ព័ត៌មានជាតិ
ប្រាសាទបុរាណខ្មែរមួយ កម្រភ្ញៀវទៅដល់ ខណ្ឌដោយទន្លេ ជាប់ព្រំដែនវៀតណាម
នៅក្នុងខេត្តស្វាយរៀង មានប្រាសាទបុរាណតែពីរកន្លែងប៉ុណ្ណោះ ដែលនៅសេសសល់។ ប្រាសាទទាំងពីរនេះក៏ចាស់ទ្រុឌទ្រោមបាក់បែកស្ទើរអស់ដែរ។ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង។
លោកស្រី ឥន្ទ ណាគ្រី ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានថ្លែងប្រាប់កម្ពុជាថ្មីថា ប្រាសាទដែលបាក់បែកសេសសល់ទាំងពីរនេះគឺប្រាសាទព្រៃបាសាក់ ឬប្រាសាទបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង និងប្រាសាទជាហោ នៅស្រុករមាសហែកជាប់ព្រំដែនវៀតណាម។

ប្រាសាទព្រៃបាសាក់ ជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនហ៊ុំព័ទ្ធ។ ប៉ុន្តែគួរឲ្យសោកស្ដាយ ប្រាសាទនេះបានបាក់បែកខ្ទេចខ្ទីតួធ្លាក់រាយប៉ាយនៅសល់តែគ្រឹះឥដ្ឋ និងគ្រោងជញ្ជាំងនៅសល់បន្តិចបន្តួចប៉ុណ្ណោះ។
ទាក់ទងប្រវត្តិក្នុងការស្ថាបនាប្រាសាទនេះ បើតាមលោកស្រីប្រធានមន្ទីរមិនទាន់មានឯកសារបញ្ជាក់ច្បាស់នៅឡើយ ដោយសាររូបរាងប្រាសាទបាក់បែកស្ទើរអស់ទៅហើយ។ ការស្រាវជ្រាវខ្លះៗថា កសាងក្នុងកំឡុងសតវត្សទី ៩ ឬទី ១០។

ទោះបីប្រាសាទព្រៃបាសាក់បាក់បែកសល់តែគ្រឹះ ប៉ុន្តែអាជ្ញាធរបានអភិវឌ្ឍទៅជារមណីយដ្ឋានទេសចរណ៍ មានរៀបចំហេដ្ឋារចនាសម្ព័ន្ធមានផ្លូវបេតុង និងខាងក្នុងរមណីយដ្ឋានប្រាសាទ ដែលតែងតែមានភ្ញៀវទេសចរណ៍មកលេងឥតដាច់។
ដោយឡែកប្រាសាទមួយទៀតដែលបន្សល់ទុកនៅខេត្តស្វាយរៀងគឺប្រាសាទជាហោ នៅជាប់ព្រំដែនវៀតណាម។ ប្រាសាទជាហោ ជាប្រាសាទមួយមានវ័យចំណាស់កសាងអំពីឥដ្ឋតាន់ បច្ចុប្បន្ននៅរូបរាងជាង ៨០ភាគរយ។ ប្រាសាទនេះមានទីតាំងនៅជាប់ព្រំដែនវៀតណាម ខណ្ឌដោយទន្លេ ដែលថ្ងៃក្រោយអាចអភិវឌ្ឍទៅជារមណីយដ្ឋានសម្រាប់បម្រើវិស័យទេសចរណ៍។
យ៉ាងណាមិញ បើតាមប្រធានមន្ទីរវប្បធម៌ខេត្តស្វាយរៀង បច្ចុប្បន្ននេះការធ្វើដំណើរទៅប្រាសាទជាហោមានការពិបាកបន្តិច ដោយសារផ្លូវមានការខូចខាត។ ដើម្បីថែរក្សាការពារប្រាសាទ មន្ទីរក៏បានរៀបចំឲ្យមានឆ្មាំនៅមើលការខុសត្រូវផងដែរ។

ប្រាសាទជាហោ ស្ថិតនៅភូមិព្រៃក្តី ឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង។ បើធ្វើដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ១ ដល់ចំណុចផ្លូវបំបែកជាបួន ស្ថិតក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង គឺបត់ឆ្វេងទៅតាមផ្លូវជាតិលេខ៣១៣ D ឆ្ពោះទៅទីប្រជុំជនស្រុករមាសហែក មានចម្ងាយ៤៤គីឡូម៉ែត្រ ហើយបន្តដំណើរពីសាលាស្រុករមាសហែក ទៅជើងចម្ងាយប្រមាណ ១៦គីឡូម៉ែត្រ ដល់កែងសាលាឃុំអម្ពិល បត់ស្តាំទៅកើតចម្ងាយ១៧គីឡូម៉ែត្រ ដល់ប្រាសាទជាហោ ។
ប្រសិនបើចេញដំណើរពីរាជធានីភ្នំពេញតាមផ្លូវជាតិលេខ ៨ ដល់ចំណុចផ្លូវបំបែក ស្ថិតនៅភូមិក្របៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង បត់ស្តាំតាមផ្លូវជាតិលេខ៣១៣D ចម្ងាយ១៣គីឡូម៉ែត្រ ឆ្ពោះមកសាលាឃុំអម្ពិល ស្រុករមាសហែក បត់ឆ្វេង១៧គីឡូម៉ែត្រ នឹងទៅដល់ប្រាសាទជាហោហើយ។ បច្ចុប្បន្នប្រាសាទជាហោពុំសូវមានអ្នកស្គាល់ ឬភ្ញៀវទេសចរណ៍ទៅលេងកម្សាន្តច្រើនទេ។
ក្រៅពីប្រាសាទព្រៃបាសាក់និងជាហោដែលនៅសេសសល់ មន្រ្តីមន្ទីរវប្បធម៌ខេត្តស្វាយរៀងបានឲ្យដឹងថា នៅខេត្តស្វាយរៀងបានរកឃើញទួលបុរាណសរុបចំនួន ៧៣៦ រួមទាំងចេតិយបុរាណ និងវិហារបុរាណមួយចំនួនទៀតផងដែរ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ២១ ម៉ោង agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ២១ ម៉ោង agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


