ព័ត៌មានជាតិ
ក្រសួងដាក់ចេញវិធានការដោះស្រាយ ទីផ្សារវិស័យវារីវប្បកម្មនៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ចេញវិធានការមួយចំនួនដើម្បីចូលរួមដោះស្រាយបញ្ហាកង្វះទីផ្សារវិស័យវារីវប្បកម្មនៅកម្ពុជា។
បច្ចុប្បន្ននេះផ្នែកវារីវប្បកម្មនៅកម្ពុជាបានជួបប្រទះបញ្ហាមួយចំនួនដូចជាហេដ្ឋារចនាសម្ព័ន្ធរឹង និងទន់ក្នុងធ្វើវារីវប្បកម្ម និងការគ្រប់គ្រងទីផ្សារត្រី ពុំទាន់មានលក្ខណៈរៀបរយល្អប្រសើរ ទាំងការចិញ្ចឹម ផ្សារបោះដុំ និងចែកចាយ ភាគច្រើនត្រូវបានគ្រប់គ្រងដោយបណ្តាញឈ្មួញនាំចូលធ្វើឱ្យមានការកកស្ទះត្រីក្នុងស្រុក ពោលគឺវារីវប្បករផលិតត្រីបានបរិមាណច្រើន ប៉ុន្តែពិបាករកទីផ្សារលក់ និងពិបាកប្រកួតប្រជែងជាមួយផលិតផលវារីវប្បកម្មនាំចូលពីប្រទេសជិតខាងដែលមានតម្លៃថោក។
កង្វះទីផ្សារដែលមានស្ថិរភាពសម្រាប់ឱ្យវារីវប្បករយកត្រីទៅលក់ដោយផ្ទាល់ដោយសារការខ្វះខាតហេដ្ឋារចនាសម្ព័ន្ធរឹងគាំទ្រ បានធ្វើឱ្យមានអស្ថិរភាពនៃការផ្គត់ផ្គង់ផលិតផលវារីវប្បកម្មមិនមានជាលក្ខណៈបណ្តាក់គ្នា (ជន់ជោរទៅតាមរដូវ) នៅលើទីផ្សារ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថាដើម្បីដំណោះស្រាយចំពោះបញ្ហាទាំងនេះក្រសួងបានដាក់ចេញនូវវិធានការជាច្រើនក្នុងនោះដូចជា បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មសមុទ្រ (ក្តាម បង្គារ ត្រីឆ្ពង់ ត្រីតុកកែ ត្រីផ្ទុកសមុទ្រ ត្រីចាប ត្រីអាំកឺយ។
សម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ តាមរយៈការផ្តល់ការលើកទឹកចិត្តផ្នែកសារពើពន្ធ និងផ្តល់កិច្ចសម្របសម្រួលពីស្ថាប័នពាក់ព័ន្ធ។
លោករដ្ឋមន្ត្រីបានបន្តថា បង្កើតតំបន់ពិសេសសម្រាប់ការធ្វើវារីវប្បកម្មទឹកសាបនៅតាមតំបន់ដីសណ្តទន្លេមេគង្គកម្ពុជា (Mekong Delta) ដូចជាខេត្តកណ្តាល តាកែវ និងខេត្តព្រៃវែង។
ការបង្កើតទីផ្សារផលវារីវប្បកម្ម និងកន្លែងចែកចាយផល ផលិតផលជលផល និងមានការគាំទ្រនូវមធ្យោ បាយដឹកជញ្ជូនផលវារីវប្បកម្មទៅដល់កន្លែងចែកចាយនៅតាមរាជធានី/ខេត្ត ដល់បណ្តុំវារីវប្បករដែលរៀបចំដោយរដ្ឋបាលរាជធានី/ខេត្ត និងមានការគាំទ្រហិរញ្ញប្បទានពីរាជរដ្ឋាភិបាលក្នុងខេត្តគោលដៅដែលមានសក្តានុពលដូចជាខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ពោធិ៍សាត់ និងសៀមរាបជាដើម។
លោករដ្ឋមន្ត្រីបានបន្តទៀតថាលើសពីនេះទៀតក្រសួងនឹងធ្វើការលុបបំបាត់ភាពផ្តាច់មុខក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលចែកចាយត្រី (យឿត្រី) នៅតាមរាជធានី/ខេត្ត ជាពិសេសរាជធានីភ្នំពេញ និងខេត្តកណ្តាលដែលជាភូមិសាស្រ្តចែកចាយត្រីច្រើនទៅតំបន់ផ្សេងៗទៀតតាមរយៈការបញ្ចប់សុពលភាពអាជ្ញាបណ្ណដែលមានស្រាប់ និងធ្វើការដេញថ្លៃឡើងវិញ ព្រមទាំងលើកទឹកចិត្តឱ្យមានការចូលរួមវិនិយោគលើផែត្រីដោយបើក ចំហរ និងប្រកបដោយភាពប្រកួតប្រជែង។
បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានបន្ថែមថាក្រសួងនឹងបង្កើនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្រោយពេលប្រមូលផលវារីវប្បកម្ម សិក្សានិងពិនិត្យលទ្ធភាពក្នុងវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធគាំទ្រដូចជា បន្ទប់ស្តុកទុកត្រជាក់ (Cool storage facility) កន្លែងធ្វើតេស្តគុណភាព (Quality testing facility) ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តភ្ជាប់ពីមជ្ឈមណ្ឌលចែកចាយត្រីទៅកាន់ទីផ្សារ ការតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាត ព្រមទាំងមធ្យោបាយដឹកជញ្ជូនជាដើម។និង រៀបចំចងក្រងបណ្តុំអ្នកកែច្នៃផលវារីវប្បកម្ម សំដៅជំរុញការកែច្នៃ ពិពិធកម្មផលិតផលវារីវប្បកម្មដើម្បីទទួលបានតម្លៃបន្ថែម និងដោះស្រាយបញ្ហាអតិរេកនៃផលិត ផលវារីវប្បកម្មស្រស់ដែលលើសពីតម្រូវការទីផ្សារ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថាលើសពីនេះទៀតក្រសួងបានដាក់ចេញគោលនយោបាយជំរុញវារីវប្បកម្មនៅកម្ពុជាដើម្បីបង្កើនផលិតភាពវារីវប្បកម្មក្នុងស្រុកឱ្យមានការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព បង្កើនតម្លៃបន្ថែម នៃអនុវិស័យនេះក្នុងសេដ្ឋកិច្ចជាតិ និងចូលរួមចំណែកដល់សន្តិសុខស្បៀង សុវត្ថិភាព និងអាហា រូបត្ថម្ភដែល វិធានការគោលនយោបាយនេះគឺស្របគ្នាជាមួយវិធានការដែលបានចែងក្នុងឯកសារផែនការយុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍វារីវប្បកម្មកម្ពុជាឆ្នាំ២០១៦-២០៣០។
បង្កើតគណៈកម្មការជំរុញវារីវប្បកម្មកម្ពុជាត្រូវបានបង្កើតឡើង និងមានការប្រជុំជាមួយសមាគមវារីវប្បករនៅកម្ពុជា និងអាជីវករ ជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍវារីវប្បកម្ម និងស្វែងរកដំណោះស្រាយជូនវារីវប្បករ។បង្កើត ក្រុមការងារទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ចូនផល ផលិតផលនាំចេញ នាំចូល និងឆ្លងកាត់គ្មានការអនុញ្ញាត ត្រូវបានបង្កើតឡើង ដើម្បីបង្ក្រាបលើបទល្មើសដឹកជញ្ចូនខុសច្បាប់ព្រមទាំងការកាត់បន្ថយ និងតម្រឹមការនាំចូល ដោយជំនួសមកវិញឲ្យមានការបញ្ជាទិញត្រីនៅតាមកសិដ្ឋាន តាមស្រះ និងតាមថង់ផ្លាស់ស្ទីក ក្នុងស្រុក ដែលបានកកស្ទះ និងវិធានការផ្សេងៗទៀត៕ ដោយ៖ សំអឿន
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ