Connect with us

ព័ត៌មានជាតិ

មន្ត្រីក្រសួងអប់រំ ផ្ញើសារ៣ចំណុច មុនបើកដំណើរ​ការសិក្សា​​​ទូទាំងប្រទេស ១ វិច្ឆិកា

បានផុស

នៅ

ការបើកដំណើរការគ្រឹះស្ថានសិក្សាគ្រប់កម្រិតសម្រាប់ការរៀន និងបង្រៀនតាមបណ្តុំនៅរាជធានី-ខេត្តដែលមានហានិភ័យទាប បាន និងកំពុងប្រព្រឹត្តទៅដោយមានលទ្ធផលអាចទទួលយកបានតាមការគ្រោងទុក ទន្ទឹមនឹងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដារ និងវិធានការសុខាភិបាលដូចមានចែងក្នុងលិខិតលេខ៤៦ និង៥០។ យោងលើលទ្ធផលនេះ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជន និងកីឡា នឹងពង្រីកវិសាលភាពបើកដំណើរការបង្រៀន និងរៀនតាមបណ្ដុំសម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅគ្រប់កម្រិត គ្រឹះស្ថានឧត្តមសិក្ សាសាធារណៈ និងឯកជន និងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី២៦ ខែតុលានេះថា ការពង្រីកវិសាលភាពនេះត្រូវ អាស្រ័យលើស្ថានភាពជំងឺកូវីដ-១៩ ចំនួន២គឺ ភូមិសាស្រ្តដែលអាចគ្រប់គ្រងជំងឺកូវីដ-១៩បាន និងភូមិសាស្រ្តដែលមានហានិភ័យមធ្យម និងខ្ពស់ ដោយបន្តអនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្របតាមវិធានការសុខាភិបាល។

លោក រស់ សុវាចា មានប្រសាសន៍បន្ថែមថា៖ “ខ្ញុំសូមអនុញ្ញាតគោរពផ្ញើរសារ៣ចំណុចជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមាតាបិតា និងសិស្សានុសិស្សដូចខាងក្រោម÷

១. ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនចំពោះ បុគ្គលិកអប់រំ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ និងគ្រប់ភាគីពាក់ព័ន្ធដែលបានចូលរួមលើកកម្ពស់ការបង្រៀន និងរៀនមុន និងក្នុងបរិបទកូវីដ-១៩។

២. ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់មាតាបិតាសិស្សានុសិស្ស មេត្តាបន្តជួយដំណើរការរៀនសូត្រតាមគន្លងជីវិតថ្មី នៃវិស័យអប់រំក្រោយថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២១។ ខ្ញុំយល់ច្បាស់ពីគ្រាដ៏លំបាកមួយនេះ ដែលទាមទារឱ្យបន្តមានការជួយជ្រោមជ្រែងពីមាតាបិតា។

៣. សូមមាតាបិតាចូលរួមក្នុងគណៈកម្មការគ្រប់គ្រងសាលារៀន ដើម្បីសហការផ្ដល់ព័ត៌មាន។ សូមមាតាបិតាបន្តលើកទឹកចិត្ត និងជួយសិស្សានុសិស្សឱ្យអនុវត្តលំហាត់ និងរៀនបន្ថែមនៅផ្ទះ។ សូមមាតាបិតារៀបចំចំណីអាហារ និងទឹកឱ្យកូនយកមកសាលារៀន។ សូមក្មួយតូចៗ ញ៉ាំឱ្យគ្រប់ គេងឱ្យគ្រាន់ ទឹកឱ្យក្រែល។ សូមបងប្អូនចាំថា ចាក់វាក់សាំងហើយ ចូរកុំកន្តើយ ត្រូវកៀកកើយ ៣កុំ៣ការពារ”។

លោក រស់ សុវាចា បានបញ្ជាក់បន្ថែមថា ក្រសួងអប់រំ យុវជន និងកីឡាគាំទ្ររាជរដ្ឋាភិបាល ក្នុង ការណែនាំឱ្យស្ថាប័នរដ្ឋ និងឯកជន ធ្វើតេស្តររហ័សរកមេរោគកូវីដ-១៩ ជូនបុគ្គលិក របស់ខ្លួនក្រោយឈប់សម្រាកថ្ងៃបុណ្យភ្ជុំ។ ក្រសួងអប់រំ យុវជន និងកីឡា លើកទឹកចិត្តគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន រួមទាំងបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ធ្វើ តេស្តរហ័ស ក្រោយឈប់សម្រាកថ្ងៃបុណ្យភ្ជុំ តាមធនធាន និងលទ្ធភាពជាក់ស្តែង ក្រោមកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ គ្រប់គ្រង និងទប់ស្កាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម