Connect with us

ព័ត៌មានជាតិ

ករណីជំងឺគ្រុនឈាមថយចុះជាង៦ដង គិតត្រឹមដើមខែកញ្ញានេះ

បានផុស

នៅ

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ បានមានប្រសាសន៍ថា ចាប់ពីខែមករា ដល់ ដើមខែកញ្ញា ឆ្នាំ២០២១នេះ មានកុមារ និងមនុស្សពេញឆ្លងជំងឺគ្រុនឈាមសរុបចំនួន ១,០០២ករណី  និងស្លាប់ចំនួន៣ករណី មានការថយចុះប្រហែលជាង៦ដង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលមានចំនួន ៦,២៩៩ករណី និងស្លាប់ចំនួន៨ករណី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ការថយចុះនៃករណីជំងឺគ្រុនឈាមនេះ អាចបណ្តាលមកពីមានការកើនឡើងនូវចំនួនប្រជាជនមានការយល់ដឹងច្រើន បានមកទទួលសេវាព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ដោយសារគុណភាពសេវា និងសមត្ថភាពផ្តល់សេវារបស់គ្រូពេទ្យព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេស មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកវេជ្ជបណ្ឌិត បានឱ្យដឹងទៀតថា លើសពីនេះទៀតដោយសារតែក្រសួងសុខាភិបាលបានត្រៀមថ្នាំអាបែតបានគ្រប់គ្រាន់ និងបានធ្វើការចែកចាយដល់មន្ទីរសុខាភិបាលនៅទូទាំងប្រទេសបានទាន់ពេលវេលាសម្រាប់ដាក់នៅក្នុងពាង ឬអាងទឹកតាមខ្នងផ្ទះប្រជាពលរដ្ឋដើម្បីសម្លាប់ដង្កូវទឹកដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ជាងនេះទៅទៀត ប្រជាពលរដ្ឋមានការយល់ដឹងខ្ពស់ពីវិធានការអនាម័យ និងបរិស្ថាននៅតាមសហគមន៍បានល្អប្រសើរដូចជា សំអាតលំនៅដ្ឋានបានស្អាត លប់បំបាត់ ឬដុតកំទេចចោល ឬទុកដាក់មានរបៀបរាល់វត្ថុដែលអាចដក់ទឹកបានដូចជា សំបកកង់ឡាន សំបកដប កំប៉ុង ត្រឡោកដូង ចានបាយ កំប៉ុងជ័រ ដែលជាជម្រកនៃការកកើតដង្កូវទឹកជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ រូបនេះបានបន្ថែមថាការអនាម័យខ្លួនប្រាណ លាងសំអាតដៃញឹកញាប់ជាមួយសាប៊ូ អាកុល ឬជែលក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ក៏ជាកក្តាមួយនាំឱ្យជំងឺគ្រុនឈាមមានការថយចុះផងដែរ។

លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់អាណាព្យាបាល មាតាបិតា កុមារាកុមារីគ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋានត្រូវចូលរួមកំចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើង ក្រឡ  ខាប់ ជាដើមនិងអាជីវករ និងម្ចាស់ជីវកម្មទាំងឡាយ ដែលប្រកបរបរពាក់ព័ន្ធនឹងសំបកកង់ឡានម៉ូតូ សូមធ្វើការគ្រប់គ្រងសំបកកង់ទាំងនោះឱ្យមានសុវត្ថិភាព ជៀសផុតពីការដក់ទឹក ដោយមិនត្រូវទុកចោលពាសវាល​ពាសកាល បង្កើតបានជាប្រភពកកើត និងជម្រកមូសខ្លាដ៏គ្រោះថ្នាក់បំផុត ដែលអំណោយផលដល់ការចម្លងជំងឺគ្រុនឈាមកើនឡើង និងអាចឈានទៅរកការរាតត្បាតគ្រប់ពេលវេលា។

ជាមួយគ្នានេះដែរ លោកវេជ្ជបណ្ឌិត បានណែនាំឱ្យកុមារស្លៀកពាក់ខោអាវដៃវែងជើងវែង និងសម្រាន្តក្នុងមុងជាប្រចាំទាំងថ្ងៃទាំងយប់ មិនត្រូវអង្គុយលេងនៅជិតទីកន្លែងងងឹត និងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យនិងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុត និងកុំសាកល្បងព្យាបាលជំងឺដោយខ្លួនឯង ឬពន្យារពេលតាមដាន​ព្យាបាលអ្នកជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ ព្រោះអាចធ្វើឱ្យកុមារស្លាប់បាត់បង់ជីវិតបាន។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបញ្ជាក់ថា កុមារដែលស្លាប់បាត់បង់ជីវិតដោយសារជំងឺគ្រុនឈាមភាគច្រើនបណ្តាលមកពីមាតាបិតា ឬអាណាព្យាបាលបញ្ជួនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋមានការយឺតយ៉ាវ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម