ព័ត៌មានជាតិ
អាជ្ញាធរកំពុងចុះវាយតម្លៃការខូចខាតនិងផលប៉ះពាល់ទ្រព្យសម្បត្តិពលរដ្ឋដោយសារជំនន់ទឹកភ្លៀង
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៥ ខែសីហានេះថា អាជ្ញាធរក្រុងកំពុងចុះវាយតម្លៃការខូចខាតនិងផលប៉ះពាល់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដោយសារជំនន់ទឹកភ្លៀងកាលពីយប់មិញ ហើយនឹងដឹងលទ្ធផលនាពេលឆាប់ៗនេះ។

លោកបានបន្តថា ការចុះវាយតម្លៃផលប៉ះពាល់នេះបន្ទាប់ពីកាលពីនៅយប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ នៅក្នុងក្រុងព្រះសីហនុ ចាប់ពីចន្លោះម៉ោង០៥:០០នាទីល្ងាចដល់ម៉ោង០៨:០០នាទីយប់មានភ្លៀងធ្លាក់ខ្លាំងដោយកម្រិតទឹកភ្លៀងកើនឡើងពីចន្លោះ១២០មម ទៅដល់២៧៩មម សរុបបរិមាណទឹកភ្លៀង ២៨៥៨,១មម បណ្តាលឱ្យទឹកជន់លិចនៅតំបន់ទំនាបមួយចំនួន។
លោកបានបន្តថា ប៉ុន្តែមកដល់ម៉ោង១០:០០នាទីយប់ ទឹកភ្លៀងបានស្រកវិញនៅតាមអូរប្រឡាយសំខាន់ៗនៅក្នុងក្រុងព្រះសីហនុ។

លោក ឃាង ភារម្យ បានបន្តថា បើយោងតាមការព្យាករណ៍ នឹងមានករណីភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ ដូច្នេះរដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុត ដោយស្វែងរកទីតាំងដែលមានសុវត្ថិភាព និងកុំចាកចេញពីផ្ទះបើគ្មានភាពចាំបាច់ ជាពិសេសកុំធ្វើដំណើរតាមដងផ្លូវជម្រាលភ្នំ និងទីកន្លែងដែលមានទឹកហូរកាត់ខ្លាំងដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមនៅថ្ងៃទី២៤ ខែសីហានេះបានឲ្យដឹងថា ស្ថានភាពធាតុអាកាស ក្នុងសប្ដាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិ ពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតខ្លាំង ហើយទន្ទឹមនោះក៏នឹងអាចកើតមាននៅជ្រលងសម្រាបទាប ITCZសារជាថ្មីផងដែរ ។
បើតាមក្រសួងធនធានទឹកស្ថានភាពបែបនេះនឹងធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់ដែលទាមទារឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ពីគ្រោះថ្នាក់នៃបាតភូតធម្មជាតិទាំងនេះចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។

បើតាមព្យាករណ៍នៅតាមបណ្តាខេត្តជាប់មាត់សមុទ្រអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើនហើយ នៅលើផ្ទៃសមុទ្រអាចមានភ្លៀងធ្លាក់ច្រើន និងរលកសមុទ្រមានកម្ពស់មធ្យម ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


