ព័ត៌មានជាតិ
រដ្ឋមន្ត្រីការបរទេស៖ ជប៉ុន ជាស្ថាបត្យករដ៏សកម្មក្នុងដំណើរការស្វែងរកសន្តិភាព និងកសាងកម្ពុជាឡើងវិញ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា ប្រទេសជប៉ុនបាន និងកំពុងជួយគាំទ្រកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយជប៉ុន គឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍។

ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើឡើងខណៈលោកអញ្ជើញចុះហត្ថលេខាជាមួយលោក មិកាមិម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា លើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទាន និងហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្នុងទំហំទឹកប្រាក់សរុបទាំងអស់ ៧.៩៣៦ លានយ៉េន (ប្រាំពីរពាន់ប្រាំបួនរយសាមសិបប្រាំមួយលានយ៉េន) (ប្រមាណ៧២ លានដុល្លារអាមេរិក) ដើម្បីរួមចំណែកដល់ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ នៅទីស្ដីការក្រសួងការបរទេស។

ថ្លែងនៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានលើកឡើងថា ពិធីចុះហត្ថលេខានៅពេលនេះ គឺជាសក្ខីភាពនៃការបន្តជួយគាំទ្ររបស់ជប៉ុនដល់កម្ពុជា បើទោះបីជាមានការរីករាលដាលនៃជំងឺកូវីដ-១៩ក្តី ហើយដែលជាការជួយគាំទ្រយ៉ាងរឹងមាំដល់ការអភិវឌ្ឍនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ប្រទេសជប៉ុនបាន និងកំពុងជួយគាំទ្រដល់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងវ៉ាក់សាំង ហើយដែលជំនួយសប្បុរសធម៌ទាំងនេះ ឆ្លុះបញ្ចាំងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសកម្ពុជា និងជប៉ុន ព្រមទាំងបានរួមចំណែកដល់យុទ្ធនាការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសរបស់កម្ពុជា។

បើតាមលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា ជំនួយរបស់ជប៉ុន បាន និងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម និងធនធានមនុស្សនៅកម្ពុជា។ ជាងនេះទៅទៀត ប្រទេសជប៉ុន គឺជាស្ថាបត្យករ ដ៏សកម្មនៅក្នុងដំណើរការស្វែងរកសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងបានរួមចំណែកយ៉ាងសំខាន់បំផុតដល់ដំណើរការកសាងប្រទេសកម្ពុជាឡើងវិញក្រោយសង្រ្គាមហែកហួរប្រទេស និងការបំផ្លិចបំផ្លាញអស់ជាច្រើនទសវត្សរ៍។
ជាមួយគ្នានោះ លោកបានថ្លែងអំណរគុណ ជាពិសេសចំពោះលោកឯកអគ្គរាជទូត បុគ្គលិកស្ថានទូត និងអង្គការចៃការ (JICA) ជប៉ុន ដែលបានប្តេជ្ញាជួយដល់ការអភិវឌ្ឍរយៈពេលវែងនៅកម្ពុជា និងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ។
សូមបញ្ជាក់ថា ជំនួយរបស់ជប៉ុន បានពេលនេះសម្រាប់អនុវត្តគម្រោងចំនួន៦ រួមមាន៖
ទី១. ឥណទានសម្បទាន៖
ក- គម្រោង “ពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតខេត្តសៀមរាប (ដំណាក់ កាលទី២)” ដែលមានទឹកប្រាក់សរុប ៦.៣៣៦ លានយ៉េន (ប្រមាណ ៥៨,២១ លានដុល្លារ អាមេរិក)។
ទី២. ហិរញ្ញប្បទានឥតសំណង៖
ក- គម្រោងគាំទ្រដំណើរការកសាងផែនការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព លើផ្ទៃដីបោសសម្អាត ដែលមានទឹកប្រាក់សរុប ២០០ លានយ៉េន (ប្រមាណ ១,៨ លានដុល្លារអាមេរិក)។
ខ- គម្រោងសម្ភារៈបច្ចេកទេស សម្រាប់មន្ទីរពិសោធន៍ជាតិសំណង់ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉េន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)។
គ- សម្ភារៈបច្ចេកទេស សម្រាប់ស្ថានីយវាស់វែងអចិន្ត្រៃយ៍ និងមជ្ឈមណ្ឌលទិន្នន័យ ដែលមានទឹកប្រាក់សរុប ២៥០ លានយ៉ន (ប្រមាណ ២,២៧ លានដុល្លារអាមេរិក)។
ឃ- គម្រោងបំពាក់ឧបករណ៍សម្ភារៈ និងបរិក្ខារបច្ចេកទេសសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលមានទឹកប្រាក់សរុប ៤០០ លានយ៉េន (ប្រមាណ ៣,៦៣ លានដុល្លារអាមេរិក)។
ង- គម្រោងបំពាក់សម្ភារៈបរិក្ខារ និងគ្រឿងម៉ាស៊ីន ក្នុងវិស័យឧស្សាហកម្មគ្រឿងយន្ត អេឡិចត្រូនិច និងមេកានិក នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានទឹកប្រាក់សរុប ៥០០ លានយ៉េន (ប្រមាណ ៤,៥៤ លានដុល្លារអាមេរិក)៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


