ព័ត៌មានជាតិ
ការចិញ្ចឹមសត្វជ្រូកក្នុងស្រុក មានការកើនឡើង តែតម្រូវការសាច់ជ្រូក មានការធ្លាក់ចុះ
សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានអះអាងថា ការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក មានការកើនឡើង នៅក្នុងបរិបទនៃការរាតត្បាតជំងឺកូវីដ-១៩នេះ តែតម្រូវការសាច់ជ្រូក មានការធ្លាក់ចុះទៅវិញ។ លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅថ្ងៃទី១៨ ខែសីហានេះថា ជាការពិតស្ថិតក្នុងស្ថានភាពកូវីដនេះ ការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក មានការកើនឡើងខ្លាំង ហើយខេត្តដែលមានពលរដ្ឋ ចិញ្ចឹមច្រើនជាងគេនោះ គឺខេត្តកំពង់ស្ពឺ។
លោក ស៊្រុន ពៅ បានឲ្យដឹងបន្តថា ចំពោះតម្រូវសាច់ជ្រូក នៅលើទីផ្សារក្នុងប្រទេសកម្ពុជា មានការថយចុះទៅវិញ នៅក្នុងបរិបទកូវីដ-១៩នេះ ដោយ១ថ្ងៃ មានតម្រូវការតែជាង៨ពាន់ក្បាលប៉ុណ្ណោះ ដែលខុសពីមុនមានចំនួនច្រើនជាងនេះ។ លោក ស៊្រុន ពៅ បានបញ្ជាក់ថា «យើងឃើញថា ការហូបចុកនៅទីផ្សារ ដែលសព្វថ្ងៃនេះ ដែលយើងលក់នេះ ឃើញថាវាថយចុះ សព្វថ្ងៃនៅសល់តែប្រហែលថា ៨ពាន់ក្បាលចុះ ទៅ៨ពាន់ជាង ក្នុងមួយថ្ងៃ នៅទូទាំងប្រទេស គិតជាក្បាល ១ក្បាល១០០គីឡូ គុណតាមហ្នឹងទៅហ្នឹង»។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានបញ្ជាក់បន្ថែមថា ការចិញ្ចឹមសត្វជ្រូក សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ស្ទើរតែអាចគ្រប់គ្រាន់ ដោយមានការនាំចូលពីក្រៅប្រទេស តែចំនួនប្រមាណ១ពាន់ក្បាលប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ លោកបានថ្លែងយ៉ាងដូច្នេះថា «យើងសព្វថ្ងៃនេះ យើងផ្គត់ផ្គង់នៅក្នុងស្រុក ស្ទើរតែគ្រប់ហើយ ខ្វះតិចតួច ខ្វះតិចណាស់ ខ្វះប្រហែលខ្ទង់តែ ១ពាន់ក្បាលតែប៉ុណ្ណឹងទេ ដែលការនាំចូលសព្វថ្ងៃ ប្រហាក់ប្រហែលនឹង១ពាន់ក្បាលហ្នឹង បើមានលើស គឺលើសតិចតួច បើខ្វះក៏ខ្វះតិចតួច»។
សូមជម្រាបថា កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានកោះអញ្ជើញតំណាងសមាគម អ្នកចិញ្ចឹមសត្វកម្ពុជា ជួបពិភាក្សាគ្នាដើម្បីរកដំណោះស្រាយ និងឈានដល់ការកាត់បន្ថយ ការនាំចូលជ្រូករស់បន្ថែមទៀត។
លោក ស៊្រុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានឲ្យដឹងថា ការជួបពិភាក្សាគ្នានេះ មិនទាន់មានលទ្ធផលអ្វីទេ ដោយត្រូវរង់ចាំកិច្ចប្រជុំនៅថ្ងៃច័ន្ទសប្ដាហ៍ក្រោយ ដែលមានចូលរួមពីមន្ត្រីសេដ្ឋកិច្ច និងសេដ្ឋកិច្ច, ក្រសួងពាណិជ្ជកម្ម, និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ សម្រាប់កិច្ចប្រជុំនៅសប្ដាហ៍ក្រោយនេះ នឹងបើកឱកាសឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អាចលើកឡើងអំពីបញ្ហាប្រឈម និងសំណូមពរ អំពីការចិញ្ចឹមសត្វជ្រូកនៅក្នុងស្រុក។
បើតាមសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ការនាំចូលជ្រូកពីក្រៅប្រទេស ដូចជា៖ ថៃ និងវៀតណាជាដើម គឺមានការថយចុះជាច្រើន ដែលពីមុននាំចូល ប្រហែល៦៧០០ក្បាលក្នុងថ្ងៃ តែសព្វថ្ងៃនេះ នាំចូលប្រហែល ១២០០ក្បាលក្នុងមួយថ្ងៃប៉ុណ្ណោះ។ សមាគមសង្ឃឹមថា ក្នុងពេលឆាប់ៗខាងមុខនេះ ការនាំចូល នឹងត្រូវកាត់បន្ថយបន្ថែមទៀត ដើម្បីផ្តល់ឱកាសផ្គត់ផ្គង់នេះ ដល់កសិករក្នុងស្រុកវិញ។ រីឯអ្នកដែលធ្លាប់ នាំជ្រូកចូលពីក្រៅប្រទេស នឹងត្រូវប្តូរមកទិញជ្រូកក្នុងស្រុកវិញ ដើម្បីយកទៅផ្គត់ផ្គង់ទីផ្សារ ដែលនឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ កាន់តែរីកចំរើនថែមទៀត៕ (ដោយ)៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង