រៅ ដើម្បីកុំឲ្យខូចខាតធ្ងន់ធ្ងរ ដោយចំណាយលើការជួសជុល ឬស្ថាបនាឡើងវិញអស់ថវិកាជាច្រើន ហើយក៏ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរផងដែរ។

បើតាមលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១នេះថា ដោយអនុវត្តតាមការណែនាំ របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន តែងតែបន្តចុះធ្វើការជួលជុល ថែទាំផ្លូវ កៀរសម្រួល ថែមល្បាយថ្ម ស្រោចទឹក កិនបង្ហាប់ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ មិនថាថ្ងៃឈប់សម្រាក ឬថ្ងៃធ្វើការ បើទោះបី ស្ថិតក្នុងដំណាក់កាល នៃការបង្ការ ទប់ស្កាត់និងជំងឺកូវីដ-១៩ យ៉ាងណាក្តី ដើម្បីសម្រេចផែនការ ដែលបានគ្រោងទុក ព្រមទាំងសម្រួលចរាចរណ៍ ទៅមក របស់ប្រជាពលរដ្ឋ ងាយស្រួលធ្វើដំណើរទៅផ្សារ សាលារៀន មន្ទីរពេទ្យ និងដឹកកសិផលទៅកាន់ទីផ្សារផងដែរ។

ជាមួយគ្នានេះ លោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក៏បានបញ្ជាក់ដែរថា សម្រាប់អាជ្ញាធរខេត្តប៉ៃលិន គឺនៅតែមានសកម្មភាពអភិវឌ្ឍន៍ ឥតឈប់ឈរ ពិសេស ការកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដូចជាការកសាង និងជួសជុលផ្លូវថ្នល់ សម្រាប់ធ្វើដំណើរ ការស្តារ និងជួសជុលប្រឡាយ ស្រះ និងទ្វារទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្មជាដើម និងការអភិវឌ្ឍន៍សួនច្បារ ហេដ្ឋារចនាសម្ព័ន្ធនៅទីរួមខេត្តប៉ៃលិនជាដើម។

លោកប្រធាន ក៏បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ត្រូវចូលរួមជួយថែរក្សាផ្លូវ ដើម្បីធានា ឱ្យការប្រើប្រាស់បានយូរអង្វែងផងដែរ។

គួរបញ្ជាក់ផងដែរថា ផ្លូវខេត្តលេខ១៥៩៤(ភ្នំស្ពុង-ភូមិដីស) មានប្រវែងសរុប ២៩.០៥០គ.ម ដោយបានបម្រើផលប្រយោជន៍ ប្រជាពលរដ្ឋ ដែលរស់នៅ អមសងខាងផ្លូវមួយខ្សែនេះ ដោយផ្ទាល់មានចំនួន៨ភូមិ គឺភូមិទំនប់ ភូមិអូរគន្ធៀងវ៉ា ភូមិអន្លង់រក្សារ ភូមិភ្នំក្រិញ ភូមិបាយសី ភូមិភ្នំព្រាល ភូមិអូរដូនតាក្រោម និងភូមិដីស ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនផងដែរ៕
ដោយ ៖ សេង សុវណ្ណារិទ្ធ



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


