ព័ត៌មានជាតិ
អ្នកវិនិយោគជនជាតិ កូសូវ័រ ប្រកាសជឿជាក់លើប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចរបស់កម្ពុជា
អ្នកវិនិយោគជនជាតិ កូសូវ័រ (KOSOVAR) បានសម្តែងការជឿជាក់យ៉ាងខ្លាំងលើប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចរបស់ប្រទេសកម្ពុជា ដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងអះអាងថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា មានកម្រិតមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួនក្នុងសកលលោក។
ការលើកឡើងរបស់អ្នកវិនិយោគជនជាតិ កូសូវ័រ (KOSOVAR) រូបនេះ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ និងក្រោយពីលោកទទួលបានយុត្តិធម៌ តាមរយៈសេចក្តីសម្រេចរបស់តុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដែលសម្រេចឲ្យលោកបានរួចផុតពីការចោទប្រកាន់ទាំងអស់។
ថ្លែងនៅក្នុងសន្និសីទនោះ លោក DENIS COKOVIC ហៅ DENIS DENY អាយុ៥៤ឆ្នាំលើកឡើងតាមរយៈអ្នកបកប្រែថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ជាប្រព័ន្ធយុត្តិធម៌មួយក្នុងកម្រិតមួយខ្ពស់ បើប្រៀបធៀបទៅនឹងបណ្ដាប្រទេសមួយចំនួន គឺមិនមានកម្រិតស្មើប្រពន្ធយុត្តិធម៌នៅកម្ពុជានោះទេ។ លោកថា “កម្ពុជា គឺជាតម្លៃស្នូល នៃប្រព័ន្ធយុត្តិធម៌របស់ខ្លួន ដែលមានលក្ខណៈយុត្តិធម៌ និងមានតុល្យភាពគ្នា។ នីតិរដ្ឋនៅកម្ពុជាមានកម្រិតខ្ពស់មួយ ហើយសិទ្ធិមនុស្សក៏បានគាំពារនៅក្នុងកម្រិតមួយអតិបរមា។ ចំណែកស្ថាប័ននានា ក៏បានចាត់ចែងក្នុងកម្រិតមួយដ៏គួរឱ្យកត់សម្គាល់ផងដែរ ដែលខ្ញុំគិតថា មិនមានអ្វីមានលក្ខណៈខ្ពស់ជាងនេះទៀតទេ”។

បើតាមលោក DENIS “កម្ពុជា និងរាជរដ្ឋាភិបាលបច្ចុប្បន្ន ស្ថិតនៅក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចនាយករដ្ឋមន្ត្រី តេជោ ហ៊ុន សែន បាននឹងកំពុងពង្រឹង និងពន្លឿននូវការអភិវឌ្ឍន៍ ដែលមានភាពយ៉ាងសស្រាក់សស្រាំ និងគាំពារយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគបរទេស ដែលចាប់អារម្មណ៍មកវិនិយោគនៅប្រទេសកម្ពុជា។ សម្រាប់វិនិយោគិនដូចជារូបខ្ញុំនេះជាដើម យល់ឃើញថា វាមានកាលានុវត្តភាពសម្រាប់ប្រជាពលរដ្ឋ ឬសម្រាប់អ្នកដែលចង់ដើរលើវិថីជីវិតណាមួយ ដើម្បីលើកកម្ពស់នូវជំនឿរបស់ខ្លួន ក៏ដូចជាប្រើប្រាស់នូវជំនាញសមត្ថភាពរបស់ខ្លួនសម្រាប់ធ្វើឲ្យប្រសើរឡើងដល់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាបំពេញឲ្យបាននូវទីផ្សារសាកល”។
លោកថា ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលសម្បូរទៅដោយយុវជនច្រើនជាងគេនៅលើពិភពលោក ដែលមានលក្ខណៈវ័យក្មេងប្រកបដោយលក្ខណៈជំនាញរបស់ពួកគេ នៅគ្រប់ស្ថាប័នឧស្សាហកម្ម ដែលបច្ចុប្បន្ននេះសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុងជំរុញយ៉ាងផុសផុល ក្នុងការលើកកម្ពស់វិស័យអប់រំ វិស័យធនធានមនុស្ស ដើម្បីបំពេញតម្រូវការចាំបាច់ នៃកម្លាំងការងារក្នុងសតវត្សទី២១នេះ ដែលនេះ គឺជាបរិបទ នៃការគាំទ្រដ៏រឹងមាំដល់កសិឧស្សាហកម្មកម្ពុជា។ លោកថា មុននឹងឈានជើងចូលប្រទេសកម្ពុជា លោកបានសិក្សាច្រើនពីកម្ពុជា ហើយនៅពេលលោកជួបបញ្ហាផ្ទាល់ខ្លួននេះ បានដាស់តឿនឲ្យគាត់កាន់តែជឿជាក់លើប្រព័ន្ធដឹកនាំរបស់កម្ពុជា។ ពីព្រោះ “ខ្ញុំគឺជាសាក្សីរស់ផ្ទាល់ ហើយខ្ញុំ គឺជាអ្នករងបទពិសោធន៍ផ្ទាល់របស់ខ្ញុំ នៅពេលដែលខ្ញុំទទួលនូវទុក្ខលំបាកទាំងអស់នេះ ខ្ញុំបានដឹង ខ្ញុំបានជឿជាក់ ហើយមានដៃគូជាច្រើនបានជួយជ្រោមជ្រែងខ្ញុំ ដែលនេះ ខ្ញុំមិនដែលឃើញប្រជាជាតិណាមួយបានយកចិត្តទុកដាក់ទៅលើការដែលខ្ញុំមានបញ្ហាបែបនេះនោះទេ ហើយខ្ញុំដឹងថា អ្វីដែលជាការដឹកនាំរបស់ស្ថាប័នរដ្ឋ ខុសហើយនឹងត្រូវ គឺបានបែងចែក ការពារសិទ្ធិរបស់ខ្ញុំមួយរយភាគរយ ដែលនេះហើយ ធ្វើឲ្យខ្ញុំមានចិត្តបន្តគៀងគរភាគីខាងក្រៅ ឲ្យចូលមកវិនិយោគនៅប្រទេសកម្ពុជា ហើយការដែលខ្ញុំទទួលយុត្តិធម៌នៅថ្ងៃនេះ ធ្វើឲ្យខ្ញុំរីករាយយ៉ាងខ្លាំង ហើយគ្រប់គ្នាសុទ្ធតែបានគាំទ្រខ្ញុំគ្រប់ពេលវេលាទាំងអស់”។
ឆ្លើយតបសំណួរអ្នកសារព័ត៌មាន លោក DENIS ថ្លែងថា លោកមានគម្រោងជាច្រើននៅប្រទេសកម្ពុជា ហើយគម្រោងនីមួយៗ មានចាប់ពី៥ ទៅ៦ ឆ្នាំ ដូច្នេះលោកនឹងរស់នៅប្រទេសកម្ពុជារហូតដល់ចប់គម្រោងរបស់លោក តែលោកក៏មិនដឹងថា គម្រោងនឹងចប់នៅពេលណាដែរ ពីព្រោះគម្រោងមានច្រើន។ លោកថា “ជាថ្មីម្ដងទៀត ខ្ញុំមានការជឿជាក់យ៉ាងពេញទំហឹងតែម្ដងលើប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចរបស់កម្ពុជា ក៏ដូចជាស្ថាប័នផ្សេងៗ គឺជាអ្វីដែលខ្ញុំកោតសរសើរ នឹងមានភាពកក់ក្តៅនៅពេលនេះ”។ បាទខ្ញុំចង់សម្តែងការដឹងគុណចំពោះព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិដ៏ធំនិង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចំពោះភាពជាអ្នកដឹកនាំដែលបានផ្តល់នូវសន្តិភាពនិងវិបុលភាព ដល់ព្រះរាជាណាចក្រកម្ពុជានិងប្រជាជនទាំងអស់នៅកម្ពុជា។
ជាមួយគ្នានោះ លោក DENIS បានថ្លែងអំណរគុណចំពោះតុលាការគ្រប់កម្រិតនៅកម្ពុជា ជាពិសេសតុលាការកំពូល ដែលបានជួយលោកក្នុងការស្វែងរកយុត្តិធម៌។ លោកថា “ប្រសិនបើមានឱកាស ខ្ញុំចង់ជួបសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើម្បីបង្ហាញពីការដឹងគុណ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដក្នុងការវិនិយោគនៅកម្ពុជា៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី